នាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុន សែនបានវាយប្រហារដោយសម្តីធ្ងន់ៗលើមន្ត្រីការពារសិទ្ធិមនុស្សនាំមុខមួយរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្រោយពីមន្ត្រីសិទ្ធិមនុស្សរូបនោះបានធ្វើអត្ថាធិប្បាយប៉ះពាល់ដល់កិច្ចការរបស់លោក។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាលាឯកជនមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីបានយោងដល់សេចក្តីអត្ថាធិប្បាយរបស់មន្ត្រីការពារសិទ្ធិមនុស្សខាងលើអំពីទំនាស់ដីធ្លីនៅក្នុងការផ្សាយរបស់វិទ្យុវីអូអេសំឡេងសហរដ្ឋអាមេរិក។
«ឆ្លងតាមវិទ្យុវីអូអេថ្ងៃទី២០ មានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលម្នាក់បានធ្វើការបកស្រាយ ហើយវាហាក់ដូចជា ខ្ញុំជាកូនក្មេងម្នាក់ថា គួរឲ្យភ្ញាក់ផ្អើលដែលលោកហ៊ុន សែនអត់ដឹងរឿងអី។ ផ្ទះគាត់មានកាម៉េរ៉ា គាត់មិនមើលព័ត៌មាន។ ថាគាត់មិនដឹងទៅចុះ តែឥឡូវគាត់ដឹងហើយ តើគាត់ដោះស្រាយរបៀបណា? ខ្ញុំផ្តាំទៅឯកឧត្តម ឬលោកដែលមានកិត្តិយសជំនួសឲ្យភាសា(ថា)អាល្ងង់ អាក្មេងព្រហើន រឿងដែលខ្ញុំនិយាយថា ញ្ញត្តិគឺប៉ុន្មានរឿងក្រោយនេះ»។
លោកហ៊ុន សែនមិនបានបង្ហាញឈ្មោះចំៗរបស់មន្ត្រីសិទិ្ធមនុស្សដែលលោកធ្វើការវាយប្រហារនោះទេ។ ប៉ុន្តែនៅក្នុងសេចក្តីរាយការណ៍របស់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាកាលពីថ្ងៃអង្គារទី២០ខែសីហា លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកហាក់ដូចជាសម្តែងការហួសចិត្តនៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រតិកម្មជាលើកដំបូងអំពីបរាជ័យរបស់មន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋាភិបាលរបស់លោកក្នុងបរាជ័យនៃការដោះស្រាយទំនាស់ដីធ្លីនៅក្នុងប្រទេស ហើយដែលធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះធ្វើដំណើរមកតវ៉ានៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅមុខភូមិគ្រឹះរបស់លោក។
នៅក្នុងនោះដែរ លោកហ៊ុន សែនបានដឹងពីការតវ៉ារបស់ក្រុមប្រជាពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លី តាមរយៈបណ្តាញផ្សព្វផ្សាយ ហើយញ្ញត្តិដែលបានដាក់ជូនរូបលោកដើម្បីស្នើសុំអន្តរាគមន៍ពីរូបលោកនោះ មិនបានធ្លាក់ដល់ដៃលោកទេ។
ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជារយៈពេលជាងដប់ឆ្នាំកន្លងមកនេះបានបង្កឲ្យប្រជាពលរដ្ឋរងគ្រោះយ៉ាងតិចចំនួន៧៧០០០០នាក់។ ពលរដ្ឋមួយចំនួនបានបាត់បង់ដីស្រែ ចម្ការនិងផ្ទះសម្បែង ដោយសារការបំពានរំលោភយកដោយក្រុមហ៊ុនឯកជន ឬពីអ្នកមានអំណាច។
លោកនី ចរិយា អធិប្បាយលើសេចក្តីអះអាងរបស់លោកហ៊ុន សែនថា លោកនាយករដ្ឋមន្ត្រីទើបតែបានទទួលដំណឹងអំពីទំនាស់ដីធ្លី ហើយលោករង់ចាំមើលថា តើលោកនាយករដ្ឋមន្ត្រីនឹងចាត់វិធានការបែបណាចំពោះបាតុភាពសង្គមនេះ។
លោកហ៊ុន សែនបានវាយបកលោកនី ចរិយា ដោយប្រើពាក្យត្រង់ៗនិងធ្ងន់ៗ ដោយចាត់ទុកថា មន្ត្រីសិទ្ធិមនុស្សនាំមុខនេះមិនបានឃើញពីស្នាដៃដោះស្រាយជម្លោះដីធ្លីរបស់លោកទេ។
«ឥឡូវគេដោះហើយតើ ដូច្នេះហើយបានជាចៅហ្វាយខេត្តរត់ទាំងយប់។ អីក៏ភ្លើម្ល៉េះ! តែអានេះភ្លើខូច។ កុំព្រហើនពេកណា អាក្មេងព្រហើន!។លោកឯងនិយាយយកចំណេញ។ អាងឡើងអាងចង់ទម្លាក់នាយករដ្ឋមន្ត្រី។ មើលោកឯងសាកមើល! បើក្បាលប៉ានដែក សុំអញ្ជើញ! ខ្ញុំប្រើភាសាថា លោកអ្នក ថ្លៃថ្នូរជំនួសពាក្យថា អាល្ងង់។ អានេះអាងមានវីអូអេ វិទ្យុអាស៊ីសេរី។ (តែ)អញមានទូរទស្សន៍វ៉ី»។
ឆ្លើយតបមកវិញ លោកនី ចរិយាចាត់ទុកថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីគឺជាសេរីភាពនៃការបញ្ចេញមតិមួយដែលស្ថិតក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យ។
«អ្វីដែលសម្តេចហ៊ុន សែនមានប្រសាសន៍គឺជាសេរីភាពបញ្ចេញមតិរបស់លោក។ លោកមានសេរីភាពហ្នឹងដែរ។ ដូច្នេះខ្ញុំយល់ថា អ្វីដែលសម្តេចហ៊ុន សែនមានប្រសាសន៍ជារឿងធម្មតា គឺនៅក្នុងប្រទេសប្រជាធិបតេយ្យគឺជាការប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនរៀងៗខ្លួន»។
ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានវាយប្រហារដោយសម្តីធ្ងន់ៗលើអ្នករិះគន់លោក។ ជាច្រើនឆ្នាំកន្លងមកនេះ លោកធ្លាប់ហៅបណ្ឌិត យ៉ាងហោចណាស់ចំនួនពីររូបដែលមានចំណេះដឹងផ្នែកសេដ្ឋកិច្ច និងផ្នែកនិតិសាស្ដ្រ និងនយោបាយថា ជា«បណ្ឌិតល្ងង់វិទូ»៕