ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់មីស៊ីលស្វ័យនាំផ្លូវជាច្រើនគ្រាប់ចូលក្នុងសមុទ្រ


មីស៊ីល​ស្វ័យ​នាំផ្លូវ​ដែលមានឈ្មោះថា Pulhwasal-3-31 របស់​កូរ៉េខាងជើង​ ត្រូវបានបាញ់សាកល្បង​នៅ​ទីតាំងមួយ ក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។ (KCNA via REUTERS)
មីស៊ីល​ស្វ័យ​នាំផ្លូវ​ដែលមានឈ្មោះថា Pulhwasal-3-31 របស់​កូរ៉េខាងជើង​ ត្រូវបានបាញ់សាកល្បង​នៅ​ទីតាំងមួយ ក្នុងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។ (KCNA via REUTERS)

យោធា​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មីស៊ីល​ស្វ័យ​នាំផ្លូវ​ជាច្រើន​គ្រាប់​ទៅ​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​លិច​នៃ​ប្រទេស​នោះ។ ការ​វិភាគ​លើ​រូបភាព​តាម​ផ្កាយរណប​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា កូរ៉េ​ខាងជើង​បាន​វាយ​កម្ទេច​ចោល​នូវ​បូជនីយដ្ឋាន​រាង​ដូច​ធ្នូ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ដែល​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​គូ​សត្រូវ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un កាលពី​សប្តាហ៍​មុន បាន​ពណ៌នា​បូជនីយដ្ឋាន​នោះ​ថា​ជា​វត្ថុ​ទើសភ្នែក និង​បាន​ស្នើ​ឱ្យ​វាយ​កម្ទេច​ចោល។ ស្រប​ពេល​នោះ​ដែរ លោក​បាន​ប្រកាស​ថា ប្រទេស​កូរ៉េ​ខាងជើង​នឹង​លះបង់​ចោល​នូវ​គោល​បំណង​ដ៏​យូរ​អង្វែង​របស់​ខ្លួន​អំពី​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង និង​បាន​បញ្ជា​ឱ្យ​តាក់តែង​រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាងជើង​ឡើងវិញ​ ដោយ​កំណត់​ដាក់​កូរ៉េ​ខាងត្បូង​ថា​ជា​សត្រូវ​បរទេស​ដ៏​អរិភូត​បំផុត​របស់​ខ្លួន។

ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា​កន្លង​មក​នេះ​គឺជា​ការ​បាញ់​មីស៊ីល​លើក​ទីពីរ​របស់​ប្រទេស​នេះ​នៅ​ក្នុង​ឆ្នាំ ២០២៤ នេះ ដែល​ការ​បាញ់​លើក​ទីមួយ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ១៤ ខែ​មករា។

នៅ​ក្នុង​ការ​បាញ់​លើក​ទីមួយ​នោះ កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ដែល​ប្រើ​ឥន្ធនៈ​រឹង​លើក​ដំបូង​បង្អស់ ដែល​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​អាវុធ​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​អាច​វាយ​ប្រហារ​លើ​មូលដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​ជប៉ុន​និង​នៅ​ដែនដី Guam របស់​អាមេរិក។

ក្រុម​នាយ​សេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ២៤ ខែ​មករា​ថា យោធា​អាមេរិក​និង​កូរ៉េ​ខាងត្បូង​កំពុង​វិភាគ​លើ​ការ​បាញ់​សាកល្បង​លើក​នេះ​របស់​កូរ៉េ​ខាងជើង។ ក្រុម​នាយ​សេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​នេះ​មិន​បាន​បញ្ជាក់​ភ្លាមៗ​អំពី​ចំនួន​មីស៊ីល​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​ឬ​ចំណុច​លម្អិត​ជាក់លាក់​នៃ​ការ​ហោះហើរ​របស់​មីស៊ីល​នោះឡើយ។

ក្រុម​នាយ​សេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យោធា​របស់​យើង​កំពុង​បង្កើន​ការ​ត្រួតពិនិត្យ​និង​ប្រុងប្រយ័ត្ន​និង​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​ស្រប​ពេល​នោះដែរ​តាមដាន​ពិនិត្យ​មើល​នូវ​សញ្ញា​និង​សកម្មភាព​បន្ថែម​ទៀត​របស់​កូរ៉េ​ខាងជើង»។

ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ នៅពេល​ដែល​លោក Kim Jong Un បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​របស់​ខ្លួន និង​បាន​ចេញ​ការ​គំរាមកំហែង​បង្ក​សង្គ្រាម​អាវុធ​នុយក្លែអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​អាស៊ី។

វេបសាយ​ព័ត៌មាន NK News ដែល​ផ្ដោត​លើ​ប្រទេស​កូរ៉េ​ខាងជើង បាន​រាយការណ៍​ថា «បូជនីយដ្ឋាន​តំណាង​ធម្មនុញ្ញ ៣ សម្រាប់​ការ​បង្រួបបង្រួម​ជាតិ​ឡើង​វិញ» នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ដែល​គេ​ហៅ​ជា​ទូទៅ​ថា «ក្លោងទ្វារ​នៃ​ការ​បង្រួបបង្រួម​ឡើងវិញ» ហាក់​ដូចជា​បាន​បាត់​ស្រមោល​នៅ​ក្នុង​រូបភាព​ផ្កាយរណប​ដែល​ក្រុមហ៊ុន Planet Labs បាន​ថត​កាលពី​ព្រឹក​ថ្ងៃ​ទី ២១ ខែ​មករា​កន្លង​ទៅ​នេះ ដោយ​គេ​មិន​ដឹង​ច្បាស់​ថាតើ​បូជនីយដ្ឋាន​នេះ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​នៅ​ពេល​ណា​ឬ​តាម​វិធី​ណា​នោះ​ឡើយ។ ទីភ្នាក់ងារ​សារព័ត៌មាន AP មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​ថា​ពិត​ប្រាកដ​ឬ​ក៏​យ៉ាង​ណា​នោះទេ​អំពី​រឿង​នេះ។

បូជនីយដ្ឋាន​នេះ​មាន​កម្ពស់ ៣០ ម៉ែត្រ​និង​ស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​ល្បឿន​លឿន​មួយ​ឆ្ពោះ​ទៅកាន់​ទីក្រុង Kaesong នៅ​ជិត​ព្រំប្រទល់​ជាមួយ​កូរ៉េ​ខាងត្បូង។

សហរដ្ឋ​អាមេរិក កូរ៉េ​ខាងត្បូង និង​ជប៉ុន​បាន​ពង្រីក​សមយុទ្ធ​យោធា​រួមគ្នា​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង។ លោក Kim Jong Un បាន​ចាត់ទុក​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​ថា​ជា​ការ​ហាត់សម​ដើម្បី​ឈ្លានពាន​លើ​កូរ៉េ​ខាងជើង។

នៅ​ក្នុង​ការ​សងសឹក​ត្រឡប់​ទៅវិញ​លើកនេះ កូរ៉េ​ខាងជើង​បាន​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​បាន​ធ្វើការ​សាកល្បង​ដ្រូន​វាយប្រហារ​ក្រោម​ទឹក​ដែល​មាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​បាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក កូរ៉េ​ខាងត្បូង និង​ជប៉ុន​ ដោយ​កូរ៉េ​ខាងជើង​បាន​បន្ទោស​សត្រូវ​របស់​ខ្លួន​ទាំង​នេះ​ថា​ជា​អ្នក​បង្កើត​ឱ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់។

មីស៊ីល​ស្វ័យ​នាំផ្លូវ​ស្ថិត​ក្នុង​ចំណោម​អាវុធ​ផ្សេងៗ​របស់​កូរ៉េ​ខាងជើង​ដែល​ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ស្រប​ពេល​ដែល​ប្រទេស​នេះ​ព្យាយាម​បង្កើត​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​អាស៊ី។

ចាប់តាំង​ពី​ឆ្នាំ ២០២១ មក កូរ៉េ​ខាងជើង​បាន​សាកល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាច្រើន ដែល​ខ្លួន​អះអាង​ថា​អាច​ហោះ​បាន​រហូត​ដល់​ចម្ងាយ ២.០០០ គីឡូម៉ែត្រ​និង​មាន​សមត្ថភាព​អាច​បំពាក់​នុយក្លែអ៊ែរ​បាន​ផងដែរ។

ខណៈ​ដែល​សកម្មភាព​សាកល្បង​មីស៊ីល​ស្វ័យ​នាំផ្លូវ​របស់​កូរ៉េ​ខាងជើង​មិន​ត្រូវបាន​ហាមឃាត់​ដោយ​ផ្ទាល់​នៅ​ក្រោម​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ អ្នក​ជំនាញ​នានា​បាន​និយាយ​ថា អាវុធ​ទាំង​នោះ​បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ជប៉ុន ព្រោះ​អាវុធ​ទាំង​នោះត្រូវ​បាន​ធ្វើ​ឡើង​ឱ្យ​ហោះ​ដូច​យន្តហោះ​តូច​មួយ​នៅ​លើ​ផ្ទៃ​អាកាស​ដែល​ធ្វើ​ឱ្យ​រ៉ាដា​ពិបាក​ចាប់​បាន។

គេ​ឃើញ​មាន​ក្ដីបារម្ភ​ដែល​ថា​កូរ៉េ​ខាងជើង​អាច​បង្កើន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ។ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងជើង​អាច​មាន​បំណង​បង្កើន​អំណាច​ចរចា​របស់​ខ្លួន​នៅ​ពេល​ដែល​ខ្លួន​មាន​ផែនការ​ធ្វើ​ការ​ចរចា​ក្នុង​ពេល​ខាងមុខ​ជាមួយ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​រូប​ណា​ដែល​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ។

ប្រទេស​កូរ៉េ​ខាងជើង​ក៏​មាន​ប្រវត្តិ​យូរលង់​ផងដែរ​ក្នុង​ការ​បង្កើន​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​គូសត្រូវ​របស់​ខ្លួន នៅពេល​ដែល​ខ្លួន​មិន​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ពី​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG