រដ្ឋាភិបាលកម្ពុជាសម្រេចអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនធំៗ ចំនួន ៣ ផ្តល់សេវាព្យាបាលអ្នកជំងឺកូវីដ១៩ ស្របពេលដែលករណីឆ្លងជំងឺកូវីដ១៩ នៅមិនទាន់ចុះថមថយ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងចុះហត្ថលេខាដោយរដ្ឋមន្ត្រីសុខាភិបាលលោក ម៉ម ប៊ុនហេង នៅថ្ងៃទី ៤ ខែឧសភា មន្ទីរពេទ្យឯកជន ៣ ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាល និងអាចផ្តល់សេវាពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ នោះ រួមមានមន្ទីរពេទ្យសង់ត្រាល់ នៅសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមន្ទីរពហុព្យាបាលវិសាលសុខ នៅសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ក្រសួងបានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួនបីទីតាំង នឹងមានសិទ្ធិពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩។ សេវាសុខាភិបាលឯកជនទាំងនោះបានទទួលសិទ្ធិធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ១៩ ផងដែរ»។
អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលលោក ហុក គឹមចេង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា មន្ទីរពេទ្យឯកជនទាំង ៣ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមស្តង់ដារសុខាភិបាលដែលអាចទទួលពិនិត្យអ្នកជំងឺកូវីដ១៩ បន្ថែមលើសេវាសុខាភិបាលរបស់រដ្ឋ។
លោកបន្ថែមថា ក្រសួងសុខាភិបាលនឹងជួយមន្ទីរពេទ្យទាំងនោះជាមួយការគាំទ្រខាងបច្ចេកទេស និងយោបល់ផ្សេងៗ នៅពេលទទួលព្យាបាលអ្នកជំងឺកូវីដ១៩។
«ឥឡូវហ្នឹងយើងអនុញ្ញាតឲ្យគាត់ហើយនៅតែគាត់ហ្នឹងខ្លួនគាត់ហ្នឹងរៀបចំឲ្យបានលឿន ហើយនិងពង្រីកជាបន្តបន្ទាប់ទេ ការអនុញ្ញាតហ្នឹង ហើយក្រសួងចាំតែជួយគាត់ទេ នៅក្នុងការផ្តល់ជាយោបល់ ជាលក្ខណៈបច្ចេកទេស ដើម្បីឲ្យគាត់ដំណើរការបានល្អ»។
នៅពេលការរាតត្បាតជំងឺកូវីដ១៩ មានសន្ទុះកាន់តែខ្លាំង គិតចាប់តាំងពីព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃទី ២០ ខែកុម្ភៈមកនោះ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីកង្វះខាតកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ស្រាល ព្យាបាលនៅផ្ទះរបស់ពួកគេផងដែរ ប្រសិនបើផ្ទះនិងបរិស្ថានអំណោយផល។
រដ្ឋាភិបាលបានស្វះស្វែងរកទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ ក្រៅពីមន្ទីរពេទ្យរដ្ឋ ដែលក្នុងនោះមានអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់ (The Great Duke ) សាលពិព័រណ៍ និងអគាររៀបមង្គលការនៅទីក្រុងកោះពេជ្រ ហើយមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរពេទ្យ «ស្ត្រីនគរទេព» នៅសង្កាត់ព្រៃសរខណ្ឌដង្កោត្រូវបានរដ្ឋាភិបាលកម្ពុជាទិញយកនិងប្តូរឈ្មោះមកជា «មន្ទីរពេទ្យហ្លួងម៉ែ» ដើម្បីទទួលព្យាបាលអ្នកជំងឺកូវីដ១៩។ រដ្ឋាភិបាលក៏បានប្រែក្លាយអគារអាពាហ៍ពិពាហ៍ ដឺ ព្រេមៀ សេនធ័រ សែនសុខ របស់លោកឧកញ៉ា លី យ៉ុងផាត់ ជាកន្លែងព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលផងដែរ។
អ្នកជំងឺកូវីដ១៩ បានកើនឡើងដល់ជាង ១ ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាលលើកទឹកចិត្តឲ្យមន្ទីរពេទ្យ ឬគ្លីនិកឯកជនផ្សេងទៀតដាក់ពាក្យស្នើសុំផ្តល់សេវាព្យាបាលជំងឺកូវីដ១៩ បន្ថែមលើមន្ទីរពេទ្យឯកជនធំៗ ៣ ដែលមានស្តង់ដារខ្ពស់ខាងលើនោះ ដើម្បីអនុញ្ញាតឲ្យអ្នកជំងឺមានជម្រើសច្រើនក្នុងការទទួលសេវាព្យាបាល។
«យើងកំពុងតែសុំឲ្យ...ស្នើសុំឲ្យគាត់ ស្នើសុំមន្ទីរពេទ្យមានច្រើនទៅ ហើយដើម្បីឲ្យបងប្អូនប្រជាជនយើងជ្រើសរើស ជ្រើសរើសទៅតាមហ្នឹងយើងមានខ្នាតមធ្យម ខ្នាតខ្ពស់អីចឹងទៅ។ អាហ្នឹងទៅតាមការជ្រើសរើសរបស់ប្រជាជនយើងហើយនិងអ្នកជំនួញអ្នកការទូត»។
អ្នកលើកទូរស័ព្ទនៅមន្ទីរពហុព្យាបាលវិសាលសុខម្នាក់ បញ្ជាក់វីអូអេនៅថ្ងៃពុធនេះថា សេវាទទួលការព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យរបស់ខ្លួន កំពុងតែស្ថិតដំណើរការរៀបចំនៅឡើយ ក្រោយពីទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។
«ឥឡូវខ្ញុំកំពុងរៀបចំទទួលព្យាបាល។ ខ្ញុំអត់ទាន់រួចរាល់ទេ»។
ចំណែកបុគ្គលិកផ្នែកទីផ្សារមួយរូប នៅមន្ទីររ៉ូយ៉ាល់ភ្នំពេញ បញ្ជាក់ថា មន្ទីរពេទ្យបានទទួលការអនុញ្ញាតឲ្យព្យាបាលអ្នកជំងឺកូវីដ១៩ តែបដិសេធមិនផ្តល់សេចក្តីលម្អិត។
វីអូអេមិនអាចសុំការអធិប្បាយពីមន្ទីរពេទ្យសង់ត្រាល់បានទេ នៅថ្ងៃពុធនេះ។
នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី ២៨ ខែមេសា ស្តីអំពីវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងទីក្រុងតាខ្មៅខេត្តកណ្តាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានលើកឡើងពីគុណសម្បត្តិសំខាន់ៗចំនួន ១១ ដែលមន្ទីរពេទ្យឯកជន ឬមន្ទីរសម្ភព អាចផ្តល់សេវាព្យាបាលអ្នកជំងឺកូវីដ១៩ បានដែលរួមមានទីតាំងដែលអំណោយផលសម្រាប់ទទួលយកអ្នកជំងឺចំណតរថយន្ត រថយន្តគិលានសង្គ្រោះមានសម្ភារៈបំពាក់គ្រប់គ្រាន់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឧបករណ៍ សម្ភារៈបរិក្ខាវេជ្ជសាស្ត្រសមស្របនិងប្រព័ន្ធគ្រប់គ្រងបង្ការការឆ្លងរោគជាដើម។
បើតាមលោកវេជ្ជបណ្ឌិត ហុក គឹមចេង មន្ទីរពេទ្យឯកជនធំៗ ៣ ដែលបានទទួលការអនុញ្ញាតព្យាបាលអ្នកជំងឺកូវីដ១៩ នោះ នឹងមានលទ្ធភាពទទួលអ្នកជំងឺប្រមាណពី ៥ ទៅ ១០ គ្រែ ក្នុងមួយមន្ទីរពេទ្យ ដោយចាប់ផ្តើមពីកម្រិតស្រាលទៅមធ្យមនៅជំហានដំបូង ខណៈកំពុងរៀបចំទទួលអ្នកជំងឺកម្រិតធ្ងន់ទៅជំហានបន្ទាប់។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា ការដាក់ឲ្យមានសេវាព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យឯកជន ជាការសម្រួលបន្ទុករបស់រដ្ឋាភិបាល ក្នុងការរ៉ាប់រងទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែលោកថា អ្វីដែលជាការបារម្ភរបស់អ្នកជំងឺនោះ គឺតម្លៃព្យាបាលដែលអាចមានតម្លៃខ្ពស់ហើយដែលរដ្ឋាភិបាលត្រូវពិចារណាអន្តរាគមន៍លើការបន្ធូរបន្ថយបន្ទុករបស់អ្នកជំងឺ ដែលលោកថា ក៏កំពុងប្រឈមបញ្ហាហិរញ្ញវត្ថុ ដោយសារផលប៉ះពាល់ពីជំងឺឆ្លងមួយនេះ៕