ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​លក់​ត្រី​​នៅ​គីឡូម៉ែត្រ​លេខ​៩​​​ថា ​ឆ្នាំ​នេះ​​ត្រី​ប្រហុក​សម្បូរ ​ប៉ុន្តែ​មិន​មាន​អ្នក​ចុះ​មក​ទិញ


អ្នកស្រី ហាជី ស្លើម៉ាស់ អាយុ៥០ឆ្នាំ កំពុងលក់ត្រីឲ្យអ្នកទិញនៅក្នុងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ហាជី ស្លើម៉ាស់ អាយុ៥០ឆ្នាំ កំពុងលក់ត្រីឲ្យអ្នកទិញនៅក្នុងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​អ្នក​លក់​ត្រី​ប្រហុក​នៅ​គីឡូ​ម៉ែត្រ​លេខ​៩ ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ ​អះ​អាង​ថា ​ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​នេះ ​ត្រី​ចាប់​សម្រាប់​ធ្វើ​ប្រហុក​ត្រូវ​ជាង​ឆ្នាំ​មុន។​ ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​អះអាង​ថា​ មិន​សូវ​មានពលរដ្ឋ​ចុះ​មក​ទិញ​ធ្វើ​ប្រហុក​ឡើយ។​ ការណ៍​នេះ​ធ្វើ​តម្លៃ​លក់​ចេញ​បាន​ថោក ​ហើយ​អ្នក​លក់​មិន​សូវ​ចំណេញ។​

កំពុង​អង្គុយ​លើ​កៅ​អី អ្នកស្រី ​ហាជី ​ស្លើម៉ាស់​ អាយុ ​៥០ ​ឆ្នាំ ជា​អ្នក​លក់​ត្រី នៅ​គីឡូម៉ែត្រ​លេខ​៩​ ប្រាប់​វីអូអេ​ថា រយៈពេល​ប្រមាណ​មួយ​សប្តាហ៍​នេះ ​ត្រី​ប្រហុក​សម្បូរ ​ឬ​ត្រូវ​ជាង​ឆ្នាំ​មុន។ ប៉ុន្តែ​អ្នកស្រី​ថា​ កាលពី​ថ្ងៃ​ទី​ ១ ​ខែ​មករា ជា​ថ្ងៃត្រី​ត្រូវ​ខ្លាំង ​ឬ​សម្បូរ​ខ្លាំង ​តែ​អ្នកស្រី​លក់​ខាត​ទៅ​វិញ ដោយ​សារ​មិន​មាន​ពលរដ្ឋ​ចុះ​មក​ទិញត្រី​ ដើម្បី​ធ្វើ​ប្រហុក។​ អ្នកស្រី​បន្ថែម​ថា នៅ​ថ្ងៃ​សុក្រ ​ទី​ ៦​ ខែ​មករា ​ត្រី​ចាប់​ផ្តើម​លែង​សូវ​សម្បូរ​ហើយ។​

អ្នកស្រី​ថ្លែង​ថា៖ ​«ថ្ងៃ [ត្រី]​ត្រូវ​ខ្លាំង ​ថ្ងៃ​គេ​ឆ្លង​ឆ្នាំ!​ ​អា​ថ្ងៃ​ហ្នឹង​ថោក​ [តម្លៃ] ៣៥ [៣៥០០ រៀល​ ក្នុង​មួយ​គីឡូក្រាម]​ ខ្ញុំ​ខាត។​ ដល់​ពេល​ថ្ងៃ​នោះ​ អត់​មាន​បង​ប្អូនចុះ​មក​។ ខ្ញុំ​វាយ​ [យក]​ ត្រី​គេ​ពី​កណ្តាល​ [ទន្លេ​ដែល​ត្រីនៅ​លើ​ទូក]​ មក​ថ្លៃ ​ដាក់​លក់ ​[ហើយ] ​បង​ប្អូនអត់​បាន​ចុះ​មក ​ខ្ញុំ​ខាត​ថ្ងៃ​ហ្នឹង​ ខាត​ដល់​ក​ហើយ! ​[ថ្ងៃ​សុក្រ​នេះ​តម្លៃ] ​គ្រាន់​បើ​វិញ​ [បាន​តម្លៃ​ទៅ​ដល់ ​៤៥០០ ​រៀល]»។​

​អ្នកស្រី​បន្ថែម​ថា៖ ​«ថ្ងៃ​នេះ​បាន​ ៣​ ឬ ៤ ​តោន​ទេ ​មើល​ទៅ​ [បើ]​លក់​តែ​ឯង​ អត់​មាន​អ្នក​ណា​លក់។ ​ហើយ​អត់​ឃើញ​បង​ប្អូន​ណា​ [ចុះ​មកទិញ]ដែរ ​[គឺ]លក់​ឲ្យ​អ្នក​ស្រុក​ទេ​ [ដែល]​ យក​ទៅ​លក់វិញ ​[មានតែ]អ្នក​ស្រុក​ទេ ​ទិញ​យក​ទៅ​លក់​វិញ»។​

​ចំណែកលោក ​លាស់ ស្មាឯល ​អាយុ​ ៤៣ ​ឆ្នាំ ​ជា​អ្នក​លក់​ត្រី​មួយ​រូប​ទៀត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ទី​ ៦​ ខែ​មករា​ ថា​ ត្រី​ប្រហុក​ឆ្នាំ​នេះចាប់​ផ្តើម​ត្រូវ ​តាំងពីថ្ងៃ​ ៥ ​កើត​មក ​ប៉ុន្តែ​មក​ដល់​ពេល​នេះ ​ត្រី​ចាប់​ផ្តើម​អស់​ទៅ​វិញ​ហើយ។ ​លោក​ក៏​លើក​ឡើង​ដែរ​ថា​ ឆ្នាំ​នេះ ​អ្នក​លក់​ត្រី​ប្រហុក​គឺ​មិន​ចំណេញ​នោះ​ទេ។​

​លោក​ថ្លែង​ថា៖ ​«ត្រី​ប្រហុក​លេខ​ ១​ វា​អត់​ទៀង។​ វាមាន​តម្លៃ​ ២៨​ [២៨០០​ រៀល] ​ ២៥ ​[២៥០០ រៀល] ​ទៅ​តាម​ពេល​វេលា​នៃ​លក់។​ បើ​អត់​មាន​មនុស្ស​ទេ​ អ្នក​លក់​ខ្លះ​លក់​ខាត។​ គាត់​លក់​យក​ដើម​វិញ អ៊ីចឹង​ទៅណា៎​ ជា​ជាង​គាត់​ទុក​ត្រី​ចោល​ឲ្យអន់​សាច់ ហើយ​គាត់​អត់​មាន​អាង​ស្តុក។​ អ៊ីចឹងគាត់​លក់​ខាត​ ក៏គាត់​លក់ដែរ»។​

បុរសម្នាក់ឈរលាងត្រី នៅលើច្រាំងទន្លេក្នុងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
បុរសម្នាក់ឈរលាងត្រី នៅលើច្រាំងទន្លេក្នុងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក លាស់ ស្មាឯល អាយុ៤៣ឆ្នាំ ជាអ្នកលក់ត្រីនៅក្នុងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក លាស់ ស្មាឯល អាយុ៤៣ឆ្នាំ ជាអ្នកលក់ត្រីនៅក្នុងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ថា ​ឆ្នាំ​នេះ ​ពលរដ្ឋ​ក៏​មិន​សូវ​ចុះ​មក​ទិញ​ត្រី​ដើម្បី​ធ្វើ​ប្រហុក​ដែរ ​ព្រោះ​ទំនង​មក​ពី​បញ្ហា​សេដ្ឋកិច្ច។​

លោក​ថ្លែង​ថា៖ ​«ចង់​និយាយ​ថា ​ប្រជា​ពល​រដ្ឋ​ គាត់​អត់​សូវ​មាន​លុយ​ ព្រោះអី​សេដ្ឋកិច្ច​ឥឡូវ ​វា​ពិបាក​រៀង​ខ្លួន​ ហើយ​អ្នក​ខ្លះ​គាត់​ជំពាក់​ធនាគារច្រើន។ ​គាត់​ចង់​ធ្វើ​ ១០០​ គីឡូ ​ធ្លាក់​នៅ​ ៥០ ​គីឡូ។​ អ៊ីចឹង​ទៅ​ អាហ្នឹង​គាត់​អត់​សូវ​មាន​លុយ។ គាត់​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ពួក​គាត់។ ​បើដូច​រាល់​ឆ្នាំ គាត់​[ពល​រដ្ឋ​មក​ទិញ​ត្រី​ធ្វើ​ប្រហុក] ​ធ្វើ​ច្រើនៗ»។​

អ្នកស្រី ​ហេម ទីណា ​អាយុ​ ៤៥ ​ឆ្នាំ ​ដែល​កំពុង​អង្គុយ​លក់​ត្រីប្រហុក​នៅ​ជិត​ច្រាំង​ទន្លេ​ក្នុង​ភូមិសាស្ត្រគីឡូ​ម៉ែត្រ​លេខ​ ៩ ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​វីអូអេ ​នៅ​ថ្ងៃ​សុក្រ​ថា ​ឆ្នាំ​នេះ ​ត្រី​ត្រូវ​ជាង​ឆ្នាំ​មុន ប៉ុន្តែ​មិន​សូវ​មាន​ពល​រដ្ឋ​មក​ទិញ​យក​ទៅ​ធ្វើ​ប្រហុក​ ដែល​ធ្វើ​ឲ្យលក់​មិន​សូវ​បាន​ចំណេញ ​ឬ​ខាត។​

អ្នក​ស្រី​ថ្លែង​ថា៖ «ថ្ងៃ ១ ​ថ្ងៃ​ ២[មករា]​ ​ ម្នាក់ៗ​ខាត​[លុយ]ខ្ទង​លាន​ម៉ង។​ នឹក​ឃើញ​យើង​ចាក់​ត្រី​មក ​មាន​មនុស្ស​មក​ចង់​ទិញ​ តែ​ពេល​គេ​ឆ្លង​ឆ្នាំ​ គេអត់​មក​ ហើយ​អ៊ីចឹង​ពួក​ខ្ញុំ​លក់​ថោកៗ ​ឲ្យ​តែរួច​ដើម​ខ្លះ​ទៅ។ បើ​យើង​មិន​លក់​ទេ​ ដឹង​យក​ទៅណា។​ យើង​យក​ត្រី​គេ​មក​វាយ​[លក់]​សិន ​ដល់​លក់​អស់​បាន​យក​លុយ​ទៅ​ឲ្យ​គេ។ ​អ៊ីចឹង​យើង​លក់​ឲ្យរួចៗ​ដើម​សិន​ទៅ​ណា៎​ ខាត​ចំណេញ​ ទៅ​សិន​ហើយ!»​

អ្នកស្រី​យល់​ថា​ មូល​ហេតុ​ដែលឆ្នាំ​នេះ ​ប្រជា​ពលរដ្ឋមិន​សូវមក​ទិញត្រី​ប្រហុក​នៅ​ក្នុង​តំបន់​របស់​អ្នកស្រី ​គឺ​ទំនង​មក​ពី​ពល​រដ្ឋ​នាំ​គ្នាទៅ​ទិញ​នៅ​ខេត្ត​កំពង់ឆ្នាំង ​ហើយ​អាច​ខ្លះ​គិត​ថា តម្លៃ​ត្រីនៅ​គីឡូ​ម៉ែត្រ​លេខ​ ៩ ​ថ្លៃ ដូច​ឆ្នាំ​មុន​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ៨០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ប៉ុន្តែឆ្នាំ​នេះ​ត្រី​ប្រហុក​លេខ ១​ លក់​បាន​ថ្លៃ​បំផុត​តែ​ ៥០០០ ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម។​

កាល​ពី​ថ្ងៃ​ទី ៣ ​ខែ​មករា​ ឆ្នាំ​ ២០២៣ ​នេះ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​អង្គារ ​ទី ៣​ ខែ​មករា​ ផល​នេសាទ​ដាយត្រី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​នៅ​ក្នុង​ឆ្នាំ​ ២០២២-២០២៣​ សម្រេច​បាន​បរិមាណ​ ១.៤៨១ ​តោន​ ដែល​កើន​ឡើង​ ៤០%​ បើ​ធៀប​ឆ្នាំ​មុន​ ដែល​មាន​ចំនួន​តែ​ ៨៩០ ​តោន។ ​

ក្រសួង​បញ្ជាក់​ថា៖​ «កំណើន​ត្រី​ដែល​ចាប់​បាន​នៅ​ក្នុង​គន្លង​ដាយ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ បរិមាណ​ត្រី​ទឹក​សាប​នៅ​ក្នុង​ធម្មជាតិ​មាន​ការ​កើន​ឡើង​ជាង​មុន​ ដែល​ជា​លទ្ធផល​នៃ​ការ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បទ​ល្មើស​ក្នុង​បឹង​ទន្លេសាប​ ពី​សំណាក់​មន្ត្រី​ជលផល ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ទាំង​អស់​កាល​ពី​រដូវ​ត្រី​ពង​ក្នុង​អំឡុង​ឆ្នាំ​ ២០២២ ​កន្លង​ទៅ»។​

ខណៈ​កំពុង​ឈរនៅ​ច្រាំង​ទន្លេ​ចាំ​គេ​លាង​ត្រី​ប្រហុកឲ្យ​នៅគីឡូ​ម៉ែត្រ​លេខ​ ៩ ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​ អ្នក​ស្រី ​ទិន ណាវី ​ជា​ពលរដ្ឋ​ដែល​ទិញត្រី​ដើម្បី​ធ្វើ​ប្រហុក​ចំនួន​ ១០០ ​គីឡូ​ក្រាម បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ដោយ​សារ​ឆ្នាំ​នេះ​អ្នកស្រី​ឮ​ថា ត្រី​សម្បូរ ទើប​មក​ទិញ​ត្រី​នៅ​គីឡូ​ម៉ែត្រ​លេខ ៩ ​នេះ។ ​ប៉ុន្តែអ្នកស្រី​នៅ​តែ​គិត​ថា ​តម្លៃ​ត្រី​ឆ្នាំ​នេះគឺ​នៅ​តែ​ថ្លៃ​ដដែល។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ត្រី​ដូច​ថាស្រស់ៗ ​លើក​ពី​ទឹកមក​នៅ​លោត​ផ្លោត​អ៊ីចឹង​ អាហ្នឹង​ថ្លៃ។​ អា​នេះ ​[ត្រី​ដែល​អ្នក​ស្រី​បាន​ទិញ]​ វា​ដាក់​ទុក​ចោល​ ២​ ម៉ោង ​អ៊ីចឹង​ទៅ​ ​វា​រលួយ​ពោះ​អី​អ៊ីចឹង​ទៅ ​វា​អាច​ធូរ​ថ្លៃ»៕

XS
SM
MD
LG