គណបក្សនយោបាយចំនួន១០ ក្នុងចំណោមគណបក្សដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ចំនួនសរុប១៧ បានបង្ហាញការគាំទ្ររបស់ផងខ្លួន ចំពោះការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង នៅតាមសហគមន៍មូលដ្ឋាន បើទោះបីជាដឹងថាការដាក់ចេញគោលនយោបាយកាត់បន្ថយគ្រឿងស្រវឹងនោះអាចធ្វើឱ្យបាត់សម្លេងឆ្នោតគាំទ្រ របស់ក្រុមអ្នកចូលចិត្តគ្រឿងស្រវឹងយ៉ាងណាក្តី។
តំណាងគណបក្សទាំងនោះ បានប្តេជ្ញាចិត្តថានឹងរៀបចំគោលនយោបាយ និងដីកាទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងលើកកម្ពស់សហគ្រិននារីវ័យក្មេងនៅតាមសហគមន៍ នៅពេលគណបក្សទាំងនោះជាប់ឆ្នោតជាមេឃុំ។
គណបក្សចំនួន១០ដដែលនោះ បានចុះហត្ថលេខាផ្តល់ជាសក្ខីកម្ម ក្នុងការបេ្តជ្ញាចិត្ត និងគាំទ្រការដាក់ចេញគោលនយោបាយ ទប់ស្កាត់ និងបង្ការគ្រឿងស្រវឹង ជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលដឹកនាំរៀបចំដោយមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា (PDP) នៅសណ្ឋាគារសាន់វ៉េក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២៤ខែឧសភានេះ។
លោក អូក អ៊ី ស្ថាបនិកម្នាក់នៃគណបក្សកម្ពុជានិយម ដែលមានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានបានចុះហត្ថលេខាលើញត្តិរួមមួយប្តេជ្ញាចិត្តទប់ស្កាត់គ្រឿងស្រវឹង និងបានប្រាប់អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (វីអូអេ) នៅពេលលោកកំពុងចូលរួមកម្មវិធីនោះថា ការគាំទ្រ និងការដាក់ចេញគោលនយោបាយទប់ស្កាត់គ្រឿងស្រវឹងនេះ ធ្វើឡើងដោយមើលឃើញផលប៉ះពាល់នៃគ្រឿងស្រវឹងលើសុខភាពប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ពេលដែលយើងដាក់វិធានការនេះទៅប្រហាក់ប្រហែល ឬអាចប៉ះពាល់អារម្មណ៍គាត់ដែរ ដែលគាត់និយម[ផឹកគ្រឿងស្រវឹង]។...អ៊ីចឹងយើងយល់ឃើញថា យើងនឹងធ្វើច្បាប់ បើសិនជាយើងមានឱកាសដឹកនាំរដ្ឋាភិបាល យើងជំរុញឱ្យច្បាប់គ្រឿងស្រវឹងឱ្យរឹតត្បិតមែនទែន»។
លោកបន្ថែមថា៖ «កាលណាយើងខ្លាចបាត់បង់សំឡេងឆ្នោតពីគាត់ អាហ្នឹងដូចជាយើងលើកទឹកចិត្តគាត់ឱ្យសេពគ្រឿងស្រវឹងអ៊ីចឹង»។
ចំណែក អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន បានប្រាប់អ្នកយកព័ត៌មានឱ្យវីអូអេស្រដៀងគ្នាដែរថា ការគាំទ្រ និងការដាក់ចេញគោលនយោបាយរបស់បក្ស ដើម្បីអប់រំ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងមូលដ្ឋាន គឺជារឿងសំខាន់ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងពីផលវិបាកនៃគ្រឿងស្រវឹង ទាក់ទងការខាតបង់ថវិកា និងសុខភាពផ្ទាល់ខ្លួនជាដើម បើទោះបីជាប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់គោលនយោបាយបក្ស និងមិនទាន់គាំទ្រយ៉ាងណាក្តី។
អ្នកនាំពាក្យគណបក្សរាជានិយមមួយនេះ សង្ឃឹមថា ថ្ងៃណាមួយប្រជាពលរដ្ឋដែលមិនពេញចិត្តគោលនយោបាយបង្ការ ទប់ស្កាត់គ្រឿងស្រវឹងនេះ នឹងបានយល់ និងគាំទ្រ។
លោកថ្លែងថា៖ «ខ្ញុំគិតថាសំខាន់ណាស់ថ្ងៃនេះ ដែលយើងបានចូលរួមទាំងអស់គ្នា ហើយយើងបានស្តាប់ ហើយជជែកគ្នា គ្រប់គណបក្សនយោបាយទាំង១០នេះ ធ្វើឱ្យយើងដឹងពីគោលនយោបាយរៀងៗខ្លួន ហើយយើងគិតថាគណបក្សទាំងអស់មានភាពចាស់ទុំណាស់ ហើយគាត់បានយល់ដឹងច្បាស់អំពីការចូលរួមសុខទុក្ខរបស់ប្រជារាស្រ្តនៅតាមមូលដ្ឋាន»។
លោកបន្ថែមថា៖ «គោលនយោបាយនេះ អាចថាអ្នកខ្លះមិនទាន់សប្បាយចិត្តទេ ដោយសារគាត់អត់ទាន់យល់ ប៉ុន្តែថ្ងៃអនាគតពួកគាត់ហ្នឹងយល់ ថាគោលនយោបាយនេះសំខាន់ណាស់ ដែលធ្វើឱ្យសង្គមកម្ពុជានេះមានសុខដុមរមនានៅពេលអនាគត»។
គណបក្សនយោបាយទាំង១០ ដែលប្តេជ្ញាព្រមគ្នាក្នុងការទប់ស្កាត់គ្រឿងស្រវឹងនៅតាមសហគមន៍នោះ រួមមានគណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរតែមួយ គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកម្ពុជានិយម និងគណបក្សសញ្ជាតិកម្ពុជា។
ដោយឡែក គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រង់ប្រទេស និងគណបក្សចំនួន៦ផ្សេងទៀត មិនបានបង្ហាញវត្តមាន និងមិនបានចុះហត្ថលេខាជាភស្តុតាង ក្នុងការបង្ហាញឆន្ទៈទប់ស្កាត់ និងបង្ការគ្រឿងស្រវឹងក្នុងកម្មវិធីរៀបចំដោយមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនោះទេ ទោះបីជាមានការអញ្ជើញយ៉ាងណាក្តី។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោកយង់ គិមអេង ថ្លែងប្រាប់អ្នកសារព័ត៌មានវីអូអេថា ការរៀបចំកម្មវិធីចុះហត្ថលេខា ប្តេជ្ញាចិត្តលើគោលនយោបាយបង្ការ ទប់ស្កាត់នៃការប្រើប្រាស់គ្រឿងស្រវឹង និងដីកាលើកកម្ពស់សហគ្រិននារីវ័យក្មេង មានបំណងដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅតាមថ្នាក់មូលដ្ឋាន និងការលើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាព សន្តិសុខនៅតាមភូមិឃុំ និងធ្វើយ៉ាងណាកុំឱ្យស្ត្រី និងកុមាររងគ្រោះដោយសារបញ្ហាគ្រឿងស្រវឹង ដែលស្របទៅតាមការចង់បានរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត។
លោកថ្លែងថា៖ «ហើយអ្វីដែលយើងធ្វើថ្ងៃនេះមិនមែន ពួកខ្ញុំសុខៗធ្វើទេ ដោយសារប្រជាពលរដ្ឋនៅតាមសហគមន៍ បណ្តាញយុវជនជាច្រើន នៅតាមខេត្តគឺរាប់ពាន់នាក់ ដែលស្នើសុំឱ្យយើងធ្វើកិច្ចការជាមួយគណបក្សនយោបាយ។ អ៊ីចឹងហើយបានជាយើងរៀបចំធ្វើឱ្យមានការប្តេជ្ញាចិត្តថ្ងៃនេះ ពីគណបក្សនយោបាយចំពោះម្ចាស់ឆ្នោត គាត់ទាមទារ គាត់ចង់បានហ្នឹង»។
លោកបន្ថែមថាអ្នកនយោបាយមួយចំនួនបានមានការយល់ច្រឡំ និងមើលរំលងគោលនយោបាយគ្រឿងស្រវឹង ដោយខ្លាចប៉ះពាល់ខ្លួនឯង ដែលជាហេតុបណ្តាលឱ្យនៅមានអំពើហិង្សា ការខាតបង់ថវិកា និងប៉ះពាល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋជាដើម។ លោកចង់ឃើញគណបក្សទាំងអស់យកចិត្តទុកដាក់ និងដាក់ចេញការប្តេជ្ញាចិត្ត គ្រប់គ្រងបញ្ហាគ្រឿងស្រវឹងនេះឱ្យមានប្រសិទ្ធិភាព។
លោកសង្កត់ធ្ងន់ថា៖ «បើយើងមិនកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ធ្វើម៉េចយើងកាត់បន្ថយហិង្សាបាន។ អ៊ីចឹងបើសិនជាអ្នកនយោបាយ អត់បែងចែកបញ្ហាហ្នឹងឱ្យច្បាស់លាស់ទេ នៅតែយល់ច្រឡំទេ គឺបញ្ហាដែលកើតក្នុងសហគមន៍ហ្នឹងគឺ យើងមិនអាចដោះស្រាយចេញទេ»។
បើតាមលោក យង់ គិមអេង ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជា គឺហាក់ដូចជាទីកន្លែងសម្បូរបែប ឬជាឋានសួគ៌ផ្សព្វផ្សាយគ្រឿងស្រវឹង ដែលបញ្ហានេះ គឺមិនបានចំណេញសេដ្ឋកិច្ចជាតិនោះទេ តែវាធ្វើឱ្យប៉ះពាល់ធនធានមនុស្ស ធ្វើឱ្យកើតបញ្ហាច្រើនក្នុងសង្គម និងទាញទម្លាក់សេដ្ឋកិច្ចជាតិជាដើម។ ដូច្នេះ លោកថា កម្ពុជា ក៏គួរតែមានច្បាប់ក្នុងការគ្រប់គ្រង់គ្រឿងស្រវឹងដូចប្រទេសដទៃ និងផ្លាស់ប្តូរការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ ទៅជាការផ្សាយកន្លែងទេសចរណ៍ ដើម្បីអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។
គួរកត់សម្គាល់ផងដែរថា ជារៀងរាល់ឆ្នាំនៅលើពិភពលោក មនុស្សជាង៣លាននាក់បានស្លាប់ដោយសារគ្រឿងស្រវឹង និងបង្កឱ្យមានជំងឺជាង២០០មុខ ដូចជាលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺថ្លើម រលាកលំពែង ដាច់សរសៃឈាមខួរក្បាល បញ្ហាសរសៃប្រសាទ រួមទាំងគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាក្នុងសហគមន៍។ នេះបើតាមញត្តិនៃការតាំងចិត្តរួមនោះ ចុះហត្ថលេខាដោយបក្សនយោបាយចំនួន១០ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ៕