ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្កោលទោសការវាយប្រហារនានាតាមរូបភាពលួចដុតហាងទំនិញនិងលួចឥវ៉ាន់ពីហាងរបស់ជនបរទេស ដែលបានកើតឡើងអស់ជាច្រើនថ្ងៃមកហើយនៅពាសពេញទីក្រុងចូហែននែសប៊ក (JOHANNESBURG) និងរដ្ឋធានីប្រេតូរីយ៉ា (Pretoria) ដោយបានហៅអំពើហិង្សានេះថា «មិនអាចទទួលយកបានឡើយ»។
លោកប្រធានាធិបតី Cyril Ramaphosa បានថ្លែងសារតាមវីដេអូមួយដែលត្រូវគេបង្ហោះតាមបណ្ដាញTwitter កាលពីថ្ងៃអង្គារទី៣ខែកញ្ញានេះថា៖
«យើងគឺជាប្រទេសមួយដែលប្រឆាំងនឹងការស្អប់ជនបរទេសទាំងស្រុង។ យើងមិនអនុញ្ញាតនិងក៏មិនអាចអត់អោនឱ្យការវាយប្រហារទៅលើពលរដ្ឋមកពីប្រទេសអាហ្វ្រិកផ្សេងទៀតបានឡើយ»។
ប៉ូលិសបានដាក់របាំងការពារពាសពេញទីក្រុងចូហែននែសប៊កនិងប្រេតូរីយ៉ានៅពេលដែលអំពើហិង្សាបានបន្តចូលដល់ថ្ងៃទី៣នៅអាហ្វ្រិកខាងត្បូងគិតត្រឹមថ្ងៃទី៣ខែកញ្ញានេះ។
ប៉ូលិសបានចាប់ខ្លួនមនុស្សជាង៩០នាក់ក្នុងតំបន់ចំនួន៥ដែលរងផលប៉ះពាល់ដោយសារអំពើហិង្សានេះ។ ហាងជាច្រើនដែលរងការបំផ្លិចបំផ្លាញនិងត្រូវគេលួចឥវ៉ាន់អស់គ្មានសល់នោះ នៅបិទទ្វារនៅឡើយ នៅពេលដែលម្ចាស់ហាង ដែលភាគច្រើនជាជនបរទេស មិនហ៊ានវិលត្រឡប់មកហាងរបស់ពួកគេវិញ។
លោកប្រធានាធិបតី Ramaphosa មានប្រសាសន៍ថា«គ្មានហេតុផលពន្យល់បានទាល់តែសោះ សម្រាប់ជនទាំងឡាយដែលមានអារម្មណ៍ថាជនបរទេសមកដណ្ដើមយកការងាររបស់ពួកគេ ទើបពួកគេវាយប្រហារហើយបំផ្លាញទ្រព្យសម្បត្តិនិងរហូតដល់សម្លាប់ជនបរទេសទាំងនោះ។ ទង្វើបែបនេះត្រូវតែបញ្ឈប់»។
អ្នកយកព័ត៌មានរបស់ VOA លោក Darren Taylor ដែលកំពុងស្ថិតនៅក្នុងទីក្រុង ចូហែននែសប៊ក ហើយបានឃើញផ្ទាល់ភ្នែកនូវវិសាលភាពនៃការបំផ្លិចបំផ្លាញនិងអំពើហិង្សានៅក្នុងទីក្រុងនោះ បានរាយការណ៍មកថា៖
«នៅតំបន់ដែលខ្ញុំបានមកដល់ គឺជាងកន្លែងដែលអំពើហិង្សាបានកើតឡើង។ មានដុំថ្ម និងសំបកកង់ឡានដែលកំពុងឆេះ ពាសពេញផ្លូវ។ គ្រប់កន្លែងសុទ្ធតែមានសម្បកគ្រាប់កាំភ្លើងដែលប៉ូលិសបានបាញ់។ ក្នុងក្រុងព្រឹកនេះ មានសាកសពស្ត្រីម្នាក់ ហើយឡាននិងរថយន្តក្រុងដែលឆេះអស់រលីង»។
ការព្រមានដល់ជនបរទេស
កាលពីថ្ងៃច័ន្ទទី២ ខែកញ្ញា រដ្ឋាភិបាលនានាក្នុងទ្វីបអាហ្វ្រិក បានព្រមានពលរដ្ឋរបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ឱ្យប្រយ័ត្នប្រយែងខ្លួន ហើយក៏បានសម្ដែងការខកចិត្តចំពោះការវាយប្រហារថ្មីៗបំផុតនេះ ដែលបានតម្រង់គោលដៅទៅលើហាងដែលមានម្ចាស់ជាជនបរទេសនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
បើយោងតាមបណ្ដាញផ្សាយព័ត៌មានអេត្យូពី ស្ថានទូតអេត្យូពីប្រចាំនៅអាហ្វ្រិកខាងត្បូង បានណែនាំពលរដ្ឋរបស់ខ្លួន ឱ្យបិទហាងរបស់ពួកគេ «រហូតទាល់តែសន្តិភាពត្រូវបានស្តាឡើងវិញ»។
ចំណែកក្រសួងសារគមនាគមន៍និងដឹកជញ្ជូននៃប្រទេសហ្សំប៊ី ក៏បានព្រមានពលរដ្ឋរបស់ខ្លួនដែលជាអ្នកបើកឡានធំៗ កុំឱ្យធ្វើដំណើរចូលក្នុងប្រទេសអាហ្រ្វិកខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari មានប្រសាសន៍ថា លោកមាន«សេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង» អំពីការវាយប្រហារទៅលើពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋនីហ្សេរីយ៉ា នៅអាហ្វ្រិកខាងត្បូងចាប់តាំងពីថ្ងៃទី២៩ខែសីហាមក។
បន្ទាប់មក លោក Buhari ក៏បានបញ្ជូនបេសកជនពិសេស ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីនាំយកសេចក្ដីព្រួយបារម្ភរបស់លោក ទៅជូនលោកRamaphosa។
ខុទ្ទកាល័យរបស់លោក Buhari បានឱ្យដឹងថា លោកក៏បានណែនាំមន្ត្រីការបរទេសលោក Geoffrey Onyeama ឱ្យកោះហៅឧត្ដមស្នងការអាហ្វ្រិកខាងត្បូងប្រចាំនៅនីហ្សេរីយ៉ា មកសួរនាំអំពីស្ថានការណ៍នោះ ហើយក៏បានសម្ដែងការមិនសប្បាយចិត្តរបស់នីហ្សេរីយ៉ា ចំពោះការប្រព្រឹត្តទៅលើជនជាតិនីហ្សេរីយ៉ា ហើយនឹងដើម្បីសុំការធានាអំពីសុវត្ថិភាពនៃអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋនីហ្សេរីយ៉ា។
នៅតាមបណ្ដាញTwitter កាលពីសប្ដាហ៍មុន លោក Onyeama បានហៅអំពើហិង្សានោះ ថា«គួរឱ្យព្រឺព្រួច»។
អ្វីដែលនៅពីក្រោយការវាយប្រហារ
អ្នកនាង Lizette Lancaster នៃវិទ្យាស្ថានសិក្សាសន្តិសុខ និយាយថា ការនិយាយអំពីជនបរទេសដណ្ដើមការងារនិងធនធានពីអ្នកស្រុកនេះ ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយ។
«ជនរងគ្រោះពិតប្រាកដគឺជាពលរដ្ឋរបស់យើងផ្ទាល់។ យើងចាំបាច់ត្រូវតែចាប់ផ្ដើមដោះស្រាយបញ្ហានៃការលើកឡើងថាជនបរទេសប្រព្រឹត្តឧក្រិដ្ឋកម្ម និងថាពួកគេយករបស់រកស៊ីពីអ្នកស្រុកអស់ពីព្រោះការនិយាយបែបនេះ មិនមែនជាការពិតទេ។ ប្រសិនបើយើងពិនិត្យមើលការស្រាវជ្រាវ តាមពិតទៅ ជនបរទេស បង្កើតការងារនិងមានរឿងវិជ្ជមានជាច្រើនដែលកើតចេញពីការមានជនចំណាកស្រុកក្នុងសង្គមរបស់យើង»។
មនោសញ្ចេតនានេះ ហាក់ដូចជាកើតមាននៅទូទាំងទ្វីបអាហ្វ្រិក។
លោក Godwin Adama អគ្គកុងស៊ុលនៃប្រទេសនីហ្សេរីយ៉ា ប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ចាំបាច់ត្រូវធ្វើការងារច្រើនថែមទៀត ដើម្បីប្ដូរផ្នត់គំនិតអំពីជនបរទេស ជាពិសេសពលរដ្ឋដែលមកពីបណ្ដាប្រទេសអាហ្វ្រិកផ្សេងទៀត។
«វាជារឿងគួរឱ្យថ្កោលទោស មិនគួរលើកទឹកចិត្តទេ។ ខ្ញុំឃើញមានឧក្រិដ្ឋជន ឆ្មក់ឱកាសពីស្ថានការណ៍វឹកវរនេះ ដើម្បីចូលលួចឥវ៉ាន់និងបំផ្លាញទ្រព្យសម្បត្តិរបស់ជនបរទេសនៅអាហ្វ្រិកខាងត្បូង។ ការពិតនោះគឺថា មានការយល់ឃើញខ្លះៗអំពីជនបរទេសដែលដណ្ដើមយកការងារ អញ្ចឹងហើយបានជាមានការវាយប្រហារទៅលើជនបរទេស»។
លោក Taylor នៃ VOA និយាយថា ពេលដែលផ្នត់គំនិតស្អប់ជនបរទេសកាន់តែកើនឡើង នោះមិនមែនតែជនបរទេសទេដែលនឹងក្លាយជាជនរងគ្រោះនៃអំពើហិង្សានោះ។
«ទោះបីជារដ្ឋាភិបាលនិយាយបែបណាក៏ដោយ ក៏ខ្ញុំគិតថាមិនមែនមានតែជនបរទេសទេដែលជាក្រុមគោលដៅនៃវាយប្រហារនោះ។ តាមអ្វីដែលខ្ញុំបានឃើញ ប្រាកដណាស់ មានឧក្រិដ្ឋជនដែលចាំឆ្មក់ឱកាសទាញយកផលប្រយោជន៍និងចាប់ផ្ដើមចូលលួចយកឥវ៉ាន់។ ពួកគេមិនខ្វល់ថាតើពួកគេលួចពីនរណានោះទេ មិនថាអ្នកនោះជាជនបរទេសឬមិនមែនក៏ដោយ»៕