ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ផ្តល់​ពេល​​ឈប់សម្រាក​ពីរថ្ងៃ​ដល់​កម្មករ​អំឡុងពេល​នៃ​ការបោះឆ្នោត​ឃុំសង្កាត់


រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។

រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន​ សែន​បាន​ប្រកាស​ជាសាធារណៈ​ឱ្យ​កម្មករ​និយោជិត​ បាន​ឈប់​សម្រាក​មួយថ្ងៃ​មុនការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង​មួយថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ដោយ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ។ នេះបើតាម​លិខិត​ពីរដាច់​ដោយឡែក​ពី​គ្នា​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

ប្រទេស​កម្ពុជា​នឹង​រៀប​ចំការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅថ្ងៃទី​៥ ខែមិថុនា​ ខាង​មុខនេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧​ចូលរួម​។

បើ​តាម​លិខិត​របស់​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​លោក​អ៊ិន វីរជាតិ​ចុះថ្ងៃ​ទី​២០​ខែឧសភា​នេះ​ ការ​អនុ​ញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ពី​រថ្ងៃមុន និង​ក្រោយការ​បោះឆ្នោត​ឃុំ​សង្កាត់​នោះ​ ទទួល​បាន​ការយល់​ព្រម​ពីលោក​ហ៊ុន​ សែន​។​

ដោយឡែក​រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​អ៊ិត​ សំហេង​ បានលើក​ឡើង​ក្នុងលិខិត​មួយ​ថា​៖«ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បងប្អូន​កម្មករ​និយោជិត​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិទី​៥​ ឆ្នាំ​២០២២​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ម្ចាស់​ ឬ​នាយក​រោងចក្រ​ សហគ្រាស​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​មួយថ្ងៃ​មុនថ្ងៃ​បោះ​ឆ្នោត​ និង​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត ដោយ​មិន​ធ្វើ​ឱ្យបាត់​បង់​អត្ថប្រយោជន៍​ផ្សេង​ៗ​របស់កម្មករ​និយោ​ជិត​។​

លិខិត​របស់​រដ្ឋមន្ត្រីការងារ​លោក​អ៊ិត សំហេង​បាន​សរសេរ​តាម​ន័យ​ដើម​បន្ថែម​ថា​៖ «និយោជក​ត្រូវ​ខិត​ខំ​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​ឱ្យ​បាន​មុន​ថ្ងៃ​ទៅ​បោះឆ្នោត​។ បើពុំមាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល​ទាន់​ពេល​ទេ​ សូម​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ខ្ចីប្រាក់​ឈ្នួល​មួយ​ភាគ​ជា​មុនសិន​»​៕

XS
SM
MD
LG