ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​សម្រេច​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា


អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​អ្នកស្រី Dana White (រូប​ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។
អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​អ្នកស្រី Dana White (រូប​ឆ្វេង) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​មន្ទីរ​បញ្ចកោណ កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨។

មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក និង​មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​បាន​ឯកភាព​គ្នា​លុប​ចោល​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​អ្នកស្រី Dana White បាន​បញ្ជាក់​អះអាង​អំពី​វិធានការ​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ប៉ុន្តែ អ្នកស្រី​បាន​បន្ថែម​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នឹង​នៅតែ​បន្ត​ដដែល។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​សន្យា​ថា​នឹង​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​នេះ បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un កាល​ពី​សប្ដាហ៍​មុន​មក។

កាល​ពី​ឆ្នាំ​មុន សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា «អ្នក​ការពារ​សេរីភាព Ulchi» នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល ១១ ថ្ងៃនិង​មាន​ការ​ចូលរួម​ពី​ទាហាន​អាមេរិក ១ ម៉ឺន ៧ ពាន់ ៥ រយ​នាក់ និង​ទាហាន​កូរ៉េ​ខាង​ត្បូង​ជាង ៥ ម៉ឺន​នាក់ ក៏​ដូចជា​មាន​ការ​ចូលរួម​ពី​ទាហាន​មក​ពី​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស កាណាដា និង​កូឡុំប៊ី​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​បញ្ជាក់​ផង​ដែរ​ថា៖ «ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​ផ្អាក​សកម្មភាព​ដែល​ត្រៀម​រៀបចំ​ឡើង​ទាំង​អស់​ទាក់ទិន​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​អ្នក​ការពារ​សេរីភាព ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាង​មុខ​នេះ»។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ លោក Trump បាន​បញ្ជាក់​នៅ​លើ Twitter ថា វា​ជា​គំនិត​របស់​លោក​នៅ​ក្នុង​ការ​លុប​ចោល​ការ​ធ្វើ​សមយុទ្ធ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំពុង​ចរចា​គ្នា​ដោយ «ស្មោះត្រង់» ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​លោក និង​លោក Kim Jong Un បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី៕

XS
SM
MD
LG