ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ និង​ចិន​ ទទូច​រួមគ្នា​ជាថ្មី​ឲ្យភាគី​វិវាទ​នៃសមុទ្រ​ចិន​ខាងត្បូង​បញ្ចប់​ក្រម​ប្រតិបត្តិ ​COC ឲ្យបាន​ឆាប់


មេដឹកនាំ​​​បណ្ដា​​ប្រទេស​​មេគង្គ​​ឡានឆាង​​​ចូលរួម​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹកនាំ​​កិច្ច​​សហ​ប្រតិបត្តិការ​​មេគង្គ​​ឡាន​ឆាង​​មេគង្គ​​នៅ​​ភ្នំពេញ ​កាល​ពី​ខែមករា ​ឆ្នាំ២០១៨។​ (អូន ឆេងប៉រ/VOA)​
មេដឹកនាំ​​​បណ្ដា​​ប្រទេស​​មេគង្គ​​ឡានឆាង​​​ចូលរួម​​កិច្ច​​ប្រជុំ​​ថ្នាក់​​ដឹកនាំ​​កិច្ច​​សហ​ប្រតិបត្តិការ​​មេគង្គ​​ឡាន​ឆាង​​មេគង្គ​​នៅ​​ភ្នំពេញ ​កាល​ពី​ខែមករា ​ឆ្នាំ២០១៨។​ (អូន ឆេងប៉រ/VOA)​

ប្រទេស​ចិននិង​កម្ពុជា​បង្ហាញជំហរ​រួមគ្នាជាថ្មី​ដោយ​ទទូច​ដល់ភាគី​នានា​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន ខាងត្បូង​ឲ្យ​បញ្ចប់​ការ​តាក់តែង​ ក្រម​ប្រតិបត្តិ​នៅសមុទ្រ​ចិន​ខាងត្បួង​ហៅថា​ COC ​ឲ្យ​បាន ឆាប់​ដើម្បី​កសាង​សមុទ្រចិន​ខាងត្បូង​ឲ្យក្លាយ​ទៅជា​សមុទ្រ​សន្តិភាព ​មិត្តភាព​ និង​កិច្ចសហ ប្រតិបត្តិការ។​ នេះបើតាម​សេចក្តី​ប្រកាស​រួមរវាង​ចិននិង​កម្ពុជា​ ក្រោយ​ពេល​ដែល​លោក​ លី ខឹឈាង​នាយក​រដ្ឋមន្ត្រី​ចិន​បានបំពេញ​ទស្សនកិច្ច​ពីរថ្ងៃ​ក្នុងប្រទេស​កម្ពុជា ​ហើយបញ្ចប់​នៅថ្ងៃ ព្រហស្បតិ៍​នេះ។

សេចក្តី​ប្រកាស​រួមរវាង​នាយករដ្ឋ​មន្ត្រី​ចិននិង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស កម្ពុជា​នៅថ្ងៃនេះ​បានបញ្ជាក់​ថា៖ ​«ភាគីទាំងពីរ​សូម​សម្តែង​នូវការ​ពេញចិត្ត​ចំពោះ​ស្ថិរភាព​និង​ការ​វិវត្ត​ដ៏ប្រសើរ​ នៃសភាព​ការណ៍​នៅសមុទ្រ​ចិន​ខាងត្បូង​ និង​ សូម​អំពាវនាវ​ឲ្យភាគី​ពាក់​ព័ន្ធ​បន្តការ​អនុវត្ត​ឲ្យពេញ​លេញ​ និងមាន​ប្រសិទ្ធិភាព​នូវ​សេចក្តី​ថ្លែងការណ៍​ស្តីពីការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ (DOC),​ធ្វើឲ្យ​ស៊ីជម្រៅ​នូវកិច្ច​សហប្រតិបត្តិការ​សមុទ្រ​ជាក់ស្តែង, លើក​កម្ពស់​ការ​ពិគ្រោះ​យោបល់​ស្តីពី​ក្រមប្រតិបត្តិ​នៅសមុទ្រ​ចិន​ខាងត្បូង​ (COC) ​និង​សម្រេច COC​ ឲ្យបាន​ឆាប់ដោយ​ឈរលើ​មូលដ្ឋាន​កុងសង់ស៊ុស​(ឯកច្ឆន្ទ)ទៅវិញ​ទៅមក​ និង​កសាង សមុទ្រ​ចិន​ខាងត្បូង​ឲ្យក្លាយ​ទៅជា​សមុទ្រ​សន្តិភាព​ មិត្តភាព​ និង​កិច្ចសហ​ប្រតិបត្តិការ‍»។

បញ្ហ​ជម្លោះ​សមុទ្រចិន​ខាងត្បូង​នៅតែ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ប្រទេស​អាស៊ាន​និង ប្រទេស​ក្នុងតំបន់ ​ហើយនឹង​ពិភពលោក​ ដោយសារ​ចិន​ទាមទារ​គ្រប់គ្រង​សឹងតែ​ទាំងអស់ នៅពេល​ប្រទេស​ក្នុងតំបន់​មួយចំនួន​កំពុង​ទាមទារ​ជាកម្មសិទ្ធ ​ដោយ​ទាមទារឲ្យ​ចិន​គោរព ច្បាប់​និង​គោលការណ៍​អន្តរជាតិ​ ។​ ហើយ​ភាគី​ទាំងឡាយ​កំពុង​តាក់តែង​ក្រម​ប្រតិបត្តិ​ COC មួយ​ដែលអាច​ទប់ស្កាត់​និង​ដោះស្រាយ​បញ្ហានានា​ដែលអាច​កើតឡើង​បាន។​ តែរហូត​មក ទល់​ពេលនេះ​ក្រមប្រតិបត្តិ​ COC ​នៅមិន​ទាន់ចុះ​សម្រុងគ្នា​លើ​គោលការណ៍​សំខាន់ៗ​មួយ ចំនួន​រួមទាំង​ថាតើ​គួរមាន​ស្ថាប័ន​ណាមួយ​ដែលអាច​កាត់សេចក្តី​ចំពោះ​វិវាទនេះ​ទេឬ ​ក៏ប្រើកិច្ច​ចរចា​ទ្វេរភាគី ​ដែលគេគិត​ថាចិន​នៅតែ​មានប្រៀប​នោះ​ឬយ៉ាងណា។ ​ប្រទេស​ចិននិង​អាស៊ាន បាន​បញ្ចប់​គ្រោងឆ្អឹងឬ​ Framework ​នៃក្រមប្រតិបត្តិ​ COC​ រួចហើយ​កាលពី​ឆ្នាំទៅ៕

XS
SM
MD
LG