ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​នៅ​កម្ពុជា៖ សមាស​ភាព ​​គ.ជ.ប គួរ​យក​​អ្នក​ជំនាញ និង​អ្នក​មិន​ពាក់​ព័ន្ធ​នឹង​នយោ​បាយ


រូបឯកសារ៖ គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
រូបឯកសារ៖ គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

អ្នក​តាម​ដាន និង​គណ​បក្ស​នយោ​បាយ​មួយ​ចំនួនចង់​ឃើញសមាស​ភាព​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា​គ.ជ.ប ទាំង​៩​រូប ​ជា​អ្នក​ជំនាញ និងជា​បុគ្គល​ដែល​មិនពាក់​ព័ន្ធ​នឹង​នយោ​បាយ ដើម្បី​ធានា​តម្លា​ភាព ប្រសិទ្ធ​ភាព និង​ទំនុក​ចិត្ត។

កាល​ពី​កន្លង​ទៅ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប រង​ការ​រិះគន់​ថា​មាន​ភាព​លម្អៀង​ទៅ​កាន់គណបក្ស​កាន់​អំណាច។

បើ​អនុវត្ត​តាម​ច្បាប់​ដែល​មាន គណ​បក្ស​ប្រជា​ជន​កម្ពុជា​អាច​ជ្រើស​រើស​សមាជិក ​គ.ជ.ប ចំនួន​៤​រូប ចំណែក​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ដែល​មាន​៥​អាសនៈ​នៅ​រដ្ឋសភា​ដែរ​អាច​ជ្រើស​រើស​៤​រូប និង​១​រូប​ទៀត​ត្រូវ​ជ្រើសរើសដោយការ​ព្រម​ព្រៀង​របស់​គណ​បក្ស​ទាំង​២ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា។

ការ​លើក​ឡើង​របស់​អ្នក​តាម​ដាន ស្រប​ពេល​រដ្ឋ​សភា​កម្ពុជា​បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ប្រកាស​ជ្រើស​រើស​សមា​ជិក​នៃ​ថ្នាក់​ដឹកនាំ​គ.ជ.ប ចំនួន​៩​រូប

លោក ​អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណ​បក្ស​កែទម្រង់​កម្ពុជា យល់​ថាការ​ជ្រើស​រើស​សមាស​ភាព​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតទាំង​៩រូ​ប​គួរ​តែ​ជ្រើស​រើស​ចេញ​ពី​មជ្ឈ​ដ្ឋាន​ផ្សេង​ៗ​ ឬសំដៅ​ដល់​អ្នក​ដែលមិនមាន​និនា្ន​ការនយោ​បាយ។ លោក​ប្រាប់វីអូអេ​បន្ថែម​ទៀត​ថាការជ្រើស​រើស​ចេញ​ពី​ប្រភព​ផ្សេង​ៗគ្នា​ នឹង​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំនៃ​ស្ថាប័នគ.ជ.ប កាន់​តែ​មាន​សមត្ថ​ភាព។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​ជឿថា​ប្រសិន​ជា​ជ្រើស​ចេញ​ពី​ប្រភព​ផ្សេង​ៗ​ចៀស​វាង​និនា្ន​ការ​នយោ​បាយ​ គណ​បក្ស​នយោ​បាយ​ខ្ញុំ​ជឿថាប្រហែល​ជា​មាន​ទំនុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ​ ម្ចាស់​ឆ្នោត​ហ្នឹង​ច្រើន​ជាង​បាទ»។

ចំណែក​ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មី លោក ស៊ុន ចន្ធី ចង់​ឱ្យ​មាន​ការធ្វើ​វិសោធ​ន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យគណ​បក្ស​នយោ​បាយដែល​មិន​មាន​អាសនៈ​ក្នុងរដ្ឋ​សភា​ទាំង​អស់អាចមា​ន​សិទ្ធិ​រៀបចំ​ក្បាល​ម៉ាស៊ីនថ្នាក់​ដឹក​នាំ​គ.ជ.ប។

លោក​បញ្ជាក់​ថា​៖ «គណ​បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋ​សភា​មេត្តា​ពិចារណា​ [វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ]...​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​ មាន​សមាស​ភាព​ចម្រុះ​នៅ​ក្នុង​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រាប់​បើក​ផ្លូវ​ឱ្យ​គណ​បក្ស​នយោ​បាយ​នានា​អាច​មាន​សមាស​ភាព​របស់​ខ្លួន​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»។

មុន​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ​ខែ​កក្កដា ឆ្នាំ​២០២៣ គណ​បក្ស​ជំទាស់​មួយ​ចំនួន​ ​ជំរុញ​រួម​គ្នា​ឱ្យ​មាន​ការ​កែ​ប្រែ​សមាស​ភាព​នៃ​គ.ជ.ប និង​ការ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត ដើម្បី​ធានា​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ទទួល​យក​ពី​គណបក្ស​នយោ​បាយ និង​ជា​ការ​ទុក​ចិត្ត​ពី​សាធារ​ណ​ជន។

គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​ទាំង​នោះ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម ​និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ រាប់​ចាប់​តាំង​ពីមុន​ការ​ឃោសនា​បោះ​ឆ្នោត ​រហូត​ដល់​ដំណាក់​កាល​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ពួក​គេ​ចង់​ឱ្យ​មាន​ការ​កែប្រែ​បញ្ហា​ទាំង​អស់​នោះ​ ដើម្បីកុំ​ឱ្យ​កើត​មាន​បន្ត​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោ​តលើ​ក​ក្រោយ​ៗ​ទៀត។ គណ​បក្ស​ជំ​ទាស់​តែង​តែ​បាន​ចោទ​សួរ​អំពី​អព្យា​ក្រឹត្យរបស់​ស្ថាប័ន​គ.ជ.ប​ ​ផង​ដែរ ក្រោម​ហេតុ​ផល​ថា​ស្ថាប័ន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណ​បក្ស​តែ​មួយ គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស។

លោក អំ ​សំអាត​ ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ ដើម្បី​កុំ​ឱ្យមាន​ការ​រិះគន់​ថា​ស្ថាប័ន​គ.ជ.ប ​មានភាព​លម្អៀងទៅ​គណ​បក្ស​នយោ​បាយ​ណា​មួយ សមា​ស​ភាពទាំង​៩​រូប​នៃ​ស្ថាប័ន​នេះគួរ​តែ​ចេញ​ពី​អ្នក​ជំនាញ និង​អ្នក​មិន​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​នយោ​បាយ។ លោក​បន្ថែម​ថា​ការធ្វើ​វិសោធន​កម្ម​ច្បាប់​ត្រង់​ចំណុច​នៃ​ការ​ជ្រើស​រើស​សមាស​ភាព​គ.ជ.ប ក៏ជា​រឿង​សំខាន់ ដើម្បី​ធានា​តម្លាភាព និង​ទំនុក​ចិត្ត​ដល់ការរៀប​ចំការ​បោះ​ឆ្នោត ប៉ុន្តែ​ការណ៍​នេះ​ទាម​ទារ​ឱ្យអ្នក​នយោ​បាយ​ទាំង​អស់​ជជែក​គ្នា។

លោក​ប្រាប់​វីអូអេ​ថា៖«នៅ​ប្រទេស​ថៃ ​គេ​មាន​ការ​ជ្រើស​រើសគណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហ្នឹងចម្រុះគេ​រើស​ពី​អ្នក​ដែល​មាន​បទ​ពិសោ​ធន៍ ហើយ​ដែល​លា​ចេញ​ពី​គណ​បក្ស​នយោ​បាយ​ ​មិន​មានពាក់​ព័ន្ធ​ជា​មួយ​គណ​បក្ស​នយោ​បាយ​ ដូច​ជា​ពី​ខាង​សកល​វិទ្យា​ល័យ ពីខាង​វិទ្យា​ស្ថាន​ផ្សេងៗ ​ពី​អ្នក​ជំនាញ​ផ្សេងៗ ​ដើម្បី​ធ្វើការបោះ​ឆ្នោត​ជ្រើស​រើស​ ហើយ​ដាក់​ទៅ​សភា​ជាតិ ​ដើម្បីផ្តល់​សេច​ក្តី​ទុក​ចិត្ត»។

បើ​តាមច្បាប់​ស្តី​ពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ​ពោល​គឺ​បច្ចុប្បន្ន ​មាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​ប្រកាស​ជ្រើស​រើស​សមា​ជិក​ គ.ជ.ប ​ទាំង​៩រូប ​ជា​សា​ធារណៈ​ ប្រកប​ដោយ​លក្ខណៈ​ចំហរ និង​មាន​តម្លា​ភាព ​ក្នុង​រយៈ​ពេល​យ៉ាង​តិច​១០​ថ្ងៃ។

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នឹងធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​គណ​បក្ស​ទាំង​២ ដើម្បី​ពិនិត្យ​ជ្រើស​រើស​បេក្ខ​ជន​ ក្នុង​ចំណោម​បេក្ខ​ជន​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ ដោយ​ផ្អែក​តាម​លក្ខណ​សម្បត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់។ កិច្ច​ការបន្ទាប់​ គឺ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​នឹង​រៀប​ចំ​ បញ្ជី​សមាស​ភាព​គ.ជ.ប​ ​ដាក់​ជូនរដ្ឋ​សភា ​ដើម្បី​បោះ​ឆ្នោត​ទុក​ចិត្ត​តាម​មតិ​ភាគ​ច្រើន​ដាច់​ខា​តនៃ​ចំនួនសមា​ជិក​រដ្ឋ​សភា​ទាំង​មូល។ នេះ​បើ​តាម​ច្បាប់​ដដែល​នេះ។

លោក កន​ សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុម​ហ្វ្រែល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ថ្លែង​ថា​ការរៀបចំ​សមាសភាព​គ.ជ.ប ទាំង​៩រូប​នេះ អា​ច​មាន​ឧប​សគ្គ​ខ្លះ ​ព្រោះ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ​មាន​តែ​៥​សំឡេង​ក្នុង​រដ្ឋសភា ខណៈ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​សំឡេង​ច្រើន​លើស​លប់។

លោក​ថា៖ «ជា​គោល​ការណ៍​នៅ​ក្នុង​មាត្រា​៥​...ក្នុង​ច្បាប់​បាន​ចែង​ហើយ ​[​សមាស​ភាព​គ.ជ.​ប​]៤​ ជ្រើស​រើស​ដោយ​គណ​បក្ស​ដឹក​នាំ​រដ្ឋាភិបាល និង៤​ជ្រើសរើស​ដោយគ​ណ​បក្សមាន​អាសនៈ​ក្នុង​រដ្ឋ​សភា និង​ចូល​រួម​ក្នុង​រដ្ឋា​ភិបាល។ វា​ខ្ទាស់​ត្រង់​នៅ​ក្នុងចំណុច​មួយ​និយាយ​អំពី​ការ​បោះ​ឆ្នោត​នៅក្នុង​សភា ​ដោយ​សំឡេង​ដាច់​ខាត​៥០+១។ អ៊ីចឹង​អាហ្នឹង​ជា​ចំណុច​មួយ​ខ្ទាស់​នៅ​ត្រង់​ហ្នឹង​ទេ បើ​សិន​ជាគណ​បក្ស​នយោ​បាយ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋ​សភា​ហ្នឹង​ សម្រប​សម្រួល​គ្នាមិ​ន​ត្រូវ​ អាហ្នឹងវាអាច​ជា​បញ្ហា​មួយ​ដែរ»។

លោក ញឿន រ៉ាដែន សមាជិក​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ប្រាប់​វីអូអេ​ថា ​គណបក្ស​បាន​ត្រៀម​បេក្ខជន​រួច​រាល់​ហើយ ប៉ុន្តែ​រង់ចាំ​ការ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​តាម​នីតិវិធី​ដែល​មាន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បាន​នៅ​ឡើយ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​គ.ជ.ប ​លោក ហង្ស​ ពុទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា​ពលរដ្ឋ​គ្រប់​រូប​អាចមាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើ​ជា​សមា​ជិក​ថ្នាក់ដឹកនាំ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​ជ្រើស​រើស​ចំនួន៩រូប​នោះ។ លោកបន្ថែម​ថា​ថ្នាក់​ដឹកនាំគ.ជ.ប ​បច្ចុប្បន្ន​ដែល​រួម​មាន​លោក​ផ្ទាល់ ក៏​អាច​ដាក់​ពាក្យ​ឡើង​វិញ​បាន​ផង​ដែរ ​ឱ្យ​តែ​បំពេញ​ទៅ​តាម​លក្ខ​ខណ្ឌ​ដែល​រដ្ឋ​សភា និង​ច្បាប់​កំណត់៕

XS
SM
MD
LG