ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សុន ឆ័យ ​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​​នយោបាយ​សម្រាប់​សកម្មជន​ដែល​ជាប់​ឃុំ


លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយអតីតសកម្មជនគណបក្សសង្គ្រោះជាតិក្នុងពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបជាមួយអតីតសកម្មជនគណបក្សសង្គ្រោះជាតិក្នុងពន្ធនាគារព្រៃស នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន ​លោក ​សុន ឆ័យ ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ចាត់​ទុកកា​រ​ចោទ​ប្រកាន់ ​និង​ការ​ដាក់​ពន្ធនាគារសកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ​ជាង​២០​នាក់ថា ​ជា​រឿង​នយោបាយ​ ដោយ​លោក​ជំរុញ​ឱ្យមាន​ដំណោះ​ស្រាយ​នយោបាយ​ដើម្បី​ឱ្យ​ពួកគេ​អាច​មាន​សេរីភាព​ឡើង​វិញ។​

លោក សុន ឆ័យ ​ថ្លែង​បែប​នេះ ​បន្ទាប់​ពីអតីត​តំណាង​រាស្រ្ត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ និង​លោក ​លី សុធារ៉ាយុត្តិ​ ​អគ្គលេខាធិការ​គណ​បក្ស​ភ្លើង​ទៀន​បានទៅ​ពន្ធនាគារ​ព្រៃស​ ជួប​ជា​មួយ​អតីត​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិជាង២០​នាក់​ នៅ​ថ្ងៃ​ពុធ​នេះ។ សកម្ម​ជនមួយចំនួន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ ​ដែល​ជាប់​ទាក់​ទង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍មិន​បានសម្រេច​របស់​លោក ​សម រង្ស៊ី​ កាលពី​ថ្ងៃ​ទី៩​ វិច្ឆិកា ​ឆ្នាំ​២០១៩។​

ក្រោយ​ចូល​ជួប​សកម្មជន លោក ​សុន ឆ័យ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ អ្នក​ជាប់​ឃុំ​ទាំង​នោះ​មិន​មាន​ឆន្ទៈ ​ឬ​បំណងធ្វើអ្វី​ឱ្យ​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ​នោះ​ទេ ​ហើយ​ពួកគេ​គ្រាន់​តែ​ចង់​ឃើញ​កម្ពុជា​ជាប្រទេស​មួយ​ដែល​ប្រកាន់​ខ្ជាប់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក ​សុន ឆ័យ​ បន្ត​ថា​ ផ្លូវ​ដែល​ល្អក្នុង​ការ​បង្ក​បរិយាកាសបោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​គឺ​រដ្ឋាភិបាលគួរ​តែ​សម្រួល​ និងដោះ​ស្រាយ​បញ្ហា​នេះ ​ដោយ​បញ្ចប់​ការចោទ​ប្រកាន់​សកម្ម​ជន​ទាំង​នោះ។​

លោក​ថ្លែង​ថា៖​«ហើយ​ដូច​ខ្ញុំ​បាន​ជម្រាប​អ្នក​ទោស​ទាំង​នេះ ​យើង​មិន​អាច​ទៅ​ចោទ​ប្រកាន់​គ្នា​ថា ​នឹង​អាច​ជា​គ្រោះថ្នាក់អ្វីត​ទៅ​ទៀត​ទេ ​ពីព្រោះ​ការ​ធ្វើ​នេះ​ជួន​កាល​ទៅតាម​ការ​ណែនាំ​ណា​មួយ​ដែល​គាត់​មិន​សូវ​យល់​ច្បាស់​លាស់អំពី​សកម្មភាព​ ដែល​គេ​ណែ​នាំ​គាត់​នោះ។ ​អាហ្នឹង​យើង​[រដ្ឋាភិបាល]​យោគ​យល់​របៀប​ហ្នឹង​ទៅ​វិញ​ទៅ»។​

លោក ​សុន ឆ័យ ​បន្ថែម​ថា ​ការ​មក​ជួប​សកម្ម​ជន​ដែល​កំពុង​ជាប់​ឃុំ​នេះ​គឺ​ដោយ​សារ​ពួកគេ​ធ្លាប់​ជា​សហ​ការី​ធ្វើ​ការ​ជាមួយ​គ្នា​ និង​ម៉្យាង​គឺ​ដើម្បី​រក​វិធីសាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​គេ។​

បើ​តាម​លោក ​សុន ឆ័យ ​សកម្មជន​ទាំង​នោះ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​មួយ​ចំនួន​រួច​មក​ហើយ​ ខណៈ​ពួកគេ​មាន​វ័យ​ចំ​ណាស់ ​មាន​បញ្ហា​សុខ​ភាព ​និង​ពិបាក​រក​លុយ​ទិញ​ម្ហូប​អាហារ។​

​លោក ​សុន ឆ័យ ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ប្រទេស​របស់​ខ្លួន​ឱ្យដូច​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ប្រទេសតំបន់​អាស៊ាន​ ជា​ពិសេស​ដូច​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា​នៅ​ភូមា ​ដែល​កំពុង​ជួប​វិបត្តិ​នយោបាយ​នោះ​ ដើម្បី​ឱ្យ​សហគមន៍​អន្តរ​ជាតិ​មើល​ឃើញ​ថា​ ​កម្ពុជា​ពិត​ជា​មាន​ឆន្ទៈ​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

លោក​បន្ថែម​ថា៖​«នយោ​បាយ​នៅ​ភូមា​អី​ហ្នឹង​ វាជា​កត្តា​មួយឃើញ​ថា​ រាជ​រដ្ឋា​ភិបាល​យក​ចិត្ត​ទុក​ដាក់​ដែរ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​មាន​បរិយាកាស​ល្អ។​ នៅ​ក្នុង​ប្រទេស​យើង​ផង​ដែរ ​ដើម្បី​ជួយ​គេ​បាន​ ​យើង​នៅ​ក្នុង​ប្រទេស​ក៏គួរ​មាន​បរិយាកាស​ល្អ​ផង​ដែរ ​ដើម្បី​ឱ្យ​ដឹង​ថា ​រាជ​រដ្ឋា​ភិបាល​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ទ្រទ្រង់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​មាន​ឆន្ទៈ​ដើម្បី​សម្រួល​ដល់​អ្នក​នយោ​បាយ​ខ្លះ...ថា​ ធ្វើទៅ​វា​អាច​ប៉ះ​ពាល់​អ្វី​ដែល​រដ្ឋាភិបាល​ថា​ មិន​ល្អ​នោះ»។​

​ការ​ជួប​ជា​មួយ​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ពន្ធនាគារនេះ​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​ ​សក់ សេដ្ឋា ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ចេញ​លិខិត​អនុញ្ញាតឱ្យ​លោក ​សុន ឆ័យ ​និង​ក្រុម​ការងារ​របស់​លោក​បាន​ចូលជួប​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​នោះ។​

លោក ​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អះអាង​ថា​ លោក​សុន ឆ័យ ​និយាយ​លម្អៀង​ផ្អែក​នយោបាយ​ទាក់​ទង​ការ​ប្រើប្រាស់ពាក្យ​សម្តី​ដែល​ថា ​អតីត​សកម្ម​ជនគណ​បក្ស​សង្គ្រោះ​ជាតិ​ជាប់​ពន្ធនាគារគឺ​ជា​រឿង​នយោបាយ​នោះ។ ​លោក​បន្ថែម​ថា​ សកម្ម​ជន​ទាំង​នោះ​មាន​ពិរុទ្ធ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម​គំនិត​ជាមួយ​លោក ​សម រង្ស៊ី ​ក្នុង​ការ​ចង់​ផ្តួល​រលំ​រដ្ឋាភិបាល​ ទើប​មាន​ការ​ដាក់​ទោស​តាម​ច្បាប់។​

​លោក ​សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​«ចុះ​គេ​ដទៃ​ទៀត​រាប់​លាន​នាក់​ម៉េច​មិន​ចាប់​គេ​ផង?​ គេ​ចាប់​អី​តែ​ប៉ុន្មាន​នាក់​ ដែល​ដើរ​តាម​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ហ្នឹង? ពីព្រោះ​ឧបាយ​កល​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​វា​ផ្តួលរលំ​រាជ​រដ្ឋា​ភិ​បាល ​ហើយ​យើង​ទៅ​គាំទ្រ។​ អាហ្នឹង​ ​បើ​យើង​និយាយ​ទៅ ​កាល​ណា​ដឹង​ថា​ ​ចោរ​លួច​ហើយ​ យើង​ទៅ​គាំទ្រ​ចោរ​លួច ​ចោរ​ប្លន់ ​អាហ្នឹង​វា​មាន​ទោស​ដែរ។​ អាហ្នឹង​វា​សម​គំនិត​ចូលក្នុង​ហ្នឹង។​ អា​ហ្នឹង​កុំឱ្យ​ឆ្ងល់»។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​យល់​ថា​ អ្នក​នយោបាយ​គួរ​តែ​មាន​ការ​សន្ទនា​គ្នា​ដូច​ពីមុន​ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​ដែល​នៅ​សេសសល់ ដូច​ជា​ការ​ដោះ​លែង​អតីត​សកម្ម​ជន​អតីត​គណ​បក្ស​ប្រឆាំង​ដើម្បី​ធ្វើ​ឱ្យលម្ហ​សេរី​ភាព​ បរិយាកាស​នយោបាយ​កម្ពុជា​ និង​បរិយាកាស​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​ មាន​ភាព​ល្អ​ប្រសើរ។​

លោក​បញ្ជាក់​ថា៖ «ទាក់​ទង​ការ​ចាប់ ​និង​ការ​ឃុំ​ខ្លួន​ទៅ​លើ​អតីត​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​កន្លង​មក​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការ​ណ៍​៩​វិច្ឆិកា​ហ្នឹង​ យើង​ជា​អង្គការ​សង្គម​ស៊ីវិល ​យើង​ចាត់​ទុក​ថា​ រឿង​ហ្នឹង​ជា​រឿង​នយោ​បាយច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ ​អ៊ីចឹង​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​តែង​តែ​ទទូ​ច​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​ងាក​មក​រក​វប្ប​ធម៌​នៃ​ការ​សន្ទនា ​ការ​ចរចា​ឡើង​វិញ​ ដូច​ជា​បទ​ពិសោធន៍​ដែល​មាន​កន្លង​មក​ អ្នក​នយោ​បាយ​ទាំង​អស់​ គាត់​ចរចា​គ្នា​ពេល​ដែល​មាន​ការ​ជាប់​គាំង​នយោបាយ»។​

គួរ​រំឭក​ថា អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់​ក្នុង​ចំណោម​២៣​នាក់​ត្រូវ​បាន​កាត់​ទោស​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់ ​និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»​ ក្នុង​សំណុំ​រឿង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​សម​ រង្ស៊ី​ ​កាល​ពី​ចុងឆ្នាំ​២០១៩៕

XS
SM
MD
LG