ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសកូរ៉េខាងត្បូងគាំទ្រការបញ្ឈប់សមយុទ្ធយោធារបស់ស.រ.អា.


រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo និង​លោក​ស្រី Kang Kyung-wha រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៤ មិថុនា ២០១៨។
រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Mike Pompeo និង​លោក​ស្រី Kang Kyung-wha រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៤ មិថុនា ២០១៨។

នៅ​ថ្ងៃ​ពុធ​នេះ​ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ត្បូង ​kang Kyung-wha បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា.​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បានសម្រេច​ចិត្តរួម​គ្នាក្នុង​ការ​ផ្អាក​សមយុទ្ធយោធា​រួម​គ្នា​ដែល​មាន​កំណត់​ធ្វើ​ក្នុង​ខែ​សីហា។

ក៏ប៉ុន្តែ​លោក​ស្រី​មិន​បាន​បញ្ជាក់​ថា​ តើ​រដ្ឋាភិបាល​លោក​ស្រី​បាន​ត្រូវ​ប្រាប់​ឱ្យ​ដឹង​ជា​មុន​នៅ​មុន​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ ប្រកាស​អំពី​បំណង​របស់​លោក​ក្នុង​ការ​លុប​ចោល​សមយុទ្ធ​នេះ​នៅ​ក្រោយ​លោក​បានជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ត្បូង​ គីម ជុងអ៊ុន​ នៅ​ក្នុង​ប្រទេសសិង្ហបូរី​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឬ​បែប​ណា​ទេ។​

លោកស្រី​រដ្ឋមន្ត្រី​ kang ​បាន​មាន​ប្រសាសន៍​ថា «យើង​បាន​និយាយ​ច្បាស់​លាស់​ថា​ នេះ​ជា​កាយ​វិការ​សុឆន្ទៈ​មួយ​ដើម្បី​ពង្រឹង​សន្ទុះ​នៃ​ការ​សន្ទនា​គ្នា​នៅ​ចំណុច​នេះ ​ក៏​ប៉ុន្តែ​សមយុទ្ធ​ទាំង​នេះ​មិន​មែន​មិន​អាច​ប្រែ​ក្រឡះ​បា​នទេ។ សមយុទ្ធ​ទាំង​នេះ​អាច​ធ្វើ​បាន​ឆាប់​រហ័ស​ប្រសិន​បើ​យើង​ឃើញ​ថា​ សន្ទុះ​នៃ​ការ​សន្ទនា​គ្នា​បាន​ថម​ថយ​ឬ​ប្រទេស​កូរ៉េខាង​ជើង​មិន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ថា​ធ្វើ​មិន​ឱ្យ​ឧបទ្វីប​កូរ៉េ​មាន​អាវុធ​នុយក្លេអ៊ែរ»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​មានប្រសាសន៍​ថា​ លោក​ស្រី​បាន​ទាក់​ទង​ជិត​ស្និទ្ធ​ដោយ​ផ្ទាល់​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. ​Mike Pompeo ​អំពី​សម​យុទ្ធ​ទាំង​នេះ​នៅ​ក្រោយ​ជំនួប​កំពូល​ក្នុង​ប្រទេសសិង្ហបុរី។​

លោកស្រី​ kang បាន​និយាយ​ថា​នៅ​ពេល​ដែល​មាន​ការ​ប្រកាស​អំពី​ការ​លុប​ចោល​សម​យុទ្ធ​ទាំង​នេះ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ពិចារណា​អំពី​ជម្រើស​នេះ​ដោយ​រក្សា​ឱ្យ​មាន​សន្ទុះ​ខាង​ការទូត​ទៅ​មុខ​ទៀត​នៅ​ក្រោយ​ជំនួប​កំពូល​រវាង​ស.រ.អា.​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​នៅ​ទី​នោះ​លោក ​Kim Jong Un ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​សន្យា​របស់​លោក​ស្តីពី​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុងនៅ​ក្នុងឧបទ្វីប​កូរ៉េ៕

XS
SM
MD
LG