ទំនងជាស្ថិតក្នុងការទទួលស្គាល់ពីផលប៉ះពាល់ដោយសារជម្លោះដីធ្លីលើលទ្ធផលបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចយូរនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាខ្លាំងៗកាលពីថ្ងៃច័ន្ទឲ្យក្រុមមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីថ្នាក់ខេត្តដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លី។
គណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត ហើយដែលទទួលបានអាសនៈចំនួន៩០នៅក្នុងរដ្ឋសភាកាលពីឆ្នាំ២០០៨ បានធ្លាក់ដាំក្បាលបាត់បង់ប្រជាប្រិយភាពនិងរបូតអាសនៈចំនួន២២នៅក្នុងរដ្ឋសភាកាលពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ កន្លងទៅនេះ។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ការបាត់បង់ដ៏ធំធេងរបស់គណបក្សកាន់អំណាចចាស់វស្សានេះ មួយផ្នែកគឺបណ្តាលមកពីការមិនដោះស្រាយវិបត្តិដីធ្លី ដែលរីករាលដាលពាសពេញប្រទេស និងជាវិបត្តិដែលបានក្លាយជាជំងឺយ៉ាងរ៉ាំរ៉ៃរាប់ទសវត្សរ៍ នៅតែមិនអាចព្យាបាលបាន។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអះអាងថា បញ្ហាដីធ្លីគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ចំនួនបីដែលបានរុញទម្លាក់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតកន្លងទៅនេះ។ ក្នុងនោះគឺការមិនដោះស្រាយទំនាស់ដីធ្លី អំពើពុករលួយរីករាលដាលនិងភាពក្រីក្រ។
«នៅពេលនេះដោយសារឃើញថា ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តជាមួយនឹងការគាបសង្កត់ ការរំលោភសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមិនមានជម្រើសអ្វីក្រៅពីការកែទម្រង់ទេ បើសិនជាខ្លួនត្រូវការឲ្យមានការគាំទ្រពីប្រជាពលរដ្ឋតទៅទៀត»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ បង្ហាញថា ប្រជាពលរដ្ឋរងគ្រោះនិងអ្នកទទួលរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លី បានកើនដល់ជាង៧៧០០០០នាក់ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ គឺជាតួលេខដ៏មានសារៈសំខាន់ ដោយសារតែប្រជាពលរដ្ឋទាំងនោះសុទ្ធតែស្ថិតក្នុងក្រុមគ្រួសារដែលមានសមាជិកមានសិទ្ធិបោះឆ្នោត។
ក្នុងរយៈពេល១៣ឆ្នាំនៃការរីករាលដាលនៃជម្លោះដីធ្លី គេតែងតែឮស្ទើរតែរាល់ថ្ងៃសម្រែកនៃការតវ៉ារបស់ក្រុមជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំឬ ដោយការរំលោភយកដីស្រែ ផ្ទះសម្បែងជាដើម។ ក្រុមប្រជាពលរដ្ឋជារឿយៗបានធ្វើការតវ៉ាដោយបិទផ្លូវជាតិ ដោយឡើងមកទីក្រុងភ្នំពេញដើម្បីស្វែងរកការជួយអន្តរាគមន៍ពីរដ្ឋសភា ពីក្រសួងនានាមួយចំនួន និងស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី។
ជាញឹកញាប់ គេតែងតែឮពីការរារាំងរបស់ក្រុមអាជ្ញាធរមិនឲ្យប្រជាពលរដ្ឋប្រមូលផ្តុំគ្នាដាក់ញ្ញត្តិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬអាជ្ញាធរមិនឲ្យពួកគាត់នៅជិតភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីជាដើម ឬគ្រាន់តែមានមន្ត្រីតំណាងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីមកទទួលញ្ញត្តិពីក្រុមប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ទីបំផុតនៅតែមិនមានដំណោះស្រាយ។
ការដែលមិនមានដំណោះស្រាយបានដុតកំហឹងប្រជាពលរដ្ឋម្ចាស់ឆ្នោតពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏បានបណ្តុះស្មារតីតវ៉ារបស់ពួកគេ ឲ្យមានសេចក្តីក្លាហានជាលំដាប់ដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃច័ន្ទម្សិលមិញនេះថ្លែងក្នុងពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ឆ្នាំ២០១៤-២០១៨ ដោយលោកបញ្ជាក់ថា លោកមិនដែលបានទទួលញ្ញត្តិពីក្រុមប្រជាពលរដ្ឋនោះទេ។
«ខ្ញុំមិនដឹងថា អាញ្ញត្តិហ្នឹងទៅដល់កន្លែងណាទេ។ ខ្ញុំសូមជំរាបថា ញ្ញត្តិហ្នឹងមិនបានមកដល់ខ្ញុំទេ»។
ដូច្នេះចង់ឬមិនចង់ ការបញ្ជូនព័ត៌មានស្តីពីទំនាស់ដីធ្លីជូនលោកប្រមុខរដ្ឋាភិបាលអាចនឹងមានបញ្ហាចាប់ពីថ្នាក់ក្រោម ឬក៏អាចមានបញ្ហានៅក្នុងចង្កោមខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីខ្លួនឯងផងដែរ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកទំនងជាហួសចិត្ត នៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់ដូចជាទើបតែបង្ហាញការភ្ញាក់ផ្អើលចំពោះដំណោះស្រាយវិបត្តិដីធ្លីរបស់ក្រុមប្រជាពលរដ្ឋ។
«រឿងដីធ្លីនេះប្រជាជនឡើងមកតវ៉ា ជាពិសេសនៅមុខផ្ទះគាត់ទៀត។ ហើយនៅមុខផ្ទះគាត់មានកាម៉េរ៉ាសុវត្ថិភាពទៀត។ ហើយគាត់មិនដឹង។ យើងចាត់ទុកថា គាត់មិនដឹងទៅចុះ! គាត់មិនមែនជាអ្នកអានកាសែត។ គាត់មិនមែនជាអ្នកមើលព័ត៌មានជាដើម ហើយឥឡូវគាត់ថា គាត់ទើបតែដឹង។ យើងចាត់ទុកថា គាត់ទើបតែដឹងទៅចុះ! ប៉ុន្តែការទើបនឹងដឹងរបស់គាត់ តើគាត់នឹងចាត់វិធានការយ៉ាងម៉េច?»
កាលពីខែកញ្ញា ក្នុងឱកាសកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង លោកហ៊ុន សែនបានអះអាងថា លោកគឺជាមនុស្សដែលញៀនក្នុងការអានព័ត៌មានគឺលោកត្រូវការអានព័ត៌មាន ដូចការទទួលទានបាយដូច្នេះដែរ។
យ៉ាងណាក៏ដោយ នេះជាលើកទី១ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលលោកហ៊ុន សែនបានរិះគន់លើកង្វះដំណោះស្រាយជម្លោះដីធ្លីសម្រាប់ប្រជាពលរដ្ឋ។ ហើយវាក៏ជាសញ្ញានៃការទទួលស្គាល់អំពីផលប៉ះពាល់ដល់សំឡេងឆ្នោតដោយសារបញ្ហានេះដែរ។
«កន្លងទៅនេះ ខ្ញុំតែងតែឃើញតាមសារព័ត៌មានទៅវិញទេនូវការទាមទាររបស់ប្រជាពលរដ្ឋ លើកទាំងរូបរបស់ខ្ញុំ និងប្រពន្ធខ្ញុំទៀតផង។ ប៉ុន្តែតើមូលដ្ឋានបានដោះស្រាយរឿងនេះទេ?»
ទោះជាយ៉ាងណា លោកនី ចរិយាបានស្តីបន្ទោសដល់ការត្រួតពិនិត្យលើកិច្ចការរដ្ឋរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«អ្វីដែលធ្វើឲ្យប៉ះពាល់សំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាគឺដោយសារថ្នាក់ដឹកនាំ ជាពិសេសសម្តេចហ៊ុន សែនចេះស្តាប់តែរបាយការណ៍បញ្ចើចបញ្ចើរ ចេះស្តាប់តែរបាយការណ៍ដែលភូតភរ ត្រង់របាយការណ៍ពិតជាក់ស្តែង លោកមិនសូវចូលចិត្តស្តាប់។ នេះគឺជាកំហុសមួយដ៏ធំសម្រាប់ឲ្យគាត់អាចទប់ទល់ទៅនឹងស្ថានភាពខាងនយោបាយ ជាពិសេសស្ថានភាពប្រជាប្រិយភាពដើម្បីទាញយកសំឡេងឆ្នោត»។
ផ្អែកតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុកឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន១០៩នាក់ត្រូវទទួលរងការចោទប្រកាន់ដោយតុលាការនិង៤៣នាក់ត្រូវចាប់ខ្លួន និងដាក់ពន្ធនាគារនៅឆ្នាំ២០១៣ ដោយសារជម្លោះដីធ្លី។ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា តែងតែកើតឡើងរវាងក្រុមប្រជាពលរដ្ឋក្រីក្រជាមួយនឹងក្រុមហ៊ុនឯកជនដែលមានឥទ្ធិពលលុយកាក់ឬជាមួយមន្ត្រី និងគ្រួសាររបស់មន្ត្រីដែលមានបណ្តាសក្តិក្នុងរដ្ឋាភិបាល។
នៅក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋចំនួន១២៦ត្រូវចោទប្រកាន់ដោយតុលាការក្នុងជម្លោះដីធ្លី ពោលគឺចំនួនប្រជាពលរដ្ឋដែលប្រឈមមុខនឹងបញ្ហាតុលាការដោយសារជម្លោះដីធ្លីមានចំនួន១៩នាក់ ច្រើនជាងប្រជាពលរដ្ឋដែលត្រូវចោទប្រកាន់ដោយតុលាការពេញមួយឆ្នាំ២០១៣ ហើយប្រជាពលរដ្ឋចំនួន១៩នាក់កំពុងជាប់ពន្ធនាគារ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ ធ្លាប់បានបង្ហាញគោលនយោបាយដីធ្លីរបស់ខ្លួន ហើយបានព្រមានពីវិបត្តិសង្គម ដោយសារជម្លោះដីធ្លីនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះ លើកឡើងថា គណបក្សកាន់អំណាចត្រូវតែពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងការគ្រប់គ្រងដីធ្លី។
«សំខាន់ត្រូវតែគោរពច្បាប់ភូមិបាលឲ្យបានត្រឹមត្រូវ នោះនឹងមិនមានអ្វីដោះស្រាយមិនចេញនោះទេ។ ប៉ុន្តែសព្វថ្ងៃ អ្នកមានអំណាចមួយចំនួនឈរខាងក្រុមហ៊ុន ទោះជាខុសច្បាប់ក៏នៅឈរខាងក្រុមហ៊ុន។ មានអ្នកខ្លះទៀតអាងអំណាចក្នុងរដ្ឋាភិបាលទៅកៀបសង្កត់ប្រជាពលរដ្ឋ»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកវិភាគឃើញថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្វេសប្រហែសក្នុងការដោះស្រាយបញ្ហាសង្គម ជាពិសេស ទំនាស់ដីធ្លី នោះនឹងអាចនាំឲ្យគណបក្សនេះបាត់បង់ប្រជាប្រិយភាពបន្ថែមទៀត។ គណបក្សប្រជាជនកម្ពុជាបានកាន់អំណាចជាង៣០ឆ្នាំមកហើយ។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួន តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕