ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​កសិ​កម្មថ្មី​​ប្តេ​ជ្ញា​​បង្កើន​កិច្ចសហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ជួយ​កសិករ​


លោក ​ឌិត ទីណា ​​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​ ញញឹម​ទៅ​កាន់​រដ្ឋ​មន្ត្រី​​​ក្រសួង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​ដល់​រូប​លោក​​​​នៅ​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២​។ (លាស់ លីបលីប/វីអូអេ)
លោក ​ឌិត ទីណា ​​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​ ញញឹម​ទៅ​កាន់​រដ្ឋ​មន្ត្រី​​​ក្រសួង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​ដល់​រូប​លោក​​​​នៅ​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២២​។ (លាស់ លីបលីប/វីអូអេ)

រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ ​លោក​ឌិត​ ទីណា​ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បម្រើ​ផល​ប្រយោ​ជន៍​កសិករ​ខ្មែរ​ បើ​ទោះ​បី​ជា​លោក​មិន​មាន​ជំនាញ​ក្នុង​ការ​ដាំដុះ និង​ការ​បង្កបង្កើន​ផល​កសិកម្ម​ក៏ដោយ។

​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​តុលា​នេះ​ លោក ឌិត​ ទីណា ដែល​គេ​សា្គល់​ថាជាកូន​ប្រុស​ប្រធាន​តុលាការ​កំពូល​ លោក​ ឌិត មុន្ទី​ ​បាន​ស្បថ​ចូល​កាន់​តំណែង​ក្រោម​អធិបតី​ភាព​របស់​លោក ​អូន ព័ន្ធមុនី​រ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​តែង​តាំង​ជា​រដ្ឋមន្ត្រី​កសិកម្ម​ស្តី​ទី​ ពេល​ដែល​រដ្ឋ​មន្ត្រីកសិកម្មចាស់​ លោក​ វេង សាខុន​ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ក្រោម​ហេតុ​ផល​ខ្វះ​កិច្ច​សហការ​ជា​មួយ​មន្ត្រី​ឯ​ទៀត​។

នៅក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​កសិកម្ម​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​តុលានោះ ​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ លោក ​ឌិត​ ទីណា ​បាន​លើក​ឡើង​ថា​ផល​ប្រយោ​ជន៍​ប្រជា​ពល​រដ្ឋ​ខ្មែរ​គឺ​ជា​អា​ទិភាព​នៃ​ការ​ចូល​មក​កាន់​ការងារ​ថ្មីរបស់លោក។ លោក​បន្តថា បើទោះលោកមិន​ទាន់​មាន​បទ​ពិសោ​ធន៍ក្នុង​វិស័យ​កសិ​កម្ម​នេះ​ តែ​លោកជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ចំនួន​២​ គឺ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ និង​ក្រសួង​ពាណិជ្ជ​កម្ម​។

លោក​ ឌិត​ ទីណា បញ្ជាក់​ក្នុង​សន្និ​សីទ​ព័ត៌​មាន​ថា​៖ «​អ្វី​ដែល​សំខាន់​គឺ​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ​កម្ពុជា​យើង​។ នេះ​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​»។ លោក​បន្ថែម​ថា​ វិស័យ​កសិកម្ម​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ជាង​មុន​ ប្រសិន​បើ​មាន​កិច្ច​សហ​ការ​ល្អ​រវាង​ស្ថាប័ន​រដ្ឋ​ និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​វិស័យ​នេះ​ លើ​កិច្ច​ការ​សំខាន់​ៗ​មួយ​ចំនួន​ ដែល​រួម​មានការ​ស្វែង​យល់​ពី​ទីផ្សារ​កសិ​កម្ម និង​តម្រូវ​ការ​សម្រាប់​ផលិត​ផល​កសិ​កម្ម​ជា​ដើម​។

លោក​ ឌិត ទីណា​ ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួងកសិ​កម្ម (​រាប់​ពី​ឆ្វេង​ទី​២​) ឈរ​ថតរូប​ជា​មួយ​រដ្ឋ​មន្ត្រី​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែងដល់រូប​លោកនៅ​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ ២០២២​។ (លាស់ លីបលីប/វីអូអេ)
លោក​ ឌិត ទីណា​ ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួងកសិ​កម្ម (​រាប់​ពី​ឆ្វេង​ទី​២​) ឈរ​ថតរូប​ជា​មួយ​រដ្ឋ​មន្ត្រី​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែងដល់រូប​លោកនៅ​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ ២០២២​។ (លាស់ លីបលីប/វីអូអេ)

លោក ឌិត​ ទីណា ​ថ្លែង​ថា​៖ ​«ដូច្នេះ​បើ​សិន​ជា​យើង​មិន​បាន​យល់​ពី​ទីផ្សារ​ មិន​បាន​សម្រប​ខ្លួន​ទៅ​តាម​ទីផ្សារ ​គឺ​យើង​នឹង​ជួប​នូវ​ការ​លំបាក​។ ​នៅ​ក្នុង​ចំណុច​នេះ ​ខ្ញុំ​យល់​ថាអ្វីដែល​គួរ​ធ្វើ​ទៅ​ថ្ងៃ​មុខ គឺជាការ​ចូល​រួម​ទាំង​អស់​គ្នា​មិនមែន​តែខ្ញុំ​បាទ​ម្នាក់​ឯង ​រដ្ឋ​មន្ត្រី​អាច​ធ្វើ​ការ​ងារ​កើត​ទេ​។ មន្ត្រី​យើង​ត្រូវ​ចូល​រួម​សិក្សា​ជាមួយ​គ្នា​ ពិនិត្យ​មើល​ជា​មួយ​គ្នា​ លទ្ធ​ភាព​ក្នុង​ការ​សម្រប​សម្រួល​ជាមួ​យ​ទីផ្សារ។ ​យើង​មិន​អាចទៅ​កែសម្រួល​ទីផ្សារ​បាន​ទេ...។ ​ឥឡូវ​ប្រសិន​បើ​ជា​យើង​បាន​យល់​ហើយ​ចំនុច​ទី​ពីរ​គឺ​ កសិករ​ និង​អ្នកផ​លិត​ខ្លួន​ឯង​ផ្ទាល់​។ អ្នក​ផលិត​ខ្លួន​ឯ​ងផ្ទាល់​មាន​ការ​ទុកចិត្ត​ បើ​សិន​ជា​លោកទុកចិត្ត​ថា ធ្វើការ​មួយ​នេះទៅ​ទីផ្សារ​នឹង​ទទួល​យក​ ពេល​នោះ​ទើប​បាន​ជោគ​ជ័យ​»​។ ​

ទោះបី​ខ្វះ​ជំនាញ​កសិ​កម្មក៏​ដោយ លោក ​ឌិត​ ទីណា​ មាន​សុទិដ្ឋិ​និយម​ថា បទ​ពិសោ​ធន៍​របស់​លោក ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្រសួង​មុន​ៗ បូក​រួមការ​ស្វែង​យល់​បន្ថែម​ទៀត​ទាក់ទ​ង​ចំណេះ​ដឹង​កសិកម្ម​នឹងធ្វើ​ឱ្យ​លោក​អាច​កាន់​ចង្កូត​ដឹក​នាំ​វិស័យ​កសិ​កម្ម​នេះរីក​ចម្រើន​ទៅ​មុខបាន​។ ​

លោក​បន្ថែមថា៖ ​«អ៊ី​ចឹង​ចំការ​នៃ​បទ​ពិសោ​ធន៍​នេះ​ គឺ​ជា​ផ្នែក​មួយ​ដែល​ឱ្យ​យើង​ដឹង​ថា​អ្វី​ដែល​ត្រូវ​ដើរ​ ទៅ​ឆ្វេង​ឬ​ទៅ​ស្តាំ​ ត្រជាក់​ឬ​ក្តៅ។ ​ឯ​ចំណេះ​ដែល​បាន​មក​ពី​អ្នក​ជំនាញ​ ជា​ផ្នែក​មួ​យ​ទៀត​ដែល​និយាយ​ថា​ គេ​មួយ​ចំនួន​ដែល​បាន​ធ្លាប់​ដើរ​ទៅហើយ​បាន​ចង​ក្រង​ជាសៀវ​ភៅ​ហើយ​យ៉ាង​ម៉េច​។ អ៊ី​ចឹង​បូក​ផ្នែក​លើ​ចំណុច​ទាំង​២​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យខ្ញុំ​មាន​សុទិ​ដ្ឋិ​និយម​ថា​ ទោះ​វិស័យ​នេះ​ថ្មី​សម្រាប់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ខ្ញុំ​នឹង​អាច​ស្វែង​យល់​បាន​»​។

​ស្រប​ពេល​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​កសិ​កម្ម​នេះ សមា​គម​ដែល​ធ្វើ​ការ​លើ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​រំពឹង​ថា ​រដ្ឋ​មន្ត្រី​ថ្មី ​នឹង​ធ្វើ​ការ​ជិត​ស្និទ្ធជា​មួយ​កសិករ ​ជា​ពិសេសដោះ​ស្រាយ​បញ្ហា​ប្រឈមរ៉ាំរ៉ៃ​ គឺទីផ្សារ​សម្រាប់​ផលិត​ផល​កសិ​កម្ម។

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ លោក​ ​ស្រ៊ុន ពៅ​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារនេះ​ថា ក្រសួង​កសិកម្ម​ដែល​លោក​ថាជា​អាណា​ព្យា​បាល​របស់​កសិករ​ គួរពិនិត្យ​មើល​ និង​បង្កើន​កិច្ចសហការ​ជាមួយ​កសិករ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម ក៏​ដូច​ជា​ការ​រក​ទីផ្សារ​នាំ​ចេញ​ ព្រោះបច្ចុប្បន្ន​ ​ការ​ចិញ្ចឹម​សត្វ​ មិន​ថា​ជ្រូក មាន់ ទា គឺផលិត​បាន​លើស​ត​ម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក ដែល​ធ្វើ​ឱ្យខាត​បង់​ដល់​អ្នក​ផលិត​។ ​

លោក​និយាយថា៖ ​«ចំណី​ឡើង​ថ្លៃ តែ​សាច់​ចុះថ្លៃ​ អាហ្នឹង​ប្អូនគិត​មើលថា​វា​ប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹមសត្វ​ឬ​អត់​? ហើយ​យើង​ក៏មិន​បន្ទោស​ទៅ​រាជ​រដ្ឋាភិបាល​ដែរ ដោយ​សា​រ​វិស័យ​ចិញ្ចឹមសត្វ​នេះ​មាន​ការ​កើនឡើង​ ​ដោយសារ​បងប្អូនគាត់​មាន​ចំណាប់​អារ​ម្មណ៍​ងាក​មក​ចិញ្ចឹម​សត្វ ដូច​មាន់ ជ្រូក​ ​ទា គោ ​ក្របី ​អ៊ីចឹង​ទៅ ។ គាត់​ផ្តោត​មក​លើ​ការ​ចិញ្ចឹម​ អ៊ីចឹង​វា​លើស​ពីតម្រូវ​ការ​ទីផ្សារ​ អ៊ីចឹង​យើង​មាន​តែ​គិត​គូរ​ធ្វើការ​នាំ​ចេញ​ទៀត​ ព្រោះយើង​លើស​ហើយ​ត្រូវ​តែធ្វើការ​នាំ​ចេញ​»។

ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមា​គម​វារីវប្ប​ករ​កម្ពុជា ​លោក សុខ រ៉ាដែន ​រំពឹង​ថា ​រដ្ឋ​មន្ត្រី​ថ្មី​នឹងផ្តល់​សេច​ក្តី​សង្ឃឹមដល់​ប្រជា​ពល​រដ្ឋ​ ជា​ពិសេសវារីវប្បករ ​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈមដូច​ជាបញ្ហា​ទីផ្សារ ការ​ពង្រឹង​យន្ត​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ត្រី​នាំ​ចូល​ ដែល​គោរពតាម​ស្តង់​ដារ​ប្រព័ន្ធ​វារី​វប្ប​កម្ម​។

លោក ​ឌិត ទីណា រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួងកសិ​កម្ម​ (​ស្តាំ) ឈរ​ជាមួយរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌លោក ​កើត រិទ្ធ​ ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែងដល់រូប​លោកនៅទីស្តី​ការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នៅថ្ងៃទី១៧ ខែ​តុលា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
លោក ​ឌិត ទីណា រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួងកសិ​កម្ម​ (​ស្តាំ) ឈរ​ជាមួយរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌លោក ​កើត រិទ្ធ​ ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែងដល់រូប​លោកនៅទីស្តី​ការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នៅថ្ងៃទី១៧ ខែ​តុលា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

លោកបន្ថែម​ថា ការ​ពង្រឹងយន្ត​ការ​ពិនិត្យ​គុណ​ភាព​ត្រី​នាំ​ចូល ក៏​ជា​កត្តា​សំខាន់​មួយ​ដែលអាច​ជួយឱ្យ​កសិករ និង​ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​ត្រី ​មាន​លទ្ធភាពប្រកួត​ប្រជែ​ង​ទីផ្សារ​ត្រី​ជា​មួយ​ប្រទេស​ជិត​ខាង​បាន​ផង​ដែរ។

លោក​ថ្លែង​ថា​៖ ​«នៅ​ស្រុក​គេ​ ត្រី​របស់​គេ​ថ្លៃ​ជាង​យើ​ង​ផង​ ប៉ុន្តែ​ហេតុ​អ្វី​ត្រីនាំ​ចូលមក​វា​ថោក? ​អ៊ីចឹង​ជា​វិបត្តិ។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថាឯក​ឧត្ត​មរដ្ឋមន្ត្រី​ថ្មី លោកជា​បញ្ញ​វន្ត លោកនឹង​ជួយ​មើលពីបញ្ហា​នៃ​ការ​នាំ​ចូល​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​មាន​តម្លា​ភាព​ ហើយ​មាន​ការ​បង់ពន្ធ​ត្រឹមត្រូវ​អ៊ីចឹង​ទៅ យើង​អាច​ប្រកួត​ប្រជែង[ទីផ្សារ​ត្រី]បាន​ហើយ​។»​

​លោក​បន្ថែម​ថា៖​ «ខ្ញុំ​រួម​គ្នា​ជា​មួយ​រដ្ឋ ​និង​រដ្ឋា​ភិ​បាល [​ធ្វើ​ការ​ងារ​នេះ​]ដើម្បី​អភិវ​ឌ្ឍន៍​វិស័យ​វារី​វប្ប​កម្ម​ [ដោយ​ខ្ញុំ]អត់​ធ្វើ​នយោ​បាយ​[​នោះ​ទេ]​»​។ ​

​ដោយ​ឡែក​ប្រធាន​សមា​គម​សម្ព័ន្ធ​សហគ​មន៍​កសិករ​កម្ពុជា​ (CCFC) លោក ​ថេង សាវឿន ​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះថា​ បើ​ទោះជាបី​ជា​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រីយ៉ាង​ណា​ក៏​ដោយ​ ក៏​វិស័យ​កសិកម្ម​មិន​អាច​ឃើញ​កំណើន​មួយ​ប្រកប​ដោយ​ចីរភាព ​ប្រសិន​បើ​រដ្ឋមន្ត្រីថ្មី​ ​នៅតែ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ ដូច​ជា​បញ្ហា​ទីផ្សារ ​បញ្ហា​ទុន​ បញ្ហា​ប្រព័ន្ធ​ធារាសាស្រ្ត និង​បច្ចេកទេស​ជាដើម​នោះ​។

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​ លោក​ អូន ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ថ្លែង​នៅ​ក្នុង​ពីធី​ផ្ទេរ ​និង​ប្រគល់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ​ដោយ​បាន​ផ្តល់​ការ​កត់​សម្គាល់ថា​ រាជរដ្ឋា​ភិបាល​នៅ​តែ​ចាត់​ទុក​វិស័យ​កសិ​កម្ម​ជា​វិស័យ​អាទិភាព​ ទាំង​នៅ​លើ​ទិដ្ឋ​ភាព​សន្តិសុខ​ស្បៀង​ ការ​រក្សា​លំនឹង​ជីវភាព​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​មាន​វិបត្តិ ការ​បង្កើត​ការ​ងារ​និង​ការ​ចូលរួម​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ។

​ប៉ុន្តែ​លោក​ថា វិស័យ​កសិកម្ម​នៅ​តែ​រួត​រឹត​ ដោយបញ្ហា​ប្រឈម​មួយ​ចំនួន​ ដូចជា​ កំណើន​ផលិត​ភាព​កសិកម្ម​នៅ​មាន​កម្រិត​ទាប ​ដោយ​សារ​កត្តា​កង្វះ​ការ​ប្រើប្រាស់​ពូជ​សុទ្ធ​ល្អ កង្វះ​ការ​អនុវត្តន៍​បច្ចេក​ទេស​និង​បច្ចេកវិទ្យា​សម​ស្រប​ ហើយប្រព័ន្ធ​ស្រោច​ស្រពក៏មិន​ទាន់​ប្រទាក់​ក្រឡា​គ្រប់​ជ្រុងជ្រោយ​ និង​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​ការ​ធ្លាក់​ចុះ​គុណ​ភាព​ដី​កសិកម្ម​ កង្វះ​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​ក្រោយ​ពេ​ល​ប្រមូល​ផល និង​កង្វះ​ការ​កែច្នៃ​ផលិត​ផល​កសិកម្ម​ជា​ដើម។

ក្រៅពីនេះ​ លោក អូន ព័ន្ធ​មុនី​រ័ត្ន​ សង្កេតឃើញថា​ ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ភាគ​ច្រើន​ទៅ​កាន់​ប្រទេស​ជិត​ខាង​នៅមាន​លក្ខណៈ​ក្រៅផ្លូវ​ការ​ដែល​ជា​ទូទៅ​ទទួល​រង​ហានិ​ភ័យ​នៃ​ការ​ប្រែ​ប្រួល​ថ្លៃ កង្វះ​ការ​សម្រមសម្រួល​ស្ថាប័ន​និង​ការ​ធ្វើ​សុខ​ដុមនីយ​កម្ម​គម្រោង​និង​កម្មវិធី​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។

បើ​តាមលោក​ អូន ព័ន្ធ​មុនី​រ័ត្ន​ ​វិស័យ​កសិ​កម្ម​បាន​រួម​ចំណែក​ប្រមាណ​៦០​%​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឱ្យ​ធ្លាក់​ពី​អាត្រា​ ៥០​ភាគរយក្នុង​ឆ្នាំ​២០០៧ មកត្រឹម ​២១ភាគរយ ​ក្នុង​ឆ្នាំ​២០១១។ ហើយ​លោក​ថា ​ក្នុង​ឆ្នាំ​២០២១​ វិស័យ​សិ​កម្ម​បាន​រួមចំណែក​ប្រមាណ​ ២២​,៨ភាគរយ ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស) និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប្រមាណជាង​ ៣​លាន​នាក់​៕

XS
SM
MD
LG