ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាង​ជើង«បណ្តាល​ឱ្យ​មាន​ការគំរាម​កំហែង​សន្តិសុខ​យ៉ាង​ខ្លាំង»


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ញញឹមអំឡុងពេលជំនួបរបស់ពួកគេនៅអាកាសយានដ្ឋានអន្តរជាតិ Pyongyang Sunan នៅខាងក្រៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ញញឹមអំឡុងពេលជំនួបរបស់ពួកគេនៅអាកាសយានដ្ឋានអន្តរជាតិ Pyongyang Sunan នៅខាងក្រៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeolបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី​«បណ្តាល​ឱ្យ​មាន​ការគំរាម​កំហែង​សន្តិសុខ​ដ៏​ខ្លាំង​ដល់​សហគមន៍​អន្តរជាតិ»។

ការអត្ថាធិប្បាយ​នៅឯ​ជំនួប​របស់​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី Yoonនិយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ការបញ្ជូន​កងទ័ព​កូរ៉េ​ខាង​ជើង​ទៅកាន់​សមរភូមិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​កើត​មាន​ឡើង«យ៉ាង​ឆាប់​រហ័ស​ជាង​ការរំពឹង​ទុក»។ នេះ​បើ​តាម​ការវាយ​តម្លៃ​ការស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង។

ក្រសួង​ការពារ​ជាតិ​សហដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កងទ័ព​ប្រហែល១ម៉ឺន​នាក់​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​ច្រើន​ជាង៣ ដង​នៃ​ការប៉ាន់ស្មាន​កាលពី​ពេល​មុន។

អ្នក​ស្រី Sabrina Singh អ្នក​នាំពាក្យ​រង​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅឯ​មន្ទីរបច្ចៈកោណ​ថា«យើង​ជឿ​ថា​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ទាហាន​ទាំង​អស់​ប្រហែល១ម៉ឺន​នាក់​ទៅ​ហ្វឹកហាត់ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​រុស្ស៊ី​ ដែល​នឹង​ប្រហែល​បន្ថែម​កងទ័ព​រុស្ស៊ី​នៅជិត​អ៊ុយក្រែន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ»។

អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា«មួយ​ផ្នែក​នៃ​ទាហាន​ទាំង​នោះ​បាន​រំកិល​ខិត​កាន់តែ​ជិត​ទៅ​នឹង​ប្រទេស​អ៊ុយក្រែន​ហើយ យើង​មាន​ការព្រួយ​បាម្ភ​យ៉ាង​ខ្លាំង​ថា​ រុស្ស៊ី​មាន​បំណង​ប្រើ​ប្រាស់​ទាហាន​ទាំង​អស់​នោះ​នៅ​ក្នុង​ការប្រយុទ្ធ​ឬគាំទ្រ​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ Kurskនៃ​ប្រទេស​រុស្ស៊ី​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អង្គការ​អូតង់​បាន​បញ្ជាក់​ថា ​ទាហាន​កូរ៉េ​ ៣ពាន់​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ុយក្រែន​ហើយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​ជា​ទីកន្លែង​ដែល​កងទ័ព​អ៊ុយក្រែន​បាន​ឈ្លានពាន​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពី​ខែ​សីហា​ ហើយ​នៅ​កាន់កាប់​ទឹកដី​នោះ​នៅ​ឡើយ។

អគ្គលេខាងធិការ​អង្គការ​អូតង់​បាន​និយាយ​ថា ​ការបញ្ជូន​កងទ័ព​កូរ៉េ​ខាង​ជើង​ជា​សញ្ញា​មួយ​នៃ«ការអស់សង្ឃឹម​កាន់តែ​ខ្លាំង​ឡើង»ស្តីពី​ផ្នែក​មួយ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin។ លោក Rutteបាន​បន្ថែម​ទៀត​ថា​ កងទ័ព​រុស្ស៊ី​ជាង៦សែន​នាក់​បាន​ត្រូវ​សម្លាប់​ឬ​រងរបួស​ចាប់តាំងពី​ការឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២២​មក៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press, Agence France-Presse និង Reuters

XS
SM
MD
LG