រដ្ឋាភិបាលកម្ពុជាត្រៀមបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលនឹងបញ្ចប់នៅថ្ងៃទី ៦ ខែឧសភាតទៅ ស្របពេលករណីឆ្លងជំងឺកូវីដ១៩ ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បន្តកើនឡើង។
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន ៩៣៨ នាក់ ដែលជាចំនួនកំណត់ត្រាការឆ្លងប្រចាំថ្ងៃច្រើនជាងគេបង្អស់ ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ១៩។ កាលពីថ្ងៃច័ន្ទ ក្រសួងរកឃើញករណីឆ្លងថ្មីជាង ៨០០ នាក់។ មនុស្សជាង ១ ម៉ឺននាក់ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងសុខាភិបាល។
បើទោះករណីឆ្លងនេះមិនទាន់ស្រាកស្រាន្តនៅឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ដោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ខែឧសភា បន្ទាប់ពីការបិទខ្ទប់ ៣ សប្តាហ៍មកហើយ។
លោក ហ៊ុន សែន មិនបានបញ្ជាក់អំពីមូលហេតុនៃការបញ្ចប់ការបិទខ្ទប់នេះថា តើអាជ្ញាធរសុខាភិបាលអាចគ្រប់គ្រងជំងឺនេះបានឬយ៉ាងណានោះទេ។
ប៉ុន្តែសេចក្តីសម្រេចរបស់រដ្ឋាភិបាលបញ្ជាក់ថា ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកមួយចំនួននៃភូមិសាស្រ្តទាំង ២ ជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ ឬខេត្តកណ្តាល។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា វិធានការថ្មីក្រោយបញ្ចប់ការបិទខ្ទប់ សាលារាជធានីកំពុងពិនិត្យមើលលទ្ធភាពនៃការរៀបចំ ឬកែសម្រួលតំបន់ក្រហមនិងតំបន់លឿងទុំឡើងវិញ ខណៈពង្រីកទំហំតំបន់លឿង តាមការប្រែប្រួលនៃស្ថានភាពផងដែរ។
អ្នកនាំពាក្យរូបនោះឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងចំណាត់ការជាក់លាក់ណាមួយចំពោះតំបន់ដែលបានបែងចែកតាមពណ៌អំឡុងពេលបិទខ្ទប់ គឺសាលារាជធានីកំពុងរង់ចាំសេចក្តីសម្រេចលម្អិតបន្ថែមពីរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «មុនពេលដែលយើងបើកតំបន់បិទខ្ទប់របស់យើងហ្នឹង គឺយើងត្រូវបានការអនុវត្តនូវគោលការណ៍ថ្មី ហើយគោលការណ៍ថ្មីនេះ គឺយើងកំពុងរង់ចាំនូវលិខិតគតិយុត្តិដើម្បីជម្រាបជូនសាធារណៈ»។
បន្ទាប់ពីការបិទខ្ទប់ទាំងស្រុងអស់រយៈពេល ២ សប្តាហ៍ រដ្ឋាភិបាលបានបន្តវិធានការបិទខ្ទប់រយៈពេល ១ សប្តាហ៍បន្ថែមទៀត ប៉ុន្តែបានបែងចែកក្រុងភ្នំពេញជា៣តំបន់រួមមាន តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
តំបន់ក្រហមជាតំបន់រឹតត្បិតខ្លាំងដោយហាមឃាត់ការធ្វើដំណើរ ការចេញពីផ្ទះនិងអាជីវកម្មគ្រប់ប្រភេទ។ តំបន់លឿងទុំជាតំបន់រឹតត្បិតមធ្យមដោយមិនឲ្យមានការចេញពីផ្ទះ ឬធ្វើដោយមិនចាំបាច់ ខណៈអាជីវកម្មដែលចាត់ទុកថាសំខាន់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យដំណើរការ។ តំបន់លឿងជាតំបន់រឹតត្បិតទាប ដោយអនុញ្ញាតឲ្យមានការធ្វើដំណើរជាទូទៅនិងដំណើរការអាជីវកម្មមួយចំនួន។
លោក មាស នី អ្នកវិភាគសង្គមមានប្រសាសន៍ថា ករណីឆ្លងថ្មីជាបន្តបន្ទាប់ជាសម្ពាធបន្ថែមលើវិស័យសុខាភិបាលកម្ពុជា។ លោកចាត់ទុកថា កិច្ចប្រែងប្រែងរបស់រដ្ឋាភិបាលនៃការបិទខ្ទប់ទីក្រុងដើម្បីផ្តាច់ការឆ្លងជំងឺកូវីដ១៩ មិនទាន់ទទួលបានជោគជ័យនោះទេ ស្របពេលដែលការបិទខ្ទប់បានបង្កផលប៉ះពាល់មកលើជីវភាពរបស់ពលរដ្ឋ ហើយចំនួនករណីឆ្លងនៅបន្តកើនឡើង។
លោកបញ្ជាក់ថា៖ «នេះគឺជាបញ្ហាព្រួយបារម្ភមួយដែលយើងគិតថា នឹងមានការរាលដាលធំទៀតទៅណា។ ហើយយើងមិនដឹងថា រដ្ឋាភិបាលអាចផ្លាស់ប្តូរជំហរនៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតយ៉ាងម៉េចយើងអត់ដឹងទេ។ ប្រសិនបើចំនួននេះ វានឹងអាចកើនឡើងកាន់តែខ្ពស់ថែមទៀតនោះ»។
ខណៈករណីឆ្លងជំងឺកូវីដ១៩នៅបន្តកើនឡើងលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងនៅក្នុងសារមួយតាមបណ្តាញសង្គម Twitter កាលពីថ្ងៃទី ២ ខែឧសភាក្នុងន័យដើមថា៖
«ដូច្នេះជាការសំខាន់នៅក្នុងការបន្តចំណាត់ការជារួមរបស់យើងដើម្បីលុបបំបាត់វីរុស (កូរ៉ូណា) នៅកម្ពុជា។ វីរុសនេះនៅតែបន្តរាតត្បាតហើយយើងសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ នឹងមានភាពប្រសើរឡើងវិញ។ ការបន្ធូរបន្ថយវិធានការប្រឆាំងជំងឺកូវីដ១៩ លឿនពេក និងឆាប់ពេកអាចបង្កលទ្ធភាពនៃការកើនឡើងនៃករណីឆ្លង»៕