កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងបានបិទបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងប្រទេសសិង្ហបុរី ដោយប្រទេសទាំងពីរប្ដេជ្ញាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ប៉ុន្តែ ចំណុចដែលទំនងជាសំខាន់បំផុតដែលមិនបានបង្ហាញនៅក្នុងកិច្ចព្រមព្រៀងផ្លូវការនៃកិច្ចប្រជុំនេះ គឺការបញ្ជាក់ម្ដងហើយម្ដងទៀតនូវការប្ដេជ្ញារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងការរារាំងអ្វីដែលលោកបានហៅថាជាការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក ត្រាំ បានប្រាប់ VOA បន្ទាប់ពីកិច្ចប្រជុំនេះថា៖ «យើងនឹងបញ្ឈប់ការធ្វើសមយុទ្ធដែលចំណាយអស់ថវិកាជាច្រើនកន្លងមក ដោយសារតែខ្ញុំគិតថា ទីមួយ សមយុទ្ធនេះគឺជាទង្វើបង្កហេតុ។ ខ្ញុំគិតថា ពួកគេសប្បាយចិត្តខ្លាំងណាស់អំពីរឿងនេះ ដោយសារតែវាមានលក្ខណៈបង្កហេតុ។ ប៉ុន្តែ វាចំណាយអស់ថវិកាជាច្រើនដើម្បីធ្វើរឿងនេះ ហើយយើងនឹងមិនធ្វើសមយុទ្ធនេះទៀតទេ ដរាបណាយើងកំពុងចរចាដោយស្មោះត្រង់»។
ប្រទេសកូរ៉េខាងត្បូងមានការប្រយ័ត្នប្រយែងចំពោះការសម្រេចចិត្តដូចនេះរបស់លោក ត្រាំ ដោយអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា៖ «យើងចាំបាច់ត្រូវស្វែងរកអត្ថន័យពិតប្រាកដ ឬក៏គោលបំណងពិតប្រាកដនៃការលើកឡើងរបស់លោកប្រធានាធិបតី ត្រាំ ដូចនេះ»។
អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោកវរសេនីយ៍ឯក Chad Carroll បាននិយាយថា លោក «មិនទាន់ទទួលបានការណែនាំបន្ថែមណាមួយអំពីការអនុវត្ត ឬក៏ការដកខ្លួនចេញពីការធ្វើសមយុទ្ធនេះ ដើម្បីដាក់បញ្ចូលទៅក្នុងកាលវិភាគសមយុទ្ធរដូវក្ដៅ និងរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំនេះ ដែលហៅថា «អ្នកការពារសេរីភាព Ulchi» នោះទេ»៕