ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​មួយ​ចំនួន​កំពុង​ទទួល​ប្រយោជន៍​ពី​គម្រោង​ CAPFish ក្រោម​ហិរញ្ញប្បទាន​របស់​សហភាព​អឺរ៉ុប


ត្រី​ត្រូវ​បាន​ដាក់​ហាល​នៅ​ទូសម្ងួត​ពន្លឺ​ព្រះអាទិត្យ​នៅ​សិប្បកម្ម​របស់​លោក សួង សោភ័ណ ក្នុង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ត្រី​ត្រូវ​បាន​ដាក់​ហាល​នៅ​ទូសម្ងួត​ពន្លឺ​ព្រះអាទិត្យ​នៅ​សិប្បកម្ម​របស់​លោក សួង សោភ័ណ ក្នុង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ក្រោយ​ចូល​រួម​គម្រោង​ CAPFish ​ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​ទឹក​សាប​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ពី​ការ​ទទួល​បាន​ផល​ចំណេញ​ត្រឡប់​មក​វិញ​ ហើយ​រំពឹង​ថា​នឹង​មាន​ការ​ពង្រីក​សង្វាក់​ផលិត​កម្ម​ដើម្បី​នាំ​ចេញ​ទៅក្រៅ​ប្រទេស។​

គម្រោង​ ​CAPFish ​ដែល​មាន​ឈ្មោះ​ពេញ​ថា​ CAPFish ​Capture ​គឺ​ជា​កម្មវិធី​ជលផល​ទទួល​បាន​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ពី​សហ​ភាព​អឺរ៉ុប​ដែល​មាន​គោល​បំណង​រួម​ចំណែក​លើ​ការ​សម្រេច​នូវ​ចក្ខុ​វិស័យ​រយៈ​ពេល​វែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ សន្តិសុខ​ស្បៀង និង​កាត់​បន្ថយ​ភាព​ក្រីក្រ។​

ម្ចាស់​សិប្បកម្ម​ Home Taste Food ​អ្នក​ស្រី​ ស៊ឹម សេរីរ័ត្ន​ ថ្លែង​ថា​ គិត​ចាប់​តាំង​ពី​បាន​អនុវត្ត​តាម​វិធាន​អនាម័យ​នានា​របស់​គម្រោង CAPFish​ ​ ការ​លក់​ផលិត​ផល​ត្រី​ងៀត​ដែល​ផលិត​បានមាន​ភាព​ប្រសើរ​ជាង​មុន។​

អ្នកស្រី​ថ្លែង​ថា៖ ​«ឥឡូវ​នេះ​គឺទី​ផ្សារ​របស់​យើង​នៅ​សភាព​ឡើង​ចុះៗ​នៅ​ឡើយ​ទេ។ ​វា​អត់ទាន់​មាន​ស្ថិរភាពអោយ​ពិត​ប្រាកដ​ទេ​ ​ប៉ុន្តែ​គ្រាន់​ថា​ ការ​លក់​បើ​ប្រៀប​ធៀប​ពី​មុន​គឺ​យើង​ឡើង​២០​ទៅ​៣០​ភាគ​រយ»។​

គម្រោង​ CAPFish​ ដែល​ជា​កម្មវិធី​របស់​រដ្ឋបាល​ជលផល​ ក្រោម​ហិរញ្ញប្បទាន​ពី​សហ​ភាព​អឺរុប ជា​កម្មវិធី​អភិវឌ្ឍន៍​ជល​ផល​ធំ​ជាង​គេ​នៅ​អាស៊ី​ដែល​មាន​ទឹក​ប្រាក់​១២០​លាន​ដុល្លារ​អាមេរិក។ ​គម្រោង​អភិវឌ្ឍន៍​ជល​ផល​ក្រោយ​ប្រមូល​ផល​ ដែល​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល​ និង​អង្គការ ​UNIDO ​មាន​ទឹក​ប្រាក់​សរុប​ជាង​១៦​លាន​ដុល្លារ។​

ម្ចាស់​សិប្បកម្ម Home Taste Food អ្នកស្រី ស៊ឹម សេរីរ័ត្ន ថតរូប​ជាក្រុម​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​ក្រសួង​កសិកម្ម និង​មន្ត្រីគម្រោង CAPFish ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ម្ចាស់​សិប្បកម្ម Home Taste Food អ្នកស្រី ស៊ឹម សេរីរ័ត្ន ថតរូប​ជាក្រុម​ជាមួយ​អ្នកសារព័ត៌មាន មន្ត្រី​ក្រសួង​កសិកម្ម និង​មន្ត្រីគម្រោង CAPFish ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

សិប្បកម្ម Home Taste Food ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​សហគ្រាស​ចំនួន​២៨​ ដែល​ទទួល​ការ​គាំទ្រ​ទាំង​បច្ចេកទេស​ និង​សម្ភារៈ​ពី​គម្រោង CAPFish​ ដែល​កំពុងអនុវត្ត​កម្មវិធីអភិវឌ្ឍន៍ជល​ផល​ក្រោយ​ប្រមូល​ផល។ ​ក្រៅ​ពី​សហគ្រាស​ទាំង​២៨​ខាង​លើ​នេះ​ ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​ខ្លះ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ក៏​កំពុង​ខិតខំ​សុំ​ចូល​រួម​អនុវត្ត​គម្រោង​ ​CAPFish​ នេះ​ដែរ។

ម្ចាស់​សិប្បកម្ម​ Home Taste Food អ្នក​ស្រី​ ស៊ឹម សេរីរ័ត្ន ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ការ​ចូលរួម​ជួយ​ផ្នែក​បច្ចេក​ទេស​របស់​គម្រោង​ CAPFish​ បាន​ប្រែក្លាយ​សិប្បកម្ម​បែប​ប្រពៃណី​របស់​អ្នកស្រី​មក​ជា​សិប្បកម្ម​ដែល​មាន​ការ​ប្រើ​ប្រាស់​សម្ភារៈ ​និង​បចេ្ចក​ទេស​ទាន់​សម័យ​ដែល​ឆ្លើយ​តប​ទៅ​នឹង​បទដ្ឋាន​នៃ​ការ​បញ្ជាក់​ពី​សុវត្ថិភាព​អាហារ​ ​ពេញ​លេញ​ ឬ​ហៅ​ថា ​CQS។​

បច្ចុប្បន្ន​សិប្បកម្ម​ Home Taste Food ​ដែល​កែច្នៃ​ត្រី​ស្រស់ពី​ប្រមាណ​១០០​គីឡូទៅ​២០០​គីឡូ​ក្រាម​ឱ្យ​ទៅ​ជា​ត្រីងៀត​ក្នុង​មួយ​ថ្ងៃ​នោះ​ ក៏​មាន​សមត្ថភាព​អាច​នាំ​ចេញ​ត្រី​ងៀត ​តាម​វ៉ាលីស​ចំនួន​តិច​តួច​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ រួម​មាន​សហ​រដ្ឋ​អាមេរិក​ បារាំង​ កាណាដា​ និង​អូស្ត្រាលី​ ហើយ​ក៏​កំពុង​ពិភាក្សា​ជាមួយ​អ្នក​បញ្ជា​ទិញ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងទាក់ទិន​ការនាំ​ចេញ​ត្រីងៀត​នេះ។​

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី Home Taste Food ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ក្រុង​សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី Home Taste Food ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ក្រុង​សៀមរាប ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាម​អ្នកស្រី​ ស៊ឹម សេរីរ័ត្ន​ ការ​ពង្រីក​ខ្សែ​សង្វាក់​ផលិត​កម្ម​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​នៃ​សិប្បកម្ម​ Home Taste Food ​ដែល​មាន​បំណង​នាំ​ចេញ​ជា​ផ្លូវការ​នូវ​ផលិត​ផល​ត្រី​ងៀត​ទៅ​កាន់​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប​ កាណា​ដា ​សហ​រដ្ឋ​អាមេរិក​ អូស្រា្តលី​និង​ប្រទេស​ចិន។ ​
អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ ​«បើ​សិន​ជា​បាន​ទីផ្សារ​ចិន​ទៀត​គឺ​កាន់តែ​ប្រសើរ​ ព្រោះ​ចិន​ធំ ហើយ​ចិន​ក៏​ញាំ​ត្រី​ទឹកសាប​ដែរ»។​

គិតត្រឹម​ឆ្នាំ​២០២៣​នេះ​ គម្រោង​ CAPFish ​បាន​ឈាន​ដល់​ឆ្នាំ​ទី​៤​នៃ​ការ​អនុវត្ត​កម្ម​វិធី​របស់​ខ្លួន​ក្នុង​ការ​ជួយ​កសាង​សមត្ថ​ភាព​បន្ថែម​ដល់​វិស័យ​ឯកជន។ ​នេះ​បើ​តាម​មន្ត្រី​គម្រោង។ ​គម្រោង​នេះ​មាន​ការ​រំពឹង​ទុក​ថា​ នឹង​សម្រេច​ឱ្យ​បាន​នូវ​ការ​ទទួល​ស្គាល់​ផលិត​ផល​ត្រី​របស់​កម្ពុជា​ ការ​ចូល​ទៅ​កាន់​ទីផ្សារ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ ការ​វិនិយោគ​បន្ថែម​ក្នុង​វិស័​យនេះ​ ​និង​ពង្រឹង​ការ​ប្រកួត​ប្រជែង។​

ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី​នៅ​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ លោក​ សួង សោភ័ណ​ បង្ហាញ​ការ​តាំង​ចិត្ត​ចូលរួម​នៅ​ក្នុង​គម្រោង​ CAPFish ​ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់​បុរាណ​តាម​រយ:​ការ​ប្រើ​ប្រាស់​សម្ភារៈ​ទំនើប​ ក្នុង​បំណង​លើក​ស្ទួយ​សង្វាក់​ផលិត​កម្ម​នៅ​ក្នុង​ស្រុក​ ទោះ​បី​លោក​ត្រូវ​រ៉ាប់រង​បន្ទុក​មួយ​ចំនួន​ ដូចជា​ការ​បណ្តាក់​ទុន​ផ្ទាល់​ខ្លួន​ដែល​មាន​ទឹក​ប្រមាណ​៤ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ម្ចាស់​សហគ្រាស​សិប្បកម្ម​កែច្នៃ​ត្រី​ក្នុង​ខេត្ត​កំពង់​ធំ​លោក ​សួង សោភ័ណ​ និង​ភរិយា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ ក្នុង​ស្រុក​ស្ទោង​ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
ម្ចាស់​សហគ្រាស​សិប្បកម្ម​កែច្នៃ​ត្រី​ក្នុង​ខេត្ត​កំពង់​ធំ​លោក ​សួង សោភ័ណ​ និង​ភរិយា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ ក្នុង​ស្រុក​ស្ទោង​ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​បញ្ជាក់​ថា៖ ​«មុន​ចូល​គម្រោង​ យើង​ប្រកួត​ប្រជែង​ច្រើន​មែន​ទែន​ ទាំង​តម្លៃ​ ទាំង​គុណ​ភាព​គឺ​ការ​ប្រកួត​ប្រជែង​ស្វិត​ស្វាញ​ ប៉ុន្តែ​នៅ​ពេល​យើង​ចូល​គម្រោង​ យើង​បាន​បង្ហាញ​ឧបករណ៍​ ដែល​គម្រោង​គាត់​ផ្តល់​មក​ បង្ហាញ​ឱ្យ​គាត់ ​(អតិថិជន)​មាន​ទំនុក​ចិត្ត​ ហើយ​គាត់​ផ្សព្វផ្សាយ​ទៅ​អ្នក​ទទួល​យក​ពី​គាត់​តៗ​ហ្នឹង​ គាត់​ក៏​លក់​បាន​កើន​ឡើង​ដែរ»។​

បើ​តាម​ម្ចាស់​សហ​គ្រាស​រូប​នេះ ​លោក​ចង់​ពង្រីក​អាជីវកម្ម​របស់​លោក​ឱ្យ​កាន់​តែ​ច្រើន​ទៅ​តាម​បណ្តា​ខេត្ត​នានា។ ​បន្ថែម​លើ​នេះ​ លោក​បាន​ស្នើ​ឱ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នៅ​ក្នុង​ការពង្រឹង​វិស័យ​វារីវប្បកម្ម​ដើម្បី​ធានា​ថា​ ផលត្រី​ដែល​ផ្គត់​ផ្គង់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​មាន​សុវត្ថិភាព​សម្រាប់​សាធារណ​ជន​ទូទៅ។​

លោក​ថ្លែង​ថា៖​«ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គាត់​ជួយ​ពង្រឹង​វារីវប្បកម្ម​បន្ថែម​ ជា​ពិសេស​គឺ​ផ្តោត​ទៅ​លើ​អ្នក​ចិញ្ចឹម​ហ្នឹង​ឱ្យ​គាត់​ចិញ្ចឹម​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹម​ត្រូវ​ឱ្យ​សម​សម្រប​ទៅ​នឹង​ CQS»។​

លោក សំណាង សុធា ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី និង​ភរិយា ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន នៅ​ទីតាំង​កែច្នៃ​ត្រី​របស់​លោក ក្នុង​ខេត្តសៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក សំណាង សុធា ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី និង​ភរិយា ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន នៅ​ទីតាំង​កែច្នៃ​ត្រី​របស់​លោក ក្នុង​ខេត្តសៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

ម្ចាស់​សហ​គ្រាស​មួយ​រូប​ទៀត​លោក​ សំណាង សុធា​ លើក​ឡើង​ថា​ សព្វ​ថ្ងៃ​នេះ​សហ​គ្រាស​របស់​លោក​មានទីផ្សារ​នៅ​ក្នុង​ខេត្ត​សៀមរាប ​បន្ទាយ​មានជ័យ ​ឧត្តរ​មានជ័យ ​និង​រាជធានី​ភ្នំពេញ។​

ដំណាល​គ្នា​នឹង​ភាព​ចម្រើន​ទៅមុខ​នៃ​សិប្បកម្ម​របស់​លោក​ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​១០០​នាក់​នោះ ​លោក​មាន​មហិច្ឆតា​ក្នុង​ការ​ពង្រីក​ទីផ្សារ​របស់​សិប្បកម្ម​លោក​ឱ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ស្រុក។​

ម្ចាស់​សហ​គ្រាស​រូប​នេះ​ក៏​រំពឹង​ថា ​នឹង​នាំ​ចេញ​ផលិតផល​របស់​លោក​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ ​ព្រោះ​សហគ្រាស​របស់​លោក​បាន​ដាក់​ទុន​២០​ម៉ឺន​ដុល្លារ​ក្នុង​ការ​កែច្នៃ​និង​ផលិត​ផលិត​ផល​ត្រី​ងៀត​ ផ្អក​ ត្រី​ឆ្អើរ​ ប្រហុក​ និង​ត្រី​ផាត់​ជា​ដើម។​

លោក​បញ្ជាក់​ថា៖ ​«យើង​ទៅ​ទាំង​អស់​ ទៅ​អាមេរិក​ អូស្ត្រាលី​ និង ​New Zealand ​គឺ​គោល​ដៅ​របស់​យើង​ដែល​ចង់ទៅ ​ព្រោះអី​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ទីនោះ​ច្រើន»។​

គម្រោង​ CapFish​ មាន​ការ​កំណត់​ស្តង់ដារសុវត្ថិភាព​មាន​ដូច​ជា​ CQS ​ដែល​សំដៅ
ទៅ​លើ​និមិត្ត​សញ្ញា​បញ្ជាក់​គុណភាព​ផលិត​ផល​កម្ពុជា​ និង​ប្រព័ន្ធ​ «វិភាគ​គ្រោះ​ថ្នាក់​និង​ចំណុច​ត្រួត​ពិនិត្យ​សំខាន់»​ ហៅ​កាត់​ថា​ ហាសាប់​ (HACCP)។​

ម្ចាស់​សិប្បកម្ម​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​នេះ​បាន​បង្ហាញ​ក្តី​បារម្ភ​ផង​ដែរ​ចំពោះ​ប្រភព​ត្រីដែល​អ្នកនេសាទ​ប្រមូល​មក​លក់​ជូន​ម្ចាស់​សិប្បកម្ម​នៅ​ក្រៅ​គម្រោង​ជា​ពិសេស​ត្រី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។​

ពួក​គេ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ដាន​មើល​ប្រភព​ត្រី​ដែល​ត្រូវ​បាន​នាំចូល​ក្នុង​ប្រទេស​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ ដើម្បី​ធានា​គុណភាព​ត្រី ​ឬ​ត្រី​ដែល​ចិញ្ចឹម​ក្នុង​ស្រុក​ដែល​មិន​មាន​ការ​កំណត់​ស្តង់ដា​រអនាម័យ​ច្បាស់លាស់។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​កញ្ញា​ អ៊ឹម រចនា ​ថ្លែងថា​ កម្ពុជា​មិន​អាចបិទ​ការ​នាំ​ត្រី​ចូល​ពី​ខាង​ក្រៅ​ប្រទេស​បាន​ទេ ​ដោយ​សារ​តែ​កម្ពុជា​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ និង​ថា ​អ្វី​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន​គឺ​ជំរុញ​សមត្ថភាព​ក៏​ដូចជា​តិចនិក​បច្ចេកទេស​ដល់​សហ​គ្រាស​ដើម្បី​អាច​កែឆ្នៃ​ត្រី​បាន​ប្រកប​ដោយ​សុវត្ថិភាព​ និង​គុណភាព​ខ្ពស់។​

លោក Shetty Seetharama Thombathu ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​យូនីដូ​ លើក​ឡើង​ពី​ទិដ្ឋភាព​ជារួម​នៃ​គម្រោង CAPFish Capture ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។(ហ៊ុល រស្មី/វីអូអេ)
លោក Shetty Seetharama Thombathu ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​យូនីដូ​ លើក​ឡើង​ពី​ទិដ្ឋភាព​ជារួម​នៃ​គម្រោង CAPFish Capture ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។(ហ៊ុល រស្មី/វីអូអេ)

អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​មួយ​របស់​អ្នក​សារ​ព័ត៌មានទៅ​កាន់​សិប្បកម្ម​កែច្នៃ​ត្រី​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ កញ្ញា​ប្រាប់​វីអូអេ​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖​«អ៊ីចឹង​អា​ហ្នឹង​គឺ​ជា​ការងារ​ដែល​យើង​កំពុងតែ​ធ្វើ​ដើម្បី​ជួយ​បង្កើន​តម្លៃ​បន្ថែម​ទៅ​ដល់​ផលិត​ផល​ត្រី​របស់​យើង»។​
លោក​ សេតធី ស៊ីថារ៉ាម៉ា ថមបាធូ​ (Shetty Seetharama Thombathu)​ ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​ អង្គការ​យូនីដូ (UNIDO) ​ថ្លែង​ថា ​ គម្រោង​ CapFish Capture​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ធានា​បាន​នូវ​សុវត្ថិភាព​ម្ហូប​អាហារ​ និង​ពង្រឹង​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ឱ្យ​ដឹង​ទៀត​ថា​ ម្ចាស់​សិប្បកម្ម​មួយ​ចំនួន​ដែល​ចូល​រួម​គម្រោង​នេះ​បាន​ឃើញ​នូវ​ការ​ប្រែក្លាយ​ទីតាំង​កែច្នៃ​ត្រី​របស់​ខ្លួន​ដែល​ពី​ដើម​មក​ខ្វះ​ទាំង​អនាម័យ ​និង​បច្ចេក​ទេស​មក​ជា​កន្លែង​ផលិត​ត្រី​ដែល​អាច​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ផង​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង។​

គួរ​រំឭក​ថា​ គម្រោង ​CapFish Capture ​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​របស់​កម្ពុជា​ដើម្បី​រួម​ចំណែក​ដល់​ការ​សម្រេច​ឱ្យ​បាន​គោល​ដៅ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​២០៣០​សម្រាប់​វិស័យ​ជលផល។ ​នេះ​មាន​ន័យ​ថា​គិត​ត្រឹម​ឆ្នាំ​២០៣០​ ការ​បែងចែកផល​ត្រី​នឹង​ធ្វើ​ឡើង​ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការ​អភិរក្ស​ធនធាន​ជល​ផល​ក្នុង​ដែន​ទឹក​ និង​បញ្ឈប់​ការ​ស្រេក​ឃ្លាន​ក្នុងប្រទេស​នីមួយៗ​ដែល​ជា​សមាជិក​របស់​អង្គការ​សហ​ប្រជាជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG