ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទាមទារ​ឲ្យ​លោក Biden ពិនិត្យ​រក​សារធាតុ​ញៀន ខណៈការ​ជជែក​ដេញដោល​នឹងធ្វើឡើងនៅ​ថ្ងៃ​អង្គារ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​នឹង​ទាមទារ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែលជា​គូ​ប្រជែង​របស់​លោក ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​មុន ឬ​ក៏​ក្រោយ​ការ​ជជែក​ដេញដោល​របស់​ពួកគេ​ នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក។

លោក Trump ​បាន​លើក​ឡើង​ថា ​ការ​សម្ដែង​ឡើង​របស់​លោក Biden នៅ​ក្នុង​ការ​ជជែក​ដេញដោល​នយោបាយ​ កាល​ពី​លើក​មុនៗ​ នៅ​ក្នុង​ឆ្នាំ​នេះ​ មាន​លក្ខណៈ​មិន​នឹងនរ​ល្អ ដោយសារតែ​លោក Biden ប្រើ​សារធាតុ​ញៀន។

ការ​ចោទ​ប្រកាន់​របស់​លោក Trump នេះ បាន​ធ្វើ​ឡើង​ស្រប​ដែល​លោក​នៅ​បន្ត​ស្ថិត​ពីក្រោយ​លោក Biden នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​អស់​រាប់​ខែ​មក​ហើយ។

នៅ​ក្នុង​ការ​ជជែក​ដេញដោល​ជាមួយ​អ្នក​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​កន្លង​មក​ក្នុង​ឆ្នាំ​នេះ លោក Biden ពេល​ខ្លះ ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​នៅ​លើ​វេទិកា​ដេញដោល​ជាមួយ​បេក្ខជន​ច្រើន ប៉ុន្តែ​លោក​ហាក់​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​ជជែក​ដេញដោល​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Vermont កាល​ពី​ខែ​មីនា។

កាល​ពី​ខែ​មុន លោក Trump បាន​និយាយ​ថា៖ «អ្នក​បាន​ឃើញ​ការ​ជជែក​ដេញដោល​ទាំង​នោះ​ខ្លះ​ដែល​មាន​មនុស្ស​ច្រើន​នៅ​លើ​វេទិកា។ ខ្ញុំ​ធ្លាប់​និយាយ​ថា តើ​លោក [Biden] អាច​បន្ត​ទៅ​មុខ​រួច​ដោយ​វិធី​ណា?»។

លោក Trump ដែល​មាន​វ័យ ៧៤ ឆ្នាំ តែង​ចោទ​សួរ​ពី​ប្រក្រតីភាព​ខាង​ផ្លូវចិត្ត​របស់​លោក Biden ដែល​មាន​វ័យ ៧៧ ឆ្នាំ។ ប៉ុន្តែ​លោក Biden តែង​សើច​ចំអក​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក Trump ដោយ​និយាយ​ថា លោក​នឹង​តទល់​ជាមួយ​លោក Trump នៅ​ក្នុង​ការ​ជជែក​ដេញដោល។

ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio ដោយ​មាន​លោក Chris Wallace អ្នក​សារព័ត៌មាន​មក​ពី​ទូរទស្សន៍ Fox News ជា​អ្នក​សម្របសម្រួល៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG