ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​នឹង​ប្រកាស​ពី​ការ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​នេះ


ការ​ហ្វឹកហាត់​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង។
ការ​ហ្វឹកហាត់​យោធា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង។

ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ប្រកាស​អំពី​ការ​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា «ទ្រង់ទ្រាយ​ធំ» របស់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​មាន​លក្ខខណ្ឌ​ថា ពួកគេ​នឹង​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​នេះ​ឡើង​វិញ ប្រសិនបើ​ប្រទេស​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​រក្សា​ការ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃ​អាទិត្យ​នេះ។

ដោយ​ស្រង់​សម្ដី​ពី​ប្រភព​រដ្ឋាភិបាល​ដែល​មិន​បញ្ចេញ​ឈ្មោះ ទីភ្នាក់ងារ​ព័ត៌មាន​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ បាន​រាយការណ៍​ថា ការ​ផ្អាក​នេះ​គឺ​សំដៅ​លើ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ មិន​មែន​លើ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​ប្រចាំ​នោះ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង និង​មន្ត្រី រដ្ឋាភិបាល​អាមេរិក​មាន​ការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​លោក​បាន​សន្យា​ថា​នឹង​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ បន្ទាប់ពី​ជំនួប​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​បញ្ចប់​ទៅ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន។

ក្រោយ​ពី​ការ​ប្រកាស​នេះ​ភ្លាមៗ ទាហាន​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ពួកគេ​មិន​បាន​ទទួល​ការ​ណែនាំ​ណា​មួយ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​នេះ​នោះ​ទេ ហើយ​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ពួកគេ​ព្យាយាម​ស្វែង​យល់​អំពី​ថា​តើ​ការ​ធ្វើ​សមយុទ្ធ​មួយ​ណា​ដែល​លោក Trump ចង់​សំដៅ​ទៅ​លើ​នោះ។

កន្លង​មក សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ឈ្មោះ​ថា «អ្នក​ការពារ​សេរីភាព Ulchi» គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​រដូវ​ក្ដៅ​នេះ។ កាល​ពី​ឆ្នាំ​មុន ទាហាន​អាមេរិកាំង​ចំនួន ១ ម៉ឺន ៧ ពាន់ ៥ រយ​នាក់ និង​ទាហាន​កូរ៉េ​ខាង​ត្បូង​ចំនួន ៥ ម៉ឺន​នាក់ បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​អ្នក​ការពារ​សេរីភាព Ulchi នេះ៕

XS
SM
MD
LG