ក្រុមមន្រ្តីសិទ្ធិមនុស្ស ដែលធ្វើការលើបញ្ហាដីធ្លីនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារទំនាស់សង្គមនេះកត់សម្គាល់ឃើញការរីកចម្រើនតិចតួចក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដាក់បញ្ជាដល់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមូលដ្ឋានឲ្យដោះស្រាយវិបត្តិដីធ្លីនៅទូទាំងប្រទេស។
ផ្ទុយទៅវិញបទបញ្ជានោះបានលើកទឹកចិត្តឲ្យក្រុមប្រជាពលរដ្ឋអ្នករងគ្រោះដោយសារទំនាស់ដីធ្លីងើបឡើងតវ៉ាបន្ថែមទៀត។
កាលពីថ្ងៃទី១៨ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាស់តឿនមន្ត្រីរដ្ឋាភិបាល និងមន្ត្រីមូលដ្ឋានរបស់លោកឲ្យចាប់ផ្តើមយកចិត្តទុកដាក់ដោះស្រាយវិបត្តិដីធ្លីរបស់ក្រុមប្រជាពលរដ្ឋឡើងវិញ។ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្នុងប្រទេសនេះទំនងជាមូលហេតុមួយធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបាត់បង់ការគាំទ្រយ៉ាងច្រើនក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២១០៣។
លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកកត់សម្គាល់ឃើញថា ជាងពីរសប្តាហ៍ក្រោយពីបញ្ជារបស់លោកប្រមុខរដ្ឋាភិបាល ក្រុមប្រជាពលរដ្ឋជាច្រើនបានក្រោកឡើងតវ៉ាអំពីបញ្ហាដីធ្លីដោយសារតែទំនាស់ទាំងនោះអូសបន្លាយច្រើនឆ្នាំ។ ប៉ុន្តែលោកឡាត់ គីនិយាយថា លោកមិនទាន់ឃើញប្រសិទ្ធភាពនៃបទបញ្ជានោះនៅឡើយ។
«ទន្ទឹមគ្នានឹងនោះរឿងដទៃទៀតសុទ្ធតែមិនបានលទ្ធផល មានន័យថាបានត្រឹមតែដាក់ញ្ញតិ្តបញ្ជូនទៅខុទ្ទកាល័យ (នាយករដ្ឋមន្ត្រី) បានដាក់ញ្ញត្តិបញ្ជូនទៅរដ្ឋសភា ប៉ុន្តែខេត្តទាំងអស់ដែលជាប់ពាក់ព័ន្ធហាក់ដូចជាអត់មានផែនការជាក់លាក់ក្នុងការដោះស្រាយទេ។ ដូច្នេះខ្ញុំឃើញថា អត់សូវមានប្រសិទ្ធភាពទេអនុសាសន៍ នៅក្នុងពេលនេះ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកឲ្យដឹងថា មានប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីបានកើនដល់ជាង៧៧០០០០នាក់ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។ ក្នុងនោះមានជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំ ឬដោយការរំលោភយកដីស្រែ ផ្ទះសម្បែងជាដើម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្តីបន្ទោសមន្ត្រីរដ្ឋអំណាចមូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាលចំពោះបរាជ័យក្នុងការដោះស្រាយទំនាស់ដីធ្លីទាំងនេះ។ លោកក៏បានស្តីបន្ទោសដែរថា កងកម្លាំងប្រដាប់អាវុធរបស់មូលដ្ឋានបានព្យាយាមរារាំងក្រុមប្រជាពលរដ្ឋមិនឲ្យធ្វើការតវ៉ានៅក្នុងក្រុងភ្នំពេញ ឬឡើងមកតវ៉ានៅក្នុងក្រុងភ្នំពេញទេ។
លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ក្រុមអាជ្ញាធរក្រុងនៅតែបន្តរារាំងការប្រមូលផ្តុំសម្រាប់ការតវ៉ាអំពីរឿងដីធ្លីនៅឡើយ។ មួយវិញទៀតការតវ៉ាអំពីបញ្ហានេះនៅតែបន្ត។ រីឯការដោះស្រាយមិនទាន់មានជាវិជ្ជមាននៅឡើយ។
«រយៈពេលចុងក្រោយនេះមានការតវ៉ាជាច្រើន។ នៅថ្ងៃនេះអ្នកខេត្តក្រចេះ ស្រុកឆ្លូងក៏បានឡើងមកជាបន្តបន្ទាប់ទៀត។ ហើយនៅបាត់ដំបង នៅប៉ៃលិន នៅព្រះវិហារនៅបន្ទាយមានជ័យ នៅមិនទាន់មានសញ្ញាណនៃការដោះស្រាយនៅឡើយទេ»។
នៅក្នុងសប្តាហ៍នេះដែរ ក្រុមប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា និងមានទំនាស់ជាមួយភរិយាមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ បានធ្វើការតវ៉ាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយ។ បន្ថែមពីនោះ ក្រុមប្រជាពលរដ្ឋនៃសហគមន៍ន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ ដូចជាសហគមន៍បឹងកក់ បូរីកីឡា ថ្មគោល ប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង បន្ទាយមានជ័យជាដើម បានព្យាយាមយកញ្ញត្តិជូនលោកនាយករដ្ឋមន្ត្រីដើម្បីស្នើសុំអន្តរាគមន៍លើបញ្ហារបស់ពួកគេ។ ប៉ុន្តែក្រុមអាជ្ញាធរបានរារាំងពួកគេ។
អ្នកស្រីទេព វន្នី សកម្មជនដីធ្លី និងជាម្ចាស់ពានរង្វាន់ភាពជាអ្នកដឹកនាំ Global Leadership យល់ថា អាជ្ញាធរនៅតែមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋនៅឡើយ។
«សូម្បីតែអនុសាសន៍របស់សម្តេចនៅពេលថ្មីៗថា នៅពេលដែលប្រជាពលរដ្ឋយកញ្ញត្តិទៅដាក់រឿងដីធ្លី មិនដែលទៅដល់ដៃគាត់ ដោយសារមានកងកម្លាំងប្រដាប់អាវុធខ្ទប់។ ហើយនៅក្នុងថ្ងៃនោះគាត់ហាក់ដូចជាមានភាពមុតមាំក្នុងឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋ។ ប៉ុន្តែនៅពេលដែលពួកខ្ញុំព្យាយាមយកញ្ញត្តិទៅដាក់នៅខុទ្ធកាល័យរបស់គាត់ក្តី នៅទីស្តីការគណៈរដ្ឋមន្ត្រីក្តី យើងឃើញថា កងកម្លាំងព្យាយាមហាមឃាត់ពួកយើង ហើយបានចាប់ឃាត់ខ្លួនពួកខ្ញុំអស់រយៈពេលពីរម៉ោងជាដើម។ ហើយនៅតែអត់មានដំណោះស្រាយដដែល»។
មានប្រជាពលរដ្ឋច្រើនជាង៣០០គ្រួសារក្នុងសហគមន៍បឹងកក់ បូរីកីឡានិងថ្មគោល ក្បែរព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ កំពុងរង់ចាំដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគេដែលជាប់ទាក់ទិននឹងឈ្មួញ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច។
ដោយឡែកលោកឡោ ច័ន្ទ អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ អះអាងថា អាជ្ញាធរខេត្តបានចាប់ផ្តើមនិតិវិធីដោះស្រាយជំហានដំបូង ប៉ុន្តែមិនទាន់បានហុចលទ្ធផលជាផ្លែផ្កានៅឡើយ។
«ខ្ញុំសង្កេតឃើញថា សម្រាប់ខេត្តព្រះវិហារ អាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្តបានធ្វើការដោះស្រាយ ប៉ុន្តែមកដល់សព្វថ្ងៃមិនទាន់បានដោះស្រាយចប់សព្វគ្រប់ករណីណាមួយនោះទេ»។
ខេត្តព្រះវិហារ ដែលមានប្រជាពលរដ្ឋច្រើនជាង១០០០គ្រួសារកំពុងស្ថិតក្នុងជម្លោះដីធ្លី។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើការដោះស្រាយជាប្រព័ន្ធដែលមិនអាចធ្វើឡើងក្នុងរយៈពេលខ្លីនោះឡើយ។
«រាជរដ្ឋាភិបាលមិនដោះស្រាយតាមរបៀបប្រតិកម្មនោះទេ។ យើងដោះស្រាយតាមរបៀបរក្សានូវស្ថិរភាព គឺស្ថិរភាពតាមប្រព័ន្ធ តាមគោលការណ៍ច្បាប់ និងរក្សាឲ្យការដោះស្រាយនោះក្លាយទៅជាប្រសិទ្ធភាពនៅក្នុងសង្គម គឺមិនមែនជាការដោះស្រាយដោយមិនមានការចូលរួមពីតុលាការពីមន្ត្រីជំនាញ និងពីប្រជាពលរដ្ឋនោះទេ»។
ទោះជាបែបនេះក្តី ក្រុមមន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា ការដោះស្រាយវិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាអាចនឹងនៅតែមានភាពស្មុគ្រស្មាញ ប្រសិនបើរដ្ឋាភិបាលមិនហ៊ានវះកាត់ចំពោះមន្ត្រីដែលមានអំណាច និងមានលុយសន្ធឹកសន្ធាប់នោះទេ។
មន្ត្រីទាំងនេះគឺជាទម្ររបស់គណបក្សកាន់អំណាច ហើយពិបាកនឹងប៉ះពាល់បាន៕