ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានថ្លែងថា សាលារៀននានាក្នុងប្រទេសនឹងត្រូវបិទរយៈពេល៤សប្តាហ៍ ដើម្បីកម្រិតការឆ្លងនៃវីរុសដែលបង្កជំងឺកូវីដ១៩ ដែលលោកបានពិព័ណ៌នាថាជាព្យុះដែលកំពុងបោកបក់លើប្រទេសនេះ។
បទបញ្ជាបិទសាលារៀននេះកើតមានឡើងមួយសប្តាហ៍ក្រោយពីសហជីពគ្រូបង្រៀនបានទទូចឲ្យអាជ្ញាធរបិទសាលារហូតដល់ដំណាច់ខែសីហា ដោយពួកគេបានលើកឡើងពីកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។
ប្រទេសអាហ្វ្រិកខាងត្បូងនៅពេលនេះមានចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេលំដាប់ទី៥ក្នុងពិភពលោក ដោយមានជាង៤០០.០០០ករណី។
លោក Ramaphosa ថ្លែងថា ការបិទសាលារៀននឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ហើយថ្នាក់រៀននឹងបើកឡើងវិញនៅថ្ងៃទី២៤ ខែសីហា សម្រាប់សិស្សភាគច្រើន៕