មេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវឱ្យពង្រីកការផលិតអាវុធបាញ់មីស៊ីលបន្ថែមទៀត ដែលលោកហៅថាជាការចាំបាច់មួយ ក្នុងការប្រឈមផ្នែកយោធាជាមួយប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធឃោសនារដ្ឋកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា កូរ៉េខាងជើងបានផ្តល់គ្រាប់មីស៊ីបាល្លីស្ទិកនិងអាវុធសម្រាប់បាញ់មីស៊ីលទៅឱ្យប្រទេសរុស្ស៊ី ហើយដែលរុស្ស៊ីបានប្រើប្រាស់វាក្នុងការវាយប្រហារទៅលើទីប្រជុំជនក្នុងប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការមជ្ឈិមកូរ៉េជើង បានបង្ហាញរូបភាពមេដឹកនាំកូរ៉េខាងជើងលោក Kim និងកូនស្រី Ju Ae ដើរមើលរោងចក្រផលិតកាំភ្លើងបាញ់មីស៊ីល ដែលនៅទីនោះលោកបានអំពាវនាវឱ្យផលិតអាវុធប្រភេទនេះឱ្យបានកាន់តែច្រើនថែមទៀត។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ី ដើម្បីដោះដូរជាមួយនឹងការគាំទ្រផ្នែកបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី ដើម្បីលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀត ប៉ុន្តែកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់ទាំងនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា សហរដ្ឋអាមេរិកបានទទួលព័ត៌មានថា រុស្ស៊ីបានប្រើប្រាស់អាវុធបាញ់មីស៊ីលនិងគ្រាប់មីស៊ីលបាលីស្ទិកដែលកូរ៉េខាងជើងផ្តល់ឱ្យ ក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍កន្លងទៅ៕
វេទិកាបញ្ចេញមតិ