មេដឹកនាំសហជីពមួយចំនួនបានអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ គួរត្រូវបានដំឡើងនៅក្នុងឆ្នាំ២០២៣ យ៉ាងហោចណាស់ឱ្យបាន២៥០ដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឱ្យកម្មករអាចដោះស្រាយបញ្ហាប្រឈម និងមានជីវភាពសមរម្យ។
ការលើកឡើងរបស់មេដឹកនាំសហជីព ខណៈក្រសួងការងារនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករចាប់ពីខែកក្កដា ឆ្នាំ២០២២នេះ។
ក្រុមសហជីពថាឆ្នាំ២០២៣នេះ គួរតែមានការដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់បន្តិច ដោយពួកគេកត់សម្គាល់ពីផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្មករ និងការនាំចេញវាយនភណ្ឌទៅកាន់ទីផ្សារអន្តរជាតិ មានសន្ទុះកើនឡើងខ្លាំងជាងឆ្នាំមុន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូអេថាប្រាក់ឈ្នួលសម្រាប់កម្មករនយោជិតធ្វើការផ្នែកវាយនភណ្ឌ គួរតែដំឡើងឱ្យបានច្រើន ព្រោះលោកកត់សម្គាល់ថា ការនាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកមានការកើនឡើង ចំណែកឯកម្មករនយោជិតកំពុងរងការលំបាក ជួបបញ្ហាប្រឈមនានា ពិបាកទ្រទ្រង់ជីវភាព ដោយសារការកើនឡើងតម្លៃសាំង និងទំនិញលើទីផ្សារ ដែលឈានដល់ការជំពាក់បំណុល និងការចំណាយច្រើនជាងមុន។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ឆ្នាំនេះគួរតែមានការដំឡើងច្រើនជាងឆ្នាំមុន ដោយសារស្ថានភាពវិស័យនេះមានការរីកចម្រើនជាងឆ្នាំមុន ហើយមានការកម្មង់ទិញ និងមានស្ថិរភាពជាងឆ្នាំមុនដែលមានការនាំចេញកើនឡើងច្រើន»។
ចំណែកការបាត់បង់២០%នៃប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ EBA (Everything But Arms ) លោកថា មិនមានបញ្ហាប្រឈមសម្រាប់កម្ពុជានោះទេ ប៉ុន្តែលោកនៅតែយល់ថាការអនុគ្រោះពន្ធ គឺជារឿងសំខាន់សម្រាប់កម្ពុជា។ លោកថាលោកនឹងចាំមើលបន្តទៀតថាតើមានការដាក់សម្ពាធថ្មីដល់កម្ពុជាឬយ៉ាងណា។
កាលពីឆ្នាំមុន ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ត្រូវបានដំឡើង២ដុល្លារ ដោយកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលចំនួន១៩៤ដុល្លារ។
ឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩មួយផ្នែក និងមួយផ្នែកទៀតដោយសារការបាត់បង់២០%នៃ EBA របស់សហភាពអឺរ៉ុប កាលពីខែសីហា ឆ្នាំ២០២០ ក្រោយការរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេស។
លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាC-CAWDU យល់ថាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៣ យ៉ាងហោចណាស់ត្រូវគិតគួរឱ្យកម្មករនយោជិតត្រឹមចន្លោះ២៥០ដុល្លារអាមេរិក ដល់៣០០ដុល្លារអាមេរិក ដើម្បីឱ្យកម្មករអាចទប់ទល់នឹងការចំណាយនានា ការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារបានសមរម្យ និងស្របពេលការខកខានឡើងប្រាក់ឈ្នួល២ឆ្នាំមកហើយ។ ប៉ុន្តែលោកថាការដំឡើងប្រាក់ឈ្នួល ក៏ត្រូវគិតគូរធ្វើយ៉ាងណាឱ្យថៅកែក្រុមហ៊ុន អាចទទួលបានប្រាក់ចំណេញសមរម្យផងដែរ។
លោកថ្លែងថា៖ «យើងមិនមែនថា ធ្វើអ្វីឱ្យនិយោជក គាត់អត់ចំណេញទេ តែការចំណេញរបស់និយោជកត្រូវតែផ្គត់ផ្គង់ចំនួនយ៉ាងហោចណាស់ ចន្លោះពី២៥០ទៅ៣០០[ដុល្លារអាមេរិក]ក្នុងកម្រិតមួយមិនទាន់ថែមម៉ោង»។
បើតាមលោក គង់ អាទិត្យ បច្ចុប្បន្ននេះ កម្មករនិយោជិតខំធ្វើការថែម បូករួមទាំងលុយធ្វើដំណើរ លុយលើកទឹកចិត្ត និងលុយផ្សេងៗទៀត គឺកម្មករទទួលបានប្រាក់ឈ្នួលប្រហែល៣០០ដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យកម្មករ ប្រឈមបញ្ហាសុខុមាលភាព បញ្ហាសេដ្ឋកិច្ចក្នុងការទ្រទ្រង់ជីវភាពរស់នៅ ស្របពេលការឡើងថ្លៃទំនិញលើទីផ្សារ ការឡើងថ្លៃបន្ទប់ជួល និងការចំណាយកូនរៀនជាដើម។
លោកបន្តថា៖ «គេថា បើយើងធ្វើការថែមម៉ោង យើងគួរតែបានសល់ថវិកា សល់ឱ្យមានជីវភាពរុងរឿងបន្តិច រីកចម្រើនបន្តិច តែនេះអត់ទេ គឺគាត់ត្រូវបង្ខំ។ កម្មករត្រូវតែដាច់ខាតត្រូវតែថែមម៉ោង បើអត់ថែមម៉ោងទេ គាត់រស់អត់បាន។ អ៊ីចឹងមានន័យថាសម្ពាធហ្នឹងធ្វើឱ្យសុខុមាលភាពរបស់កម្មករ និងសុខុមាលភាពសេដ្ឋកិច្ចសង្គមអត់ល្អសម្រាប់កម្មករ»។
លោកបន្ថែមថាពាក់កណ្តាល ឬចុងខែកក្កដា គណៈកម្មការសហជីពនឹងសម្រេចដាក់សំណើប្រាក់ឈ្នួលសម្រាប់ការចរចា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បាននៅឡើយទេ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី២៣ ខែមិថុនា ឱ្យដឹងថានៅក្នុងខែកក្កដា ភាគីនីមួយៗចាប់ផ្តើមពិភាក្សាជាលក្ខណៈផ្ទៃក្នុង។ នៅក្នុងខែសីហា ភាគីទាំងអស់ចាប់ផ្តើមពិភាក្សាជាលក្ខណៈទ្វេភាគី និងត្រីភាគី និងខែកញ្ញា បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។
ក្រសួងការងារបានណែនាំថាគ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលក្ខណៈវិនិច្ឆ័យបែបសង្គម ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
គួរបញ្ជាក់ថាវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជាង៨០ម៉ឺននាក់ដែលភាគច្រើន គឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងជនបទ៕