ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ ថា​ ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA នឹង​មិន​ប៉ះពាល់​ការ​នាំចេញ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន សែន​ បាន​អះអាង​ថាការនាំចេញ​របស់​កម្ពុជា​នឹងមិន​រង​សម្ពាធ​ណា​មួយ​ឡើយ​ បើសិន​មានការ​ដកឋានៈប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ» (Everything But Arms ឬ​ EBA)ពី​សំណាក់​សហភាព​អឺរ៉ុប​ដែល​បន្តបង្ហាញ​ការ​បារម្ភ​អំពី​រឹតត្បិតសិទ្ធិ​នយោបាយ​របស់​ក្រុម​ជំទាស់​នៅកម្ពុជា​។

លោកហ៊ុន សែន​កំពុង​មានវត្តមាន​ក្នុងទ្វីបអឺរ៉ុប​ដើម្បី​ទៅចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​នៅ​ទីក្រុង​ដាវ៉ូស​ប្រទេស​ស្វីស ទីដែល​លោកនឹង​ដឹកនំា​កម្មវិធី​មួយ​ចំនួន​ដើម្បី​ជំរុញ​សកម្ម​ភាព​ជំនួញ​បរទេស​នៅ​កម្ពុជា​។

នៅ​ក្នុង​ពិធីជួបជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ចំនួនជាង​២០០០នាក់​ នៅ​ទីក្រុង Zurich ប្រទេស​ស្វីសកាល​ពីចុង​សបា្តហ៍​កន្លង​ទៅនេះ​ លោកហ៊ុន​ សែន​បាន​ប្រាប់​ពលរដ្ឋខ្មែរ​រស់​នៅ​ក្នុង​ទី្វប​អឺរ៉ុបនោះថា«ការ​ដក EBA ពី​អឺរ៉ុបមិន​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​នោះទេ»។ នេះបើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ហ៊ុន សែន​។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឱ្យដឹង​ទៀត​ថា​ ឆ្នាំ​កន្លង​ទៅ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​អឺរ៉ុប​ សម្រេច​បាន​ជាង៤ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​កម្ពុជា ​នាំ​ចេញ​ទៅ​អឺរ៉ុប​ មាន​ទឹក​ប្រាក់​ជាង​៣ពាន់​លាន​ដុល្លារ​។

បើ​តាម​លោក​ហ៊ុន សែន ​វិស័យ​កាត់ដេរ​ក៏កំពុង​មាន​សកម្មភាព​ល្អ​ប្រសើរ​ ខណៈ​ការ​បញ្ជា​ទិញ​មាន​ការ​កើន​ឡើង ក្នុង​នោះ​រោង​ចក្រ​ប្រមាណ​៥០០​ កំពុង​បង្កើន​ម៉ោង​ក្នុង​ការ​ផលិតផង​ដែរ​។ យ៉ាងណា​ក៏ដោយ​ មេដឹកនាំ​ទីក្រុង​ភ្នំពេញ​រូបនេះ​ថា​ កំណើន​សេដ្ឋកិច្ច​ដ៏ល្អ​របស់​កម្ពុជា ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ដែល​បានទាញ​ទម្លាក់​រហូតដ​ល់​ក្រោម​សូន្យ ​និង ​រំពឹងថា​ងើប​ឡើងវិញ​ដល់ជាង​៥ភាគរយ​ឆ្នាំនេះ។

គួរ​រំឭក​ឡើងវិញ​ផងដែរ​ថា​ កាល​ពីដើម​ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ សមាជិក​សភារបស់​សហភាព​អឺរ៉ុប​ច្រើន​លើស​លប់​ បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ​ដែល​បាន​បង្ហាញ​ការព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្ក្រាប​នយោ​បាយ​នៅ​កម្ពុជា​ និងបាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ឬ​ EBA ​ទាំង​ស្រុង​ប្រសិនបើ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​មិនមាន​ភាពសេរី និង​យុត្តិធម៌។ ពួកគេ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា ផង​ដែរ៕

XS
SM
MD
LG