ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា៖ អាស៊ាន​កំពុង​មាន​ការ​វិវត្តន៍​ជា​វិជ្ជមាន​ ខណៈ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​មាន​ការ​ប្រសើរ​ឡើង


រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជំុកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចប្រជំុកំពូលនៃរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​វិវត្តន៍​ជា​វិជ្ជមាន​នានា​របស់​អាស៊ាន​ ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ដែល​ជា​របៀបវារៈ​មួយ​នៃ​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ កាល​ពី​សប្ដាហ៍​មុន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍។

​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​ ២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ប្រាក់​ សុខុន​ បាន​គូស​បញ្ជាក់​ពី​សន្ទុះ​វិជ្ជមាន​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ចិន​ និង​ជប៉ុន​ ដែល​អាច​នាំមក​នូវ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី​ និង​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ជាមួយ​ឥណ្ឌា​និង​ជាមួយ​អូស្ត្រាលី​ ដែល​ជា​ចំណុច​វិជ្ជមាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ខាងក្រៅ។

ទាក់​ទិន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​ «រយៈកាល​ពីរ​ឆ្នាំ​កន្លង​ទៅ​ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​កសាង​ភាព​ជឿជាក់​ និង​ទំនុក​ចិត្ត​ បាន​នាំ​មក​ឲ្យ​យើង​នូវ​សមិទ្ធផល​ដ៏​សំខាន់៖ ការ​បញ្ចប់​ក្របខ័ណ្ឌ​ការងារ​សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​ចាប់​ផ្ដើម​ជា​ផ្លូវការ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកប​ដោយ​ខ្លឹម​សារ»។

លោក​បាន​ថ្លែង​បន្ថែម​ថា​តាម​ន័យ​ដើម​ថា៖ «បរិយាកាស​ទូទៅ​មាន​សភាព​សមស្រប​សម្រាប់​កិច្ច​ចរចា​ផ្លូវ​ការ​ស្ដីពី​ក្រម​ប្រតិបត្តិ​ (COC) ​ដំណើរ​ការ​ក្រម​ប្រតិបត្តិ​អាច​មាន​រយៈពេល​យូរ​ និង​ស្មុគស្មាញ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ក៏​កំពុង​ដំណើរការ​ទៅមុខ»។

ទាក់ទិន​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ​នៃ​ឧបទ្វីប​កូរ៉េ​ លោក​ បា្រក់​ សុខុន បាន​ឲ្យដឹង​តាម​សេចក្ដី​ប្រកាស​ដដែល​ថា​ ការ​វិវត្តន៍​នា​ពេល​ថ្មីៗនេះ​ គឺ​មាន​ការ​ចាប់​អារម្មណ៍​ លើក​ទឹកចិត្ត​ និង​មិន​ដែល​កើត​មាន​សោះ​នៅ​លើ​ឧបទ្វីប​កូរ៉​ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ។

លោក​ ប្រាក់​ សុខុន​ អះអាង​ថា​ ក្នុង​ឋានៈ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់​ទំនង​ដៃគូ​ សន្ទនា​អាស៊ាន – សាធារណ​រដ្ឋ​កូរ៉េ​ កម្ពុជា​ផ្ដល់​សារសំខាន់​ចំពោះ​ ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ​ និង​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ស្ថិរភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់។

កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ដែល​ប្រទេស​សិង្ហបុរី​បាន​ធ្វើ​ជា​ម្ចាស់​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៧​ ដល់​ថ្ងៃ​ទី​២៨​ខែ​មេសា​ ឆ្នាំ​២០១៨​ ក្រោម​មូលបទ​ ភាព​រឹងមាំ និង​នវានុវត្តន៍ ភាព​របស់​អាស៊ាន នឹង​ឆ្លុះបញ្ចាំង​នូវ​អភិក្រម​ដ៏​សំខាន់​ ដែល​អាស៊ាន​ប្រកាន់​យក​ ដើម្បី​រក្សា​សារៈសំខាន់​របស់​ខ្លួន​ក្នុងនាម​ជា​អង្គការ​តំបន់​ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​នៅ​ក្នុង​ការ​ថែរក្សា​ និង​លើក​កម្ពស់​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

ថ្នាក់ដឹកនាំ​ក្នុង​តំបន់​អាស៊ាន ​ក៏បានពិភាក្សា​ និង​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី​ការ​កសាង​ភាព​រឹងមាំ​ និង​នវានុវត្តន៍​របស់​អាស៊ាន​ ការ​បង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន​ កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​លី សៀនឡុង​ (Lee Hsien Loong) ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ និង​ជាប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​នេះ។

លោក​ លី សៀនឡុង​ (Lee Hsien Loong) ​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហបុរី​ បាន​ថ្លែង​ថា​ អាស៊ាន​ ក៏បាន​ឯក​ភាព​គ្នា​លើ​កិច្ច​ការ​មួយ​ចំនួន​ ក្នុង​នោះ​មាន​សន្ធិសញ្ញា​ការ​ធ្វើ​បត្យាប័ន​របស់​អាស៊ាន​ដែល​បាន​ព្រមព្រៀង​គ្នា​រួចហើយ។​ លោក​ថា​ ប្រទេស​សមាជិក​អាស៊ាន​នឹង​ចាប់ផ្ដើម​ចរចា​គ្នា​ ដើម្បី​អនុវត្តន៍​សន្ធិសញ្ញា​នេះជា​ផ្លូវការ។

លោក​ លី សៀនឡុង បាន​បន្ថែម​ថា​ ការ​កសាង​បណ្ដាញ​ទីក្រុង​ឆ្លាត​របស់​អាស៊ាន​អាច​នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ​នេះ​ ហើយ​កិច្ចសហការ​ការ​ពារ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ គួរតែ​អាច​ចាប់ផ្ដើម​នៅ​ឆ្នាំ​នេះ​ តែ​វា​ក៏​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថែមទៀត៕

XS
SM
MD
LG