លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ទោះបីជាវ៉ាក់សាំងមិនទាន់គ្រប់នាពេលនេះ ដោយលោកថា វ៉ាក់សាំងរបស់ចិននឹងត្រូវបញ្ជូនមកដល់កម្ពុជាជាបន្តបន្ទាប់ នៅសប្តាហ៍ក្រោយនេះ។
នៅក្នុងសារជាសំឡេងមួយ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំងចំនួន ៥០ ម៉ឺនដូសទៀតរបស់ចិន នឹងមកដល់កម្ពុជានៅថ្ងៃទី ១១ ខែឧសភា ហើយចំនួន ៥០ ម៉ឺនដូសបន្ថែមទៀត នឹងមកដល់នៅថ្ងៃទី ១៥ ខែឧសភា សរុបគឺមួយលានដូស ដែលអាចចាក់ដល់ពលរដ្ឋចំនួន ៥០ ម៉ឺននាក់។
លោកបញ្ជាឲ្យចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យនៅតំបន់ក្រហម ឲ្យបានចំនួនមួយដូសគ្រប់គ្នាសិន បើទោះវ៉ាក់សាំងក្នុងស្តុកអាចចាក់បានពលរដ្ឋប្រមាណ ៤៤ ម៉ឺននាក់ ខណៈពលរដ្ឋនៅក្នុងតំបន់ក្រហមមានចំនួនលើសពីនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ដូសទីមួយត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។ មិនថាត្រឹមតែ ៥២ ម៉ឺននាក់ទេ ទោះបីជា ៥៣ ៥៤ ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាពដើម្បីចាក់ជូនប្រជាជន»។
លោក ហ៊ុន សែន ក៏បានចាត់ឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បន្តទទួលបន្ទុករៀបចំការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម ដែលលោកថា មានប្រជាពលរដ្ឋប្រមាណ ៥២ ម៉ឺននាក់។
នៅក្នុងសារជាសំឡេង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសចិន ដែលលោកចាត់ទុកជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងកម្ពុជា ចំពោះការផ្គត់ផ្គង់វ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ។
លោកបញ្ជាក់ថា៖ «វាមិនយូរប៉ុន្មានទីក្រុងភ្នំពេញនិងខេត្តកណ្តាលនឹងជោគជាំទៅដោយវ៉ាក់សាំងដែលយើងខិតខំរកហើយដោយមានការជួយផ្គត់ផ្គង់ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រភពផ្តល់ជំនួយមិនចេះរីងស្ងួត សម្រាប់យើង សម្រាប់ទាំងជំនួយ ក៏ដូចជាការផ្គត់ផ្គង់តាមរយៈការទិញរបស់យើងផងដែរ»។
រដ្ឋាភិបាលកម្ពុជាបានបែងចែកភូមិសាស្ត្រក្រុងភ្នំពេញជា ៣ ពណ៌ ក្រោយពីមានការបិទខ្ទប់ទាំងស្រុងអស់រយៈពេល ៣ សប្តាហ៍កន្លងមកនេះរួមមាន តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង ដោយតំបន់ក្រហមត្រូវបានចាត់ទុកជាតំបន់មានការឆ្លងជំងឺកូវីដ១៩ ខ្ពស់ និងត្រូវរឹតត្បិតតឹងរ៉ឹង។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅតំបន់ក្រហមឲ្យបានគ្រប់គ្នា ដែលជាគោលដៅរបស់លោកក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ដែលមានសរុបប្រមាណ ៣ លាននាក់ ត្រឹមខែមិថុនា។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទួលស្គាល់កិច្ចប្រឹងប្រែងផ្តល់វ៉ាក់សាំង និងការស្វែងរកវ៉ាក់សាំងផ្តល់ជូនពលរដ្ឋពីសំណាក់រដ្ឋាភិបាលតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសដទៃទៀត ដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩។
លោកស្រីក៏បានសង្កេតឃើញពលរដ្ឋបាននាំគ្នាទៅចាក់វ៉ាក់សាំងទៅតាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន។ យ៉ាងណាក្តី លោកស្រីថា ការរៀបចំក្នុងការចាក់វ៉ាក់សាំងមិនបានរៀបរយអាចបង្កជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ផងដែរ ដោយសារមនុស្សសម្រុកទៅចាក់វ៉ាក់សាំងនេះ។
លោកស្រីមានប្រសាសន៍ថា៖ «ប៉ុន្តែក៏មានខាងសង្កាត់ខ្លះហ្នឹងហាក់ដូចជា ការរៀបចំហ្នឹងហាក់ដូចជា មានភាពខ្វះខាតហើយនិងមិនទាន់មានលំដាប់លំដោយស្រួលបួលដែលបង្កភាពអំណោយផលដល់ប្រជាពលរដ្ឋដែលអាជ្ញាធរទាំងអស់នោះគួរតែពិនិត្យមើលឡើងវិញ ពីព្រោះយើងដឹងហើយគោលដៅនៃការចាក់វ៉ាក់សាំងហ្នឹងដើម្បីបង្ការជំងឺឆ្លង។ ប៉ុន្តែនៅពេលណាយើងរៀបមិនស្រួលទេ ហើយពលរដ្ឋគាត់នាំគ្នាកកកុញទៅចាក់គ្រប់គ្នានឹងដោយមិនមានការរៀបចំនិតីវិធីត្រឹមត្រូវទេ នោះវានឹងជាហានិភ័យច្រើនជាងការបង្ការ»។
លោកស្រីបន្ថែមទៀតថា ក្រៅពីការរៀបចំផ្តល់វ៉ាក់សាំងប្រកបដោយសមភាពនិងតាមនីតិវិធីត្រឹមត្រូវ រដ្ឋាភិបាលក៏ត្រូវធានានូវការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ពលរដ្ឋពីសារសំខាន់នៃការចាក់វ៉ាក់សាំងផងដែរ ពីព្រោះកន្លងមកមានការលើកឡើងជាមន្ទិលពីគុណភាពរបស់វ៉ាក់សាំងជាដើម។ លោកស្រីក៏ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជួយពន្យល់ឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នផ្ទាល់ខ្លួនផងដែរ បើទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី។
VOA មិនអាចសុំការឆ្លើយតបពីលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានទេ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំសម្រុកទៅចាក់វ៉ាក់សាំងក្នុងចំនួនច្រើន ដោយលោកថា ប្រជាពលរដ្ឋនឹងទទួលបានវ៉ាក់សាំងគ្រប់គ្នា។
បើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ាន លើកលែងតែប្រទេសសិង្ហបុរី កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងប្រទេសផ្សេង ដែលរហូតមកដល់ពេលនេះ បានប្រមាណ ១ លាន ៥ សែននាក់ ទាំងអ្នកចាក់លើកទី ១ និងលើកទី ២ បញ្ចូលគ្នា។ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា គោលដៅនៃការចាក់វ៉ាក់សាំងដល់ប្រជាជន គឺមានជាង ១០ លាននាក់។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងមក។
ប្រទេសកម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំងចំនួន៣ប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងវ៉ាក់សាំងអាស្រ្តាហ្សេនីកា (AstraZeneca) របស់យន្តការអង្គការសុខភាពពិភពលោក (WHO)។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៦៧២ នាក់ ដោយធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេស ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ កើនដល់ប្រមាណ១៦.០០០នាក់ ហើយអ្នកស្លាប់សរុបមានចំនួន ១១០ នាក់៕