ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​ការ​ចរចា​យោធា​ជាមួយ​កូរ៉េ​ខាង​ជើង


បុរស​ម្នាក់​មើល​ទៅ​ទិស​ខាង​ជើង​តាម​រយៈជើង​កញ្ចក់​ដែល​បង្ហញ​ពី​ផែនទី​នៃ​ព្រំដែន​រវាង​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង នៅ​ឧទ្យាន Imjingak Pavilion ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
បុរស​ម្នាក់​មើល​ទៅ​ទិស​ខាង​ជើង​តាម​រយៈជើង​កញ្ចក់​ដែល​បង្ហញ​ពី​ផែនទី​នៃ​ព្រំដែន​រវាង​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង នៅ​ឧទ្យាន Imjingak Pavilion ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​យោធា និង​ការ​ជួបជុំ​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​កូរ៉េ​ឡើង​វិញ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​កាត់​បន្ថយ​នូវ​កត្តា​កើន​ឡើង​ឈាន​ទៅ​រក​ជម្លោះ ពាក់ព័ន្ធ​នឹង​ការ​បន្ត​នូវ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Seo Joo Seok នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយ​ថា៖ «ក្រសួង​ការពារ​ជាតិ​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​យោធា​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ខាង​មុខ​នេះ នៅ​អាគារ Tongilgak ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​ជម្លោះ​នានា ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធា​កាន់តែ​ខ្លាំង​ឡើង​នៅ​ឯ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ‍»។

អាគារ Tongilgak គឺ​ជា​អាគារ​រដ្ឋបាល​កូរ៉េ​ខាង​ជើង​ស្ថិត​ក្នុង​ភូមិ​សន្តិភាព Panmunjom នៅ​ឯ​ព្រំដែន​រវាង​កូរ៉េ​ទាំង​ពីរ ដែល​កាល​ពី​អតីតកាល កន្លែង​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ចរចា​រវាង​កូរ៉េ​ទាំង​ពីរ។ កិច្ច​ពិភាក្សា​កម្រិត​រដ្ឋាភិបាល​រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង លើក​ចុង​ក្រោយ​បង្អស់​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ។

ចាប់តាំង​ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា​មក រដ្ឋាភិបាល​របស់​លោក​បាន​ព្យាយាម​ទាក់ទង​កូរ៉េ​ខាង​ជើង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ដែល​ក្នុង​នោះ​មាន​ដូចជា ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ ការ​ផ្លាស់ប្ដូរ​ផ្នែក​ផ្សេងៗ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ និង​ការ​ធ្វើ​ឲ្យ​ខ្សែ​ទូរសព្ទ​ទំនាក់ទំនង​បន្ទាន់​រវាង​យោធា​របស់​កូរ៉េ​ទាំង​ពីរ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​កាត់​ផ្ដាច់​កាល​ពី​ដើម​ឆ្នាំ ២០១៦ ឲ្យ​មាន​ដំណើរការ​ឡើង​វិញ។

ប៉ុន្តែ កន្លង​មក រដ្ឋាភិបាល​លោក Kim Jong Un បាន​បដិសេធ​នូវ​សំណើ​ទាំង​នេះ។ អ្នក​វិភាគ​នានា​បាន​និយាយ​ថា កូរ៉េ​ខាង​ត្បូង​អាច​មាន​ឆន្ទៈ​ផ្អាក​ការ​ផ្សព្វផ្សាយ​តាម​ប្រដាប់​បំពង​សំឡេង​នៅ​ឯ​ព្រំដែន ដែល​ការ​ផ្សព្វផ្សាយ​នេះ កន្លង​មក​ធ្វើ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​មិន​សប្បាយ​ចិត្ត និង​មិន​ចង់​ភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​ឡើង​វិញ៕

XS
SM
MD
LG