ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​តម្រូវ​ឲ្យ​ពលរដ្ឋ​ចូល​ភូមិ​សាស្រ្ត​​ធ្វើ​ចត្តាឡី​ស័ក ប៉ុន្តែ​លោកហ៊ុន សែន ប្រតិកម្ម


រូបឯកសារ៖ ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់រង់ចាំការអនុញ្ញាតឲ្យធ្វើដំណើរពីមន្ត្រីមានសមត្ថកិច្ចនៅភូមិថ្លឹងត្រពាំង ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់រង់ចាំការអនុញ្ញាតឲ្យធ្វើដំណើរពីមន្ត្រីមានសមត្ថកិច្ចនៅភូមិថ្លឹងត្រពាំង ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១។

ក្រោយ​ការ​ប​ញ្ចប់​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្តាល ​ចាប់​ពី​ថ្ងៃ​ទី ​៦ ខែ​ឧស​ភា​នេះ អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​ប្រកាស​ថា ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​ភូមិសាស្រ្ត​របស់​ខ្លួន ត្រូវធ្វើ​ចត្តា​ឡីស័ករយៈ​ពេល​ ១៤ ​ថ្ងៃ​ជា​កំហិត​។

នេះ​ជា​វិធានការ​មួយ​របស់​អភិបាល​ខេត្ត​ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ដោយ​រដ្ឋាភិបាល ​ក្នុង​ការ​ដាក់​ចេញ​វិធាន​ការ​ផ្ទាល់​ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។ វិធាន​ការ​នេះ​ធ្វើ​ឡើង ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ មិន​ទាន់​ស្រាក​ស្រាន្ត​នៅ​ឡើយ ជា​ពិសេស​នៅ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ដែល​នៅ​បន្ត​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ​និង​ការ​ចេញ​ក្រៅ​ផ្ទះ​របស់​ពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​តំបន់​ក្រហម​និង​តំបន់​លឿង​ទុំ។

លោក ជាម ច័ន្ទ​សោភ័ណ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «ពលរដ្ឋ​ដែល​មាន​បំណង​ត្រឡប់​មក​ភូមិ​ដ្ឋាន​មក​ធ្វើ​ការ ឬ​មក​លេង​សាច់​ញាតិ ​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​រយៈ​ពេល ​១៤ ​ថ្ងៃ​ជា​កំហិត»។

ចំណែក​រដ្ឋបាល​ខេត្ត​ព្រៃវែង​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ​ថា​ សាធារណជន​ដែល​ធ្វើ​ដំណើរ​មក​ពី​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​ផ្សេង​ៗ ចូល​មក​កាន់​ទឹក​ដី​ខេត្ត​ព្រៃវែង ដាច់​ខាត​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​រយៈ​ពេល​ ១៤ ​ថ្ងៃ។ បន្ថែម​ពីនេះ អាជ្ញាធរ​ខេត្ត​នេះ​ក៏​បាន​អះអាង​ថា ​ពួកគេត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ​១៩​ ទៀត​ផង​។ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា សម្រាប់​ការធ្វើ​ដំណើរ​ឆ្លង​កាត់ ប្រជាពលរដ្ឋ​អាច​ធ្វើ​បាន​ដោយ​សេរី។

អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​និង​ជា​អ្នក​នាំពាក្យ លោក កេង ប៊ុនណា ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​វិធាន​ការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នេះ អាច​មាន​រយៈ​ពេល​ដល់​ទៅ ២ ​សប្តាហ៍ ដោយ​សារ​ខ្លាច​មាន​ករណី​ឆ្លង​នាំ​ចូល​ពី​ទីតាំង​ផ្សេងៗ​។ លោក​បន្ថែម​ថា ​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ធ្វើ​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​នោះ ឬ​នៅ​កន្លែងដែលត្រូវបាន​រៀប​ចំ​ដោយ​អាជ្ញាធរ​ខេត្ត​។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ទេ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​ខ្លួន​ឯង គឺ​ជាអ្នក​រាយការណ៍​មក​យើង​ជា​អាជ្ញាធរ​តែ​ម្តង ព្រោះ​គាត់​នៅហ្នឹង គាត់​ជា​ភ្នែក​ជា​ច្រមុះ គិត​ពី​សុវត្ថិភាព​របស់​គាត់​ដែរ»។

លោក​បន្ថែម​ថា៖ «បាទ​យើង​មើល​តាម​ជាក់​ស្តែង​ បើ​យើង​ចេះ​តែ​ដាក់​ទាំង​អស់ ក៏​យើង​មិន​ងាយ​ដែរ»។

អភិបាល​រង​ខេត្ត​ត្បូង​ឃ្មុំ​រូប​នោះ​បញ្ជាក់​ថា ​អ្នក​ដែល​ចូល​មក​ស្នាក់​នៅ​តាម​សណ្ឋាគារ ​ឬ​ផ្ទះ​សំណាក់​ក្នុង​ខេត្ត មន្ទីរ​ទេសចរណ៍​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ពិនិត្យអត្តសញ្ញាណ​ និង​សុខភាព​របស់​អ្នក​ចូល​មក​ស្នាក់​នៅ​ឲ្យ​បាន​ល្អិត​ល្អន់​ជា​ទី​បំផុត។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​យើង​បិទ​ស្លុង​តែ​ម្តង ក៏​វា​មិន​កើត​ដែរ។ ប៉ុន្តែ​យើង​ឲ្យ​ម្ចាស់​សណ្ឋាគារ ​ឬ​ផ្ទះ​សំណាក់​ហ្នឹង ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង ត្រូវ​ជួយ ព្រោះ​អាហ្នឹង​តែ​កើត​ហើយ វា​ពិបាក​ទាំង​អស់​គ្នា»។

រូបឯកសារ៖ អាជ្ញាធរយាមល្បាតនៅខាងមុខមជ្ឈមណ្ឌលចត្តាឡីស័កប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ អាជ្ញាធរយាមល្បាតនៅខាងមុខមជ្ឈមណ្ឌលចត្តាឡីស័កប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ចំណែក​អភិបាល​រង​ខេត្ត​ព្រៃវែង​និង​ជា​អ្នកនាំពាក្យ លោក ចាន់ ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ទាន់​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន បើ​មិន​ចាំបាច់ និង​ដើរ​កម្សាន្ត​នៅ​ពេល​នេះ ដោយ​សារ​បារម្ភ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ មិន​ទាន់​ថយ​ចុះនៅ​ឡើយ​។

លោក​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​ប្រើ​ពាក្យ​មួយ​ថា ​បើ​មិន​ចាំបាច់​ សូម​ឲ្យ​នៅ​ផ្ទះ។ យើ​ង​ប្រើ​គោល​ការណ៍​មួយ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល គឺ​បី​កុំ បី​ការ​ពារ។ បើ​គាត់​យក​ចំណុច​នេះ​ឲ្យ​ច្បាស់ ដូច​ម្តេច​ដែល​ហៅ​ថា​ការ​ចាំបាច់​នោះ គាត់​អាច​ចូល​រួម​ទប់​ស្កាត់​ការ​រីករាល​ដាល»។

លោក​បន្ថែម​ថា៖ «យើង​ធ្វើ​សម្រាប់​អ្នក​ដែល​ចូល​មក​ភូមិ​សាស្រ្ត​ខេត្ត​ព្រៃវែង​តែ​ប៉ុណ្ណោះ។ ចំពោះ​អ្នក​ដំណើរ​ឆ្លង​កាត់ ​យើង​មិន​មាន​ជា​ការ​ធ្វើ​អ្វី​ទេ។ អាហ្នឹង ​វា​ជា​សិទ្ធិ​របស់​គាត់។ សំខាន់​អ្នក​ដែល​មក​រស់​នៅ​ក្នុង​មូល​ដ្ឋាន​យើង​វិញ ​រយៈ​ពេល​ខ្លី ឬ​ក៏​រយៈ​ពេល​វែង»។

ចំណែក​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តម្រូវ​ឲ្យ​អ្នក​ចូល​ភូមិ​សាស្រ្ត​ខេត្ត​របស់​ខ្លួន ទាល់​តែ​មាន​បណ្ណ​បញ្ជាក់​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​រួច​ហើយ លិខិត​បញ្ជាក់​សុខភាព​ថា ​មិន​មាន​ជំងឺ​កូវីដ​១៩ និងលិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ដែល​សាមី​ខ្លួនត្រូវ​ទៅ​ស្នាក់​នៅ ដើម្បី​ងាយ​ស្រួ​ល​ត្រួត​ពិនិត្យ​អំពី​ការ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក ​រយៈ​ពេល​ ១៤ ​ថ្ងៃ។ នេះបើ​យោង​តាម​លិខិត​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត លោក គួច ចំរើន នៅ​ថ្ងៃ​ទី​ ៦ ខែ​ឧសភា។

ទោះ​ជា​យ៉ាង​ណា នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​តម្រូវ​ឲ្យប្រជា​ពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​ ១៤ ​ថ្ងៃនោះ កែ​សម្រួល​ការ​សម្រេច​របស់​ខ្លួន​ឡើង​វិញ។ លោក​ថា​ ការ​ធ្វើចត្តាឡីស័ក​គឺ​ធ្វើ​ឡើង​តែ​លើ​អ្នក​ដែល​សង្ស័យ​មាន​ជំងឺ​កូវីដ​១៩ ​បាន​ហើយ។​ លោក​បញ្ជាក់​ថា វិធានការតម្រូវ​ឲ្យធ្វើ​ចត្តាឡីស័ក ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដំណើរ​ការ​សេដ្ឋកិច្ច​របស់​ប្រជាជន ហើយ​វា​ជា​សេចក្តី​សម្រេច​មួយ «ជ្រុល​ហួសនាំទៅ​ដល់​ការរំខានជីវភាព​របស់​ប្រជាពលរដ្ឋ​»។

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ថា៖ «អភិបាល​ខេត្ត​ណា​ដែល​បាន​ចេញ​សេចក្តី​សម្រេច​រួច​ហើយ ត្រូវ​កែ​ប្រែ​សេចក្តី​សម្រេច​នោះ​វិញ​ជា​បន្ទាន់ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​ចរាចរណ៍​សម្រាប់ប្រជាពលរដ្ឋ ហើយ​ខ្ញុំ​និយាយ​នេះ​ មិន​មែន​សំដៅ​មិន​ឲ្យ​ទប់​ស្កាត់ចំពោះ​អ្នក​ដែល​មាន​ករណី​សង្ស័យដែល​យើង​តម្រូវ​ឲ្យ​យក​សំណាក ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​ចត្តាឡីស័ក​ដែល​ជៀស​វាង​មិន​បាន​នោះទេ»។

លោក ហ៊ុន សែន ​បន្ត​ថា ​មិន​ចាំបាច់​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ពីរ​ដង​រួច​មក​ហើយ ទើប​អាច​ចូលភូមិ​សាស្រ្ត​របស់​ខ្លួននោះទេ។

លោក យង់ គិម​អេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​មិន​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​លាស់​និង​គ្រប់​ជ្រុង​ជ្រោយ​ ទាក់​ទង​នឹង​ការ​ធ្វើ​ចត្តាឡីស័ក ជា​ពិសេស​វា​បង្ក​ការ​លំបាក​សម្រាប់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត ដើម្បី​បំពេញ​ការងារ​រយៈ​ពេល​ខ្លី។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រហែល​ជា​ការ​អនុវត្ត​នៅ​តាម​ខេត្ត​មួយៗ ដែល​ព័ត៌មាន វា​មិន​ទាន់​បាន​ច្បាស់​លាស់​នេះ វា​ជា​ការ​លំបាក ហើយ​ប្រឈម​ខ្លាំង​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ ហើយ​នឹង​អាច​មាន​គាត់​រកាំ​ចិត្ត​ជាមួយ​នឹងការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័កអី​ផ្សេងៗ»។

គួរ​បញ្ជាក់​ថា ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​រក​ឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​ ៦៥០​ នាក់​បន្ថែម​ទៀត និង​ករណី​ស្លាប់​ ៤ នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ១១៤ នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG