បន្ទាប់ពីប្រទេចិនជិតបញ្ចប់ការសាងសង់មូលដ្ឋានយោធានៅលើកោះក្នុងសមុទ្រចិនខាងត្បូង ការចរចារវាងរដ្ឋាភិបាលក្រុងប៉េកាំងជាមួយប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ជុំវិញការបង្កើតក្រមប្រតិបត្តិកំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំង។
ក៏ប៉ុន្តែក្រុមមន្ត្រីសហរដ្ឋអាមេរិកនិងអ្នកជំនាញបានព្រមានអំពីការបញ្ចូលលក្ខខណ្ឌរបស់ចិនទៅក្នុងសេចក្តីព្រាងនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងប្រហែលជានឹងធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំងមិនចុះសម្រុងនឹងគ្នា។ សេចក្តីពង្រាងនៃក្រមប្រតិបត្តិនេះក៏បានបង្ហាញអំពីការបែកបាក់យ៉ាងខ្លាំងក្នុងចំណោមប្រទេសដែលទាមទារអធិបតេយ្យភាពដែនសមុទ្រនេះផងដែរ។
បទបញ្ញត្តិមួយដែលប្រទេសចិនបានដាក់នៅក្នុងសេចក្តីព្រាងនោះគឺ «ភាគីនានាមិនត្រូវចូលរួមធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសនៅក្រៅតំបន់នោះទេ លុះត្រាតែភាគីពាក់ព័ន្ធទាំងនោះបានជូនដំណឹងជាមុន និងគ្មានការជំទាស់»។
ចិនក៏បានស្នើកិច្ចសហប្រតិបត្តិការលើការធ្វើអាជីវកម្មតាមសមុទ្រដោយបានចែងថា «ភាគីនានាមិនត្រូវធ្វើអាជីវកម្មជាមួយប្រទេសនៅក្រៅតំបន់បានទេ»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA ថាសហរដ្ឋអាមេរិកមានក្តីបារម្ភចំពោះសេចក្តីរាយការណ៍ថាប្រទេសចិនបានដាក់សម្ពាធលើប្រទេសជាសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍តាមរយៈការចរចាបិទទ្វារបង្ខំឲ្យប្រទេសទាំងនោះយល់ព្រមលើលក្ខខណ្ឌរឹតបន្តឹងការធ្វើសមយុទ្ធយោធាជាមួយដៃគូសន្តិសុខ និងយល់ព្រមមិនធ្វើអាជីវកម្មរ៉ុករកប្រេងនិងឧស្ម័ននៅក្នុងដែនទឹកដែលពួកគេទាមទារកាន់កាប់ជាមួយនឹងក្រុមហ៊ុនថាមពលនានាដែលមានមូលដ្ឋាននៅក្នុងប្រទេសដែលមិនបានចូលរួមនៅក្នុងដំណើរការចរចានេះ៕