សមាជិកកំពូលៗខាងគណបក្សប្រជាធិបតេយ្យ គ្រោងជួបពិភាក្សាជាមួយនឹងមន្ត្រីសេតវិមាននៅថ្ងៃអង្គារនេះ ស្របពេលសមាជិកសភា និងលោកប្រធានាធិបតី Donald Trump ចរចាអំពីកញ្ចប់ថវិកាជំនួយថ្មីមួយ ដើម្បីទប់ទល់ជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរខាងផ្នែកសុខភាព និងផ្នែកសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
ការពិភាក្សាជាលក្ខណៈឯកជននៅថ្ងៃអង្គារនេះ នឹងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin នាយអគ្គសេនាធិការស្ដីទីសេតវិមានលោក Mark Meadows ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi និងមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer។
ការជំរុញនេះ បានកើតឡើងនៅចំពេលដែលសហរដ្ឋអាមេរិក មានការកើនឡើងនូវករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ប្រចាំថ្ងៃ ជាមធ្យមជាង ៦៦.០០០ ករណី ក្នុងពេលមួយសប្ដាហ៍កន្លងមកនេះ និងចំពេលដែលថវិកាជំនួយរបស់រដ្ឋាភិបាលសហព័ន្ធចំនួន ៦០០ ដុល្លារក្នុងមួយសប្ដាហ៍សម្រាប់ជួយអ្នកបាត់បង់ការងារធ្វើរាប់លាននាក់ជិតផុតកំណត់នៅចុងខែកក្កដានេះ។
លោក Trump និងក្រុមរបស់លោកខាងគណបក្សសាធារណរដ្ឋនៅក្នុងសភា នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនៅឡើយទេ ទាក់ទិននឹងប្រភេទជំនួយថ្មីដែលត្រូវអនុម័ត និងចំនួនថវិកាដែលត្រូវចំណាយ៕