ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហ្វ្រិក​ខាង​ត្បូង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ


ផែនទីបង្ហាញពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។ ប្រទេស​នេះ​បាន​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ។
ផែនទីបង្ហាញពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។ ប្រទេស​នេះ​បាន​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ។

គ្រោះ​រាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​មួយ​ ជាមួយ​នឹង​រលក​កម្តៅ​ដ៏​ក្តៅ​កំពុង​តែ​បំផ្លិចបំផ្លាញ​វិស័យ​កសិកម្ម​របស់​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ ខណៈ​ដែល​តំបន់​នៃ​ប្រទេស​នេះ​កំពុង​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​បាតុភូត ​El Nino។

អ្នក​ជំនាញ​ផ្នែក​អាកាសធាតុ​បាន​ពណ៌នាគ្រោះ​រាំង​ស្ងួត​នេះ​ថា​ ជា​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​របស់​អាហ្រ្វិក​ខាងត្បូង​ក្នុង​រយៈពេល​២៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពួកគេ​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​បាតុភូត​ El Nino ដែល​ជា​បាតុភូត​អាកាសធាតុ​សាកល​ កើតឡើង​ដោយ​ការ​កើនឡើង​កម្តៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​នៅ​ក្នុង​ផ្នែក​នានានៃ​តំបន់​អេក្វាទ័រ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​កើត​ឡើង​ជា​រៀងរាល់​ពីរ ឬ​បី​ឆ្នាំ​ម្តង។

អ្នក​ឧតុនិយម​បាន​និយាយ​ថា បាតុកម្ម El Nino នឹង​បណ្តាល​ឲ្យ​មានគ្រោះ​រាំង​ស្ងួត​ និង​គ្រោះ​ទឹក​ជំនន់​នៅភាគ​ខាង​កើត​ និង​ខាង​ត្បូង​នៃ​ទ្វីបអាហ្វ្រិក​ក្នុង​ឆ្នាំ​នេះ។ អាហ្វ្រិក​ខាង​ត្បូង​បាន​ជួប​ប្រទះ​នឹង​រដូវ​ភ្លៀង​ធ្លាក់​តិច​នៅ​ក្រោម​កម្រិត​ធម្មតា​ចំនួន​ពីរ​រដូវ​រួច​ទៅ​ហើយ។ លោក Francois Engelbrecht អ្នក​ស្រាវជ្រាវ​នៃ​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​លើ​ឧស្សាហកម្ម និង​បែប​វិទ្យាសាស្រ្ត ​(CSIR) បាន​និយាយ​ថា ​នៅ​ឆ្នាំ​នេះ​នឹង​មិន​មាន​ភាព​ប្រសើរ​ជាង​មុន​នោះ​ទេ។

«យើង​បាន​ឃើញ​មាន​ការ​កើន​លើស​កំណត់​ត្រា​សីតុណ្ហភាព​នៅ​ឆ្នាំ​នេះ ហើយ​បាតុភូត​ El Nino​ ជា​រឿយៗ​មាន​ផ្សារភ្ជាប់មក​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​នៅ​ក្រោម​កម្រិត​ធម្មតា​នៅ​អំឡុង​ពេល​ពាក់​កណ្តា​ល​រដូវ​ក្តៅ។ ឥឡូវ បាតុភូត​នេះ​នៅ​តែ​បន្ត​បន្ថែម​ទៀត ​គឺ​អំឡុងពេល​ពី​ខែ​ធ្នូ ​ដល់​ខែ​កុម្ភៈ»។

ជា​លទ្ធផល​ កសិករ​ក្នុង​ឆ្នាំ​នេះ​រំពឹង​ថា​ នឹង​ដាំ​ដំណាំ​ពោត​នៅ​លើ​ផ្ទៃ​ដី​តែ​ ២​លាន​ហិកតា​កន្លះ​តែ​ប៉ុណ្ណោះ ​ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​៣.៨​ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ការ​កាត់​បន្ថយ​ទិន្នផល​ដំណាំ ​និង​ការ​ចិញ្ចឹម​សត្វ​ជាមួយ​នឹង​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​ពី​ធនាគារ​នឹង​ប​ណ្តា​ល​ឲ្យកសិករ​ខាតបង់ប្រាក់​ប្រមាណ​ ​៧០០​លាន​ដុល្លារ។

សេដ្ឋ​វិទូ Wandile Sihlobo ​ថា ​វិបត្តិ​នេះ​នឹង​ប៉ះ​ពាល់​ដល់​ការ​ចំណាយរបស់​អ្នកប្រើប្រាស់។

«ផល​ប៉ះ​ពាល់​កើត​ឡើង​នៅ​ទីនោះ។ ចូរ​អ្នក​មើល​លើ​តម្លៃ​ពោត​ឥឡូវ​នេះ​ទៅ។ តម្លៃ​ពោត​មាន​ប្រហែល​ជា​៦៧​ភាគរយ​ខ្ពស់​ជាងកាល​ពី​ឆ្នាំ​មុន​ ហើយ​ពោត​លឿង​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន ​៤៥​ភាគរយ។ ​អ្វីទាំង​នេះ​នឹង​ចូល​ទៅ​ក្នុង​ទីផ្សារ​ ហើយ​ប្រជាជន​នឹង​ចាប់​ផ្តើម​ប្រឈម​នឹង​ផលិត​ផល​ម្ហូប​អាហារ​ថ្លៃ​ជាង​មុន»។

រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រកាស​ថា ខេត្ត Kwazulu Natal និង​ខេត្ត Free States ​ជា​តំបន់​រង​គ្រោះ​មហន្តរាយ​ដោយ​សារ​តែ​កង្វះ​ទឹក។ គេ​រំពឹង​ថា​ អាជ្ញាធរ​នឹង​ប្រកាស​តំបន់​ពីរ​ទៀត​ជា​តំបន់​រងគ្រោះ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ។ តំបន់​ទាំង​ពីរ​នោះ​គឺ ខេត្ត Limpopo និង ខេត្ត Mpumalanga។ សេចក្តី​ប្រកាស​នេះ​បាន​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ដើម្បី​ធ្វើ​អន្តរាគមន៍។

រដ្ឋាភិបាល​បាន​កំណត់​ទឹក​ប្រាក់​ជាង​២៥​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ការ​ខ្វះខាត​ទឹក ដែល​រួម​មាន​រថយន្ត​ដឹក​ទឹក​ចល័ត​ទៅ​ការ​សហគមន៍​រង​ផល​ប៉ះពាល់​ និង​ការ​ជីក​អណ្តូង​ទឹក៕

ប្រែ​សម្រួល​ដោយ ផន បុប្ផា

XS
SM
MD
LG