ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​មក​ពី​រោង​ចក្រ​ចំនួន​២៣​សុំ​អន្តរាគមន៍​ជាថ្មី​លើ​ករណី​រំលោភ​សិទ្ធិ​កម្មករ


សន្និសីទសារព័ត៌មាននៅស្នាក់ការសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កម្មករ​ជាង​៣០​នាក់ ​ដែល​អះអាង​ថា​ តំណាង​កម្មករ​ជាង​១​ពាន់​នាក់ ​មក​ពី​រោងចក្រ​ចំនួន​២៣​ ធ្វើ​សន្និសីទ​សុំ​អន្តរាគមន៍​ជាថ្មី​ពី​ក្រសួង​ការងារ ​និង​លោក​នាយក​រដ្ឋមន្រ្តី ​ឱ្យ​ចាត់​ការ​បន្ទាន់​ចំពោះ​ករណី​រំលោភ​បំពាន​សិទ្ធិ​កម្មករ​ដែល​កើត​មាន​ជា​បន្ត​បន្ទាប់ ​ដោយ​មិនមាន​ដំណោះ​ស្រាយ ​តាំង​ពី​ឆ្នាំ​២០១៤​មក។​

នៅ​ថ្ងៃ​ទី​២៧ ​ខែ​មេសា ​ឆ្នាំ​២០២២​ កម្មករ​ដែល​តំណាង​ឲ្យ​កម្មករ​ចំនួន​១.៤០៨​នាក់ ​បាន​ចូល​រួម​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ស្នាក់ការ​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា ​C-CAWDU ​ស្តី​អំពី​ការ​រំលោភ​សិទ្ធិ ​និង​ការ​បញ្ឈប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​១.៤០៨​នាក់​នៅ​តាម​រោងចក្រ​ចំនួន​២៣។​

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ C-CAWDU ​លោក ​គង់ អាទិត្យ​ ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នោះ​ថា​ វិវាទ​ក្នុង​រោងចក្រ​ទាំង​២៣ ​ដែល​ប៉ះពាល់​ដល់​កម្មករ​ចំនួន​១.៤០៨​នាក់​នោះ​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ តាំង​ពី​ឆ្នាំ​២០១៤​មក។​

លោក​ថា​ វិវាទ​កម្មករ​ក្នុង​រោងចក្រ​ទាំង​២៣​នោះ ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​រើស​អើង​សហជីព​ ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​ និង​សមាជិក​សហជីព ​រោងចក្រប្តូរ​ឈ្មោះ ​និង​រោងចក្រ​បិទ​ទ្វារ​ដោយ​មិន​ផ្តល់​សំណង​ជាដើម។​ ក្នុង​នោះ ​ក្រុម​កម្មករ​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ និង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ធ្វើ​អន្តរាគមន៍​ឲ្យ​រោងចក្រ​បញ្ឈប់​ការ​រើសអើង​សហជីព ​ទទួល​យក​កម្មករ​សហជីព​ដែល​ត្រូវ​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើ​ការ​វិញ ​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ និង​ស្នើ​ឲ្យ​រោងចក្រ​ដែល​បិទ​ទ្វារ​ផ្តល់​សំណង​៥​ចំណុច​ដល់​កម្មករ។​

«ទី១​គឺ​រោងចក្រ​ដែល​មាន​ផ្លូវ​ច្បាប់​ដោះ​ស្រាយ ​ យើង​ត្រូវ​សុំ​ឲ្យ​ខាង​ក្រុមហ៊ុន​ចូល​មក​ដោះ​ស្រាយ​ហើយ​ទទួល​យក​កម្មករ​សហជីព​វិញ។ ហើយ​រោងចក្រ​ណា​ដែល​មិន​មាន​ការ​សម្រេច​ដោយ​អាជ្ញា​កណ្តាល ​ឬ​មិន​មាន​ការ​បញ្ជា​ គឺ​សុំ​ទៅ​សម្តេច​អគ្គ​មហា​សេនាបតី​ ហ៊ុន សែន​ ផ្ទាល់​តែម្តង ​ដើម្បី​ឲ្យ​ជួយ​ធ្វើ​ម៉េច​សម្រួល​ឱ្យ​មាន​ការ​ទូទាត់​កញ្ចប់​លុយ​ឲ្យ​កម្មករ​ ឱ្យ​គាត់​មាន​ពេល​ទៅ​រក​ស៊ី​ទទួល​ទាន ​ចិញ្ចឹម​គ្រួសារ​គាត់»។​

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ គង់ អាទិត្យ​ បន្ថែម​ថា ការ​អូស​បន្លាយ​វិវាទ​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ដោយ​មិន​មាន​ដំណោះ​ស្រាយ​បែប​នេះ ​បង្ហាញ​ថា ​ប្រព័ន្ធ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​នៅ​មាន​ភាព​ទន់​ខ្សោយ។​

«ទី១​កើត​ឡើង​ដោយ​សា​ច្បាប់​យើង​ដែល​ការ​អនុវត្ត​នៅ​ខ្សោយ។ ​ ទី២​គឺ​ការ​ដាក់​ពិន័យ​វា​នៅ​តិច។ ​ វា​អត់​មាន​សម្ពាធ​អី​ធំ​ទៅ​និយោជក។ អ៊ីចឹង​បាន​យើង​សំណូម​ពរ​ដែរ​ថា បើ​សិន​ជា​មាន​ការ​ដំឡើង​នូវ​សម្ពាធ​ដាក់​ពិន័យ​ដែល​ចុះ​ទៅ​អធិការ​កិច្ច​ហ្នឹង ​ ប្រហែល​ជា​វិវាទ​ហ្នឹងវា​អាច​កាត់​បន្ថយ ​ដោយសារ​និយោជក​គាត់​ខ្លាច។​ យើង​មិនមែន​ថា​ ដល់​ថ្នាក់ទៅ​ចាប់​ចង​និយោជន​អីទេ​ ព្រោះ​ជា​ករណី​ស៊ីវិល។ អ៊ីចឹង​ករណី​ស៊ីវិល​យើង​ត្រូវ​ប្រើ​ប្រព័ន្ធ​ស៊ីវិល​ដើម្បី​ធ្វើ​ឱ្យ​ច្បាប់​តឹងរ៉ឹង»។​

រោងចក្រ​ទាំង​២៣​ដែល​មាន​វិវាទ​ជាមួយ​កម្មករ​ចំនួន​១.៤០៨​នាក់​មាន​ទីតាំង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​តាកែវ ​និង​ខេត្ត​កំពង់ស្ពឺ។​

អ្នកស្រី ​វណ្ណ សុផា ​អតីត​កម្មករ​នៅ​រោងចក្រ​ស្យុងយិន​ ស្ថិត​ក្នុង​ខេត្ត​កណ្តាល​ លើក​ឡើង​ថា កាលពី​ឆ្នាំ​២០១៦ រោងចក្រ​បាន​បញ្ឈប់​អ្នកស្រី ​និង​សមាជិក​សហជីព​ចំនួន​១២​នាក់​ទៀត​ដោយ​មិន​មាន​ប្រាក់​សំណង។ អ្នកស្រី​ថា​ អាជ្ញា​កណ្តាល​បាន​កាត់​ក្តី​ឲ្យ​អ្នកស្រី ​និង​កម្មករ​ដែល​ត្រូវ​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ​នៅ​ឆ្នាំ​២០១៨ ​ ប៉ុន្តែ​រោងចក្រ​នៅ​តែ​មិន​ផ្តល់​សំណង ​រហូត​ដល់​ពេល​រោងចក្រ​ត្រូវ​បិទ​ទ្វារ​នៅ​ឆ្នាំ​២០២០​ និង​ដល់​ពេល​បច្ចុប្បន្ន។​

អ្នកស្រី វណ្ណ សុផា អតីតកម្មករនៅរោងចក្រស្យុងយិន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី វណ្ណ សុផា អតីតកម្មករនៅរោងចក្រស្យុងយិន ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

«ចង់​សំណូមពរ​ខាង​ក្រសួង ​បើ​គាត់​អត់​មាន​ការ​ពាក់ព័ន្ធ​ហើយ ​ជួយ​ឲ្យ​ពួក​គាត់​ហ្នឹង​ដោះ​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​មក​ ព្រោះ​ពួក​ខ្ញុំ​ឈ្នះ​មាន​សេចក្តី​បង្គាប់​ពី​អាជ្ញា​កណ្តាល​ហើយ ​ ប៉ុន្តែ​គាត់​អត់​អនុវត្ត​សោះ។​ ហើយ​ពេល​ដែល​រោងចក្រ​ហ្នឹង​បិទ​ទ្វារ​ គាត់​ប្រាប់​ថាក្ស័យធន​និង​ពួក​ខ្ញុំ​អត់​មាន​ឈ្មោះ​បើក​លុយ​ទេ។ ​ កម្មករ​ទាំងអស់​គេ​បាន​បើក​ ​ចំណែក​ពួក​ខ្ញុំ​ដែល​ឈ្នះ​នៅ​អាជ្ញា​កណ្តាល​១២​នាក់​ហ្នឹង​អត់​បាន​បើក។​ គាត់​ថា​ ទុក​ពេល​ក្រោយ​ ហើយ​ទុក​ពេល​ក្រោយ​ពី​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២២។​ ហើយ គាត់​អត់​ទាន់​គិត​គូរ​ឲ្យ​ពួក​ខ្ញុំ​ទៀត»។​

ចំណែក​អ្នកស្រី ​ម៉ៅ សោភា ​អតីត​កម្មករ​នៅ​រោងចក្រ ​Full Fortune ​ក្នុង​ខេត្ត​កណ្តាល​ លើក​ឡើង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៥​ អ្នកស្រី​ដែល​ជា​ថ្នាក់​ដឹកនាំ​សហជីព ​និង​សមាជិក​ផ្សេង​ទៀត​ប្រមាណ​ជា​៣០​នាក់ ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​មិន​មាន​សំណង។ ​ហើយ​នៅ​ឆ្នាំ​២០១៦​រោងចក្រ​បាន​បិទ​ទ្វារ។អ្នកស្រី​បន្ថែម​ដោយ​រំពឹង​ថា​ រដ្ឋាភិបាល​នឹង​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​កម្មករ។​

«រំពឹង​ថា​សម្តេច​នឹង​ជួយ​ដោះ​ស្រាយ​… ឲ្យ​ពួក​ខ្ញុំ​មាន​ដំណោះស្រាយ​….​ស្រួល​ ខ្ញុំ​បាន​លុយ​កាក់​យក​ទៅ​ផ្គត់​ផ្គង់​គ្រួសារ​…​ ដូចជា​ការងារ​ ដូច​ថា​ ទៅ​រោងចក្រ​ណា​អ៊ីចឹង​គេ​យក​យើង។​ យើង​មាន​ពាក់ព័ន្ធ​ជាមួយ​បណ្តឹង​រោងចក្រ​អ៊ីចឹង​ ​ យើង​ពិបាក​រក​ការងារ​ធ្វើ​ណាស់។ ​ ដូច​បង​ដឹង​ស្រាប់​ហើយ ​ មាន​ឈ្មោះ​ប្តឹង​អ៊ីចឹង រោងចក្រ​ផ្សេង​គេ​អត់​ទទួល​យើង​ទេ​ ព្រោះ​យើង​ជា​សហជីព»។​

អ្នកស្រី ម៉ៅ សោភា អតីតកម្មករនៅរោងចក្រ Full Fortune ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី ម៉ៅ សោភា អតីតកម្មករនៅរោងចក្រ Full Fortune ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្តីអំពីការរំលោភសិទ្ធិ និងការបញ្ឈប់កម្មករក្នុងវិស័យកាត់ដេរ ១,៤០៨នាក់ មកពី២៣រោងចក្រ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

បើ​តាម​លោក ​គង់ អាទិត្យ​ ក្រុម​តំណាង​កម្មករ​ និង​សហជីព​ បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​កាន់​ក្រសួង​ការងារ ​កាលពី​ថ្ងៃ​១០ ​ខែ​ធ្នូ ​ឆ្នាំ​២០២១ ​និង​ទើប​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ជួប​ជាមួយ​មន្រ្តី​កាល​ពី​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មេសា​ តែ​មិនទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយ។ ​ ហើយ​នៅ​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០២២​ ពួក​គេ​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​មាន​ដំណោះ​ស្រាយ​ជា​បន្ទាន់​ផង​ដែរ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហូ សុទ្ធី​ នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ​បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

លោក ​ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ប្រាប់ VOA ​ជា​អក្សរ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា​ មន្រ្តី​ក្រសួង​ការងារ​ទើប​តែ​បាន​ជួប​ជាមួយ​សហជីព​ដើម្បី​សុំ​ព័ត៌មាន ​និង​ពន្យល់​បន្ថែម​អំពី​ករណី​រោងចក្រ​ដែល​បិទ។ សម្រាប់​រោងចក្រ​ដែល​ប្តូរ​ឈ្មោះ​ លោក​ថា ​ក្រសួង​ត្រូវ​ពិនិត្យ​លើ​ឯកសារ​ពាក់​ព័ន្ធ​នឹង​រោងចក្រ​ទាំង​នោះ​ ថា​ ​ជា​ការ​គ្រាន់តែ​ប្តូរ​ឈ្មោះ ​ឬ​យ៉ាង​ណា។​

លោក​បន្ថែម​ថា៖ ​«ចំពោះ​រោងចក្រ​ដែល​កំពុង​ដំណើរ​ការ​គឺ​យើង​ក៏​សុំ​ព័ត៌មាន​បន្ថែម​ដើម្បី​ពិនិត្យ​តើ​ជា​ការ​បញ្ឈប់​ដោយសារ​មូលហេតុ​អ្វី ?ហើយ​ករណី​នោះ​ជា​វិវាទ​រួម ​ឬ​វិវាទ​បុគ្គល​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​បុគ្គលិក​នេះ។ មន្ត្រី​ជំនាញ​នឹង​បន្ត​ជួប​ជាមួយ​ភាគី​សហជីព​លើ​ករណី​នេះ»។​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្មករ​និយោជិត​បាន​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​ក្នុង​សហគ្រាស​ គ្រឹះស្ថាន​ដែល​ពួកគេ​ធ្វើ​ការ​តាម​កំណត់​ច្បាប់​ ប៉ុន្តែ​និយោជក​មួយ​ចំនួន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​បណ្តេញ​កម្មករ​និយោជិត​ដែល​ជា​សហ​ស្ថាបនិក​សហជីព​ចេញ​ពី​ការងារ​របស់​ពួកគេ​ និង​មាន​ករណី​បិទ​ទ្វារ​រោងចក្រដោយ​មិន​មាន​ការ​ទូទាត់​សំណង​តាម​ច្បាប់​ស្តីពី​ការងារ​ជាធរមាន​នោះ​ឡើយ។ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​C-CAWDU​ចេញ​កាលពី​ថ្ងៃ​ទី​៤​ ខែ​មេសា ​ឆ្នាំ​២០២២៕

XS
SM
MD
LG