ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ការពារ​ឡើង​វិញ​ទៅ​លើ​កិច្ចព្រមព្រៀង​របស់​លោក​ជាមួយ​នឹង​កូរ៉េខាងជើង


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ បាន​ការពារ​ជា​ថ្មី​ឡើង​វិញ​ទៅ​លើ​កិច្ចព្រមព្រៀង​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​លោក​និយាយ​ថា កិច្ចព្រមព្រៀង​នោះ​បាន​នាំ​ឲ្យ​កូរ៉េខាងជើង​បញ្ចប់​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​ខ្លួន​ និង «កាំជ្រួច​មីស៊ីល​ដែល​ហោះ​ទៅ​គ្រប់​ទី​កន្លែង​ហើយ»។ ​

លោក ត្រាំ បាន​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​ការ​វាយតម្លៃ​របស់​អ្នក​រិះគន់​អាមេរិក​ដែលលើកឡើង​ថា កិច្ចព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​និង​លោក​ គីម នៅ​ឯ​ជំនួប​កំពូល​របស់​ពួកគេ​ក្នុង​ប្រទេស​សិង្ហបុរី​មិន​មាន​លក្ខណៈ​ជាក់លាក់​គ្រប់គ្រាន់​ដើម្បី​ធានា​ថា នឹង​អាច​បញ្ចប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បាន​ទេ។ កិច្ចព្រមព្រៀង​នោះ​បាន​និយាយ​ថា លោក គីម «ធានា​អះអាង​ឡើង​វិញ​ចំពោះ​ការ​ប្តេជ្ញា​ដ៏​មុតមាំ​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​ឧបទ្វីបកូរ៉េ​គ្មាន​នុយក្លេអ៊ែរ ប៉ុន្តែ​មិន​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់លាក់​ឬ​លក្ខខណ្ឌ​សម្រាប់​ការ​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​នៅ​ទីតាំង​ផលិត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ឡើយ។

លោកត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា «គួរ​ឲ្យ​អស់​សំណើច​ណាស់​ដែល​ព័ត៌មាន​ប្រឌិត​ដែល​ប្រឹងប្រែង​សហការ​គ្នា​ចូលចិត្ត​និយាយ​ថា ខ្ញុំ​ផ្តល់​ដល់​ប្រទេស​កូរ៉េខាងជើង​យ៉ាង​ច្រើន ដោយសារ​តែ​ខ្ញុំ​បាន​ជួប​ពួកគេ។ នេះ​គឺ​ដោយសារ​តែ ​ការ​បន្តុះបង្អាប់​គឺ​ជា​អ្វី​ដែល​ពួកគេ​មាន។ យើង​មាន​សន្តិភាព​ច្រើន​ណាស់​នៅ​ក្នុង​ពិភពលោក​ ហើយ​នឹង​បន្ត​មាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត»៕

XS
SM
MD
LG