របាយការណ៍របស់បណ្តាញព័ត៌មានរដ្ឋ KCNA បានចែងថាការធ្វើតេស្តប្រព័ន្ធ Haeil-5-23 ដែលជាឈ្មោះកូរ៉េខាងជើងដាក់ឱ្យដ្រូននុយក្លេអ៊ែរវាយប្រហារក្រោមសមុទ្ររបស់ខ្លួន បានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃក្រសួងការពារជាតិនៅក្នុងសមុទ្រទល់មុខឆ្នេរខាងកើតរបស់ប្រទេស ដោយមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់។
អ្នកនាំពាក្យដែលមិនបានបញ្ចេញឈ្មោះនៃក្រសួងនេះបានចោទសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនថា «ឆ្លេរឆ្លា» ជាមួយសមយុទ្ធយោធា ហើយបានព្រមានអំពី «ផលវិបាកដ៏មហន្តរាយ»។
កងទ័ពជើងទឹកនៃប្រទេសទាំងបីនេះបានធ្វើសមយុទ្ធធម្មតាបីថ្ងៃរហូតដល់ថ្ងៃពុធ ជាមួយនាវាផ្ទុកយន្តហោះ U.S. Carl Vinson ដែលជាផ្នែកមួយនៃការប្រឹងប្រែងរបស់ពួកគេក្នុងការកែលម្អការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
បើតាមសារព័ត៌មាន KCNA អ្នកនាំពាក្យនៃក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា៖ «ការទប់ទល់ផ្អែកលើនុយក្លេអ៊ែរនៅក្រោមទឹករបស់កងទ័ពយើងបានចប់សព្វគ្រប់ ហើយការឆ្លើយតបក្នុងសមុទ្រនិងក្រោមទឹកនឹងបន្តធ្វើឱ្យសកម្មភាពយោធាប្រកបដោយអរិភាពនៃកងទ័ពជើងទឹកអាមេរិកនិងពួកសម្ព័ន្ធមិត្តញញើត»។
ទូរទស្សន៍រដ្ឋនៃកូរ៉េខាងជើងបានផ្សាយអំពីការធ្វើតេស្តតាមអាកាសកាលពីពេលមុនៗ ដែលត្រូវបានឃ្លាំមើលដោយអាជ្ញាធរអាមេរិកនិងកូរ៉េខាងត្បូង តែអាវុធនៅក្រោមទឹកដែលត្រូវបានរាយការណ៍នេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។
ប្រព័ន្ធដ្រូនថ្មីដែលមានឈ្មោះថា Haeil មានន័យថា ស៊ូណាមិ (tsunami) នេះត្រូវបានរាយការណ៍ដំបូងថាបានធ្វើតេស្តកាលពីខែមីនា ឆ្នាំ ២០២៣។ បណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយថា ប្រព័ន្ធដ្រូននេះមានគោលដៅវាយប្រហារក្នុងដែនទឹករបស់សត្រូវនិងបំផ្លាញកងនាវាចម្បាំង ព្រមទាំងកំពង់ផែប្រតិបត្តិការធំៗដោយបង្កើតឱ្យមានរលកវិទ្យុសកម្មធំមួយ តាមរយៈការផ្ទុះក្រោមទឹក។
ការធ្វើតេស្តនៅក្រោមទឹកចុងក្រោយបំផុតត្រូវបានរាយការណ៍ថាធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយកូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលលឿនជាងសំឡេងថ្មីមួយដោយប្រើប្រេងឥន្ធនៈក្នុងវង់ប្រតិបត្តិការមធ្យម។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រុងសេអ៊ូល និងក្រុងតូក្យូបានថ្កោលទោសការបាញ់បង្ហោះនោះថា ជាការរំលោភធ្ងន់ធ្ងរលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខប្រចាំអង្គការសហប្រជាជាតិ។
ប្រេសិតនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្តទាំងបីនេះបានជួបជំនុំគ្នានៅក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ហើយបានថ្កោលទោសពាណិជ្ជកម្មអាវុធរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងជាមួយរុស្ស៊ី និងកំណើនវោហារសាស្ត្រអរិភាព នៅពេលដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានទៅបំពេញទស្សនកិច្ចនៅក្រុងម៉ូស្គូ ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ