ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ គ.ជ.ប មួយចំនួននឹងត្រូវផ្លាស់ប្តូរ


រូបឯកសារ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កំពុងអានសេចក្តីសម្រេចលើជំនុំជម្រះលើសំណុំរឿងពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតចោល ឬធ្វើឲ្យខូចសន្លឹកឆ្នោត នៅគ.ជ.ប ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
រូបឯកសារ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កំពុងអានសេចក្តីសម្រេចលើជំនុំជម្រះលើសំណុំរឿងពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតចោល ឬធ្វើឲ្យខូចសន្លឹកឆ្នោត នៅគ.ជ.ប ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បើ​តាម​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​ជា​ថ្នាក់​ដឹកនាំគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប ដែល​មាន​សមាជិក​ចំនួន ​៩ ​រូប​ ដែល​បច្ចុប្បន្ន​ជា​អ្នក​គ្រប់គ្រង​និង​ដឹកនាំ​ស្ថាប័ន​នេះ​ នឹង​ត្រូវ​ផ្លាស់​ប្តូរ​មួយ​ចំនួន។

រដ្ឋសភា​ដែល​គ្រប់​គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​សមាសភាព ​គ.ជ.ប​ ចំនួន​ ៩ រូប​សម្រាប់​អាណត្តិ​ថ្មី នៅ​ថ្ងៃ​ពុធ ទី ​១៣ ខែ​ធ្នូ ឆ្នាំ​ ២០២៣។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន សមាសភាព​ទាំង ​៩ រូប​ ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​នោះ​ដោយ​តំណាងរាស្រ្ត​ទាំង ​១២៥ ​រូប រួម​មាន​លោក​ ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក ជឺ ចំណាន ជា​អនុ​ប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជា​សមាជិក។ ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ជា​ថ្នាក់​ដឹកនាំ​ទាំង​ ៩ ​រូប​នោះ មាន​ ៤ រូប​ជា​បេក្ខជន​ថ្មី គឺ​លោក ជឺ ចំណាន លោក សោម សូរីដា លោក ហេង ស៊ីឡេង និង​លោក យិច សមិទ្ធិ។

ការ​ជ្រើស​រើស​សមាស​ភាព​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀប​ចំ ​គ.ជ.ប សាជា​ថ្មី ដោយ​សារ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ឈ្នះ​បាន ​៥ ​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​ ១២៥ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែកក្កដា ឆ្នាំ​ ២០២៣។

បើ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា គឺ​ជា​អ្នក​ចូលរួម​បង្កើតថ្នាក់​ដឹក​នាំ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត។ ច្បាប់​នេះ​ត្រូវ​បាន​កំណត់​កាល​ពី​ប្រមាណ ​១០ ឆ្នាំ​មុន តាម​ការ​ឯកភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា លើក​ឡើង​ថា​បេក្ខជន​ដែល​ដាក់​ពាក្យ​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន ​គ.ជ.ប មាន​ចំនួន ​១៨ ​នាក់ ប៉ុន្តែ​លោក​ថា​មាន​តែ​ ១១​ នាក់​ប៉ុណ្ណោះ​ដែល​គ្រប់​លក្ខខណ្ឌ។ លោក​បន្ថែម​ថា ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​បាន​សម្រេច​ជ្រើស​រើស​ចុង​ក្រោយ គឺ​នៅ​សល់​ ៩ ​នាក់ ដែល​នឹង​ត្រូវ​ដាក់​ទៅ​សភា​ពេញអង្គ​បោះ​ឆ្នោត​នៅថ្ងៃ​ពុធ​នេះ។

លោក​បញ្ជាក់ថា​៖ «យើង​ធ្វើ​តាម​ច្បាប់​បាទ។ តាម​ច្បាប់​កំណត់​ អត់​មាន​ខុស​តាម​ច្បាប់ លម្អៀង​បន្តិច​ទេ​»។

​អ្នកនាំពាក្យ​គណបក្សហ៊្វុន​ស៊ិន​ប៉ិច លោក ញឿន រ៉ាដែន ប្រាប់​វីអូអេ​ថា​ គណបក្ស​របស់​លោក​បាន​ដាក់​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​រួច​ហើយ។ លោក​សង្ឃឹម​ថា​ សមាសភាព​ថ្នាក់​ដឹកនាំ ​គ.ជ.ប ​ថ្មី នឹង​ធ្វើ​ទៅ​តាម​ច្បាប់ ហើយ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ដែល​អាច​ទុក​ចិត្ត​បាន។

លោក​បញ្ជាក់​ថា៖ «ចំពោះ​បញ្ហា​នេះ​ខាង​ខ្ញុំបា​ទ​សង្ឃឹម​ថា ​គណៈកម្ម​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ពិសេស​ប្រធាន សមាជិក​និង​អនុប្រ​ធាន​ទាំងអស់​ហ្នឹង នឹង​បម្រើនូវ​ស្ថាប័ន​មួយ​នេះ​ឱ្យ​ជា​ស្ថាប័ន​មួយ​ដែល​ធានា​បា​ន​នូវ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​»។

លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុម​ហ្វ្រែល​ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត ថ្លែង​ថា ​លោក​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ​ពី​សមាសភាព​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ប៉ុន្តែ​លោក​ថា​អ្វី​ដែល​សំខាន់​តើ​ការ​ជ្រើស​រើស​បេក្ខជន​ស្រប​តាម​នីតិវិធី​ច្បាប់​ឬយ៉ាងណា។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​បើ​សិន​ជា​យើង​គ្រាន់​តែ​ឆ្លង​កាត់​ប៉ុណ្ណេះ​ ហើយ​យើង​ទៅ​ធ្វើ​ការ​វាយ​តម្លៃ អាហ្នឹង​សម្រាប់​ខ្ញុំ​យើង​នៅ​មិន​ទាន់​ធ្វើ​ការ​វាយ​តម្លៃ​បាន​ទេ គ្រាន់​តែ​ថា​តើ​វា​ឆ្លង​កាត់​តាម​នីតិវិធី​ច្បាប់​ហ្នឹង​ពេញ​លេញ​ហើយ​ឬ​នៅ? សម​ស្រប​តាម​នីតិវិធី​ច្បាប់​ទេ​ យើង​គ្រាន់​តែ​អាច​វាយ​តម្លៃ​ប៉ុណ្ណឹង​ទេ»។

កាល​ពី​ដើម​ឆ្នាំ​ ២០២៣ ​ពោល​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា ​ឆ្នាំ​ ២០២៣ គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​បាន​ស្នើ​ឱ្យមាន​ការ​ជ្រើស​រើស​សមា​ជិក​ គ.ជ.ប​ ថ្មី​ ដោយ​ជ្រើស​រើស​អ្នក​ឯក​រាជ្យ ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះ​ ក្នុង​គោល​ដៅ​ធានា​ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិ​ធម៌​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោបាយ ​និង​ពី​ម្ចាស់​ឆ្នោត។

បើ​តាម​ច្បាប់ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ត្រូវ​រៀបចំ​បញ្ជី​សមាសភាព ​គ.ជ.ប ដាក់​ជូន​រដ្ឋ​សភា ដើម្បី​បោះ​ឆ្នោត​ទុក​ចិត្ត តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​អស់​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជា។

សមាស​ភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​ គ.ជ.ប ​ទាំង ​៩ រូប ​មាន​អាណត្តិ​បំពេញ​ការងារ​រយៈ​ពេល​ ៥ ​ឆ្នាំ ប៉ុន្តែ​ក្នុង​ករណី​ដែល​ខក​ខាន​មិន​បាន​រៀប​ចំ​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​គឺ​សមាស​ភាព​មាន​ស្រាប់​ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត ​និង​មាន​សមត្ថ​កិច្ច ដើម្បី​ចាត់​ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​ជា​ធរមាន។ នេះ​បើ​យោង​តាម​ច្បាប់​ស្តី​ពី​«ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត»ឆ្នាំ ២០១៥។ ​

នៅ​ក្នុងអាណត្តិ​ទី ៦​ ដែល​រដ្ឋ​សភា​ដឹក​នាំ​ដោយ​ឯកបក្ស មិន​មាន​ការរៀប​ចំ​សមាជិក​ គ.ជ.ប​ ទាំង ​៩ ​រូប​ថ្មីនោះ​ទេ ​ដោយ​គ្រាន់​តែ​ផ្លាស់​ប្តូរ​សមាសភាព​ដែល​ត្រូវ​ចូល​និវត្តន៍៕

XS
SM
MD
LG