ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៤ នឹង​ឡើង​ជិត​ដល់​៦%


រូបឯកសារ៖ អាជីវករ​នាំគ្នា​លក់​របស់របរ​ក្មេងលេង​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ អាជីវករ​នាំគ្នា​លក់​របស់របរ​ក្មេងលេង​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍​ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ពី​កម្រិត​ ៥.៦% ក្នុង​ឆ្នាំ​ ២០២៣​ ទៅ ​៥.៨% នៅឆ្នាំ​ ២០២៤។

បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ឲ្យដឹងថា ​វិស័យ​នាំចេញ​ទំនិញ​និង​សេវាកម្ម​របស់​កម្ពុជា​ បាន​ជំរុញ​ឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ ដែល​ទើប​ចេញ​ផ្សាយ​នៅថ្ងៃទី ​៦ ខែមិថុនា​ ឆ្នាំ​ ២០២៤ សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រសើរ​ឡើង​បន្ថែម​ទៀត​នៅកម្រិត​ ៦.១% នៅឆ្នាំ ២០២៥ និង ៦.៤% នៅឆ្នាំ​ ២០២៦ ដោយសារតែ​ការ​ប្រសើរឡើងវិញ​លើការ​នាំ​ចេញផ្នែក​វិស័យ​កាត់ដេរ​ ទំនិញ​ធ្វើដំណើរ​ និង​ស្បែក​ជើង​ រួមទាំង​ការងើប​ឡើងវិញ​នៃការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរណ៍​។

​បើ​តាម​ធនាគារ​ពិភពលោក​ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើងនៅ​ក្នុង​ត្រី​មាសទី​ ១ ឆ្នាំ​ ២០២៤ ​ដោយសារ​តែការងើប​ឡើងវិញវិស័យ​សេវាកម្ម​ និងការ​នាំ​ចេញ​ទំនិញ​ផងដែរ​ ទោះបី​ជាតម្រូវ​ការក្នុង​ស្រុក​បានធ្លាក់​ចុះក៏ដោយ​។

ប្រធានគ្រប់គ្រង​ធានាគារ​ពិភពលោក​ប្រចាំកម្ពុជា​ លោក​ស្រី​ ម៉ារីយ៉ាម​ សាលីម​ បាន​លើកឡើង​នៅក្នុង​នៅក្នុងពិធី​សម្ពោធរបាយការណ៍​នៅ​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ​ ២០២៤ ថា៖ «ដើម្បី​រក្សាកំណើន​សេដ្ឋកិច្ចបន្ត​ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ម៉ាក្រូហិរញ្ញវត្ថុ​ ដោយការ​ស្តារ​ឡើងវិញ​នូវលំហ​សារពើពន្ធ​ និង​ការ​ការពារ​វិស័យ​ហិរញ្ញវត្ថុ​របស់ខ្លួន​»។​

លោក​ស្រី​បន្តថា​៖ «កម្ពុជា​អាច​ពង្រឹង​ភាព​ប្រកួតប្រ​ជែង​របស់ខ្លួន​តាមរយៈ​ការកែល​ម្អបរិយា​កាស​ធុរកិច្ច​ សម្រួល​នីតិវិធី​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ ធ្វើ​ឱ្យការ​ផ្គត់​ផ្គង់​ថាមពល​កាន់តែ​អាចទុក​ចិត្ត​បាន​ និង​ពង្រឹង​វិស័យ​អប់រំ»។

​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក មាស សុខសេនសាន ប្រាប់​វីអូអេ​តាមប្រព័ន្ធ​តេឡេក្រាម​ថា ​អ្វី​ដែល​ធនាគារ​ពិភព​លោក​បាន​ព្យាករ​គឺមាន​ភាពស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ព្យាករ​ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​ឡើងវិញ​ និងវិល​ទៅ​រក​ប្រក្រតីភាព​។

បើ​តាម​អ្នក​នាំពាក្យ​រូបនេះ​ រដ្ឋាភិបាល​តែង​តែ​ស្តាប់​រាល់​អនុសាសន៍​របស់​ស្ថាប័​អន្តរជាតិ​នានា​ និងថា ​រដ្ឋាភិបាល​បាន​កែលម្អ​ច្រើន​តាមរយៈ​កម្មវិធី​កែទម្រង់​នានា​ ដោយការ​ដាក់ចេញ​ជាយុទ្ធសាស្ត្រ​និង​គោល​នយោបាយថ្មី​ៗជាច្រើន​បង្កើ​ត​បរិយាកាស​ធុរកិច្ច​។

​លោក​ថ្លែង​ថា៖ «​សេដ្ឋកិច្ច​មិនអាច​មាន​ទម្ងន់​ទៅលើ​ផ្នែកវិស័យមួយៗទេ ​គឺយើង​ត្រូវ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច​ជាច្រើន​ វិស័យ​កសិកម្ម​ វិស័យ​កសិឧស្សាហកម្ម ​ហើយនិង​វិស័យផ្សេងៗទៀត​ដែល​ជាវិស័យ​យើង​ត្រូវ​បន្តកែលម្អ​ដើម្បី​ពង្រឹង​សមត្ថភាព​។ អ៊ីចឹង​ហើយ​បាន​រដ្ឋាភិបាល​មាន​គោល​ការណ៍ធ្វើ​ម៉េច​ពង្រឹង​សមត្ថភាព​ ជំនាញ​វិជ្ជាជីវៈ»។

​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា​ លោក ហុង វណ្ណៈ ប្រាប់វីអូអេ​ថា​ ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក​គឺសម​ហេតផល​ ដោយសារតែ​គិត​ឆមាសទី​១ឆ្នាំ​ ២០២៤​ នេះ​ ការ​នាំចេញ​របស់កម្ពុជា​ និង​សេវាកម្ម​ទេសចរណ៍​ក៏មានសន្ទុះ​ ដែ​ល​លោកថា ​ផ្នែក​ទាំង​ពីរ​នេះ​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​មុខ​មួយ​កម្រិត​ទៀត​។

ទោះជាយ៉ាងណា​បើ​តាម​អ្នកជំនាញ​រូបនេះ​ បញ្ហា​ការចំណាយ​ឯកជន​ធ្លាក់​ចុះ​ និង​វិបត្តិ​អចលទ្រព្យ​ក៏ជា​ឧបសគ្គ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ស្ថាន​ភាព​នេះ​ឯងក៏​ជាឧបសគ្គ​មួយដែរ​។ ក្នុង​ពេល​បច្ចុប្បន្ន​យើង​សង្កេត​ឃើញជា​ការពិត​គឺបញ្ហា​អចលទ្រព្យ ឬក៏​ការ​ចំណាយ​ក្នុង​ស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយសារ​អតិផរណា​ផង អានេះគឺជា​ចរន្ត​សកល​ដែល​ធ្វើ​ឱ្យប៉ះពាល់​ទៅដល់ការ​ចាយវាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ហើយនិង​ការសន្សំ​កញ្ចប់​ថវិកា​គ្រួសារ​របស់​ពួកគាត់​ហ្នឹង ដោយសារ​អតិផរណា​ ទំនិញ​ឡើងថ្លៃ​ ហើយ​ប្រាក់​ខែ​របស់​គាត់​នៅ​ថេរ។ អ៊ីចឹង​គាត់វាយ​ចាយ​មាន​ព្រំដែន​ មាន​កម្រិត​របស់​គាត់​»។

លោក ហុង វណ្ណៈ អះអាងថា ​កាល​ណា​ការវិនិយោគ​បរទេស​ វិស័យទេចរណ៍​ និង​ការនាំ​ចេញ​របស់កម្ពុជា​កាន់តែ​ធំ នោះ​នឹង​ជំរុញឱ្យការ​ចំណាយរបស់​ប្រជាពលរដ្ឋខ្មែរ​កាន់តែ​ធំ។

បន្ថែម​ពីលើនេះ​បើ​តាម​របាយការណ៍​ដដែល​ឲ្យដឹងថា​ បើទោះ​សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើងវិញ​ខ្លះ​ក្តី​ ក៏​សកម្មភាព​ក្នុងវិស័យ​សំណង់​នៅ​តែមាន​តិចតួច​ ហើយ​ទី​ផ្សារ​អចលនទ្រព្យ​នៅតែ​បន្តធ្លាក់ចុះ​ ដែល​ធ្វើ​ឱ្យ​កំណើន​ឥណទាន​ក្នុងស្រុក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ការ​ចំណាយ​ឯកជន​ត្រូវ​បាន​កាត់បន្ថយ​ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ចំណូល​ក្នុងស្រុក​។

ទោះជា​យ៉ាងណា​ក្តី ធនាគារ​ពិពលោក​ក៏​បាន​បង្ហាញ​ដែរថា​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ បានក្លាយ​ជា​ទីផ្សារនាំ​ចេញ​ធំទី​ ២ ​របស់​កម្ពុជា​បន្ទាប់ពី​សហរដ្ឋអាមេរិក​ និងថាការ​កើនឡើង​នៃការ​វិនិយោគ​ពី​បរទេស​ក្នុងវិស័យ​ផលិតកម្ម​និងកសិកម្ម​ ក៏​បាន​រួមចំណែក​ដល់ការ​ងើប​ឡើងវិញ​នេះ​ផង​ដែរ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG