ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឈរ​ឈ្មោះ​សម្រាប់​តំ​ណែង​ថ្នា​ក់ដឹ​ក​នាំ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​ថ្មី


លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ​ណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប បាន​ដាក់​ពាក្យ​ធ្វើ​ជា​ស​មា​ស​ភាព​ថ្នាក់​ដឹក​នាំ​របស់​ស្ថាប័ន​នេះ​នៅ​ក្នុង​អាណត្តិ​ទី​៦ ខណៈ​រដ្ឋសភា​កំពុង​ដំណើរ​ការ​ជ្រើស​រើស​សមាជិក​ក្បាល​ម៉ាស៊ីន​ទាំង​៩​រូប។

ការ​ជ្រើស​រើស​សមាស​ភាព​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀប​ចំ​គ.ជ.ប សាជា​ថ្មី ដោយ​សារ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ក៏​ឈ្នះ​បាន​៥​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៥​នៅ​រដ្ឋសភា។

បើ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា គឺ​ជា​អ្នក​ចូលរួម​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត។ ច្បាប់​នេះ​ត្រូវ​បាន​កំណត់​កាល​ពី​ប្រមាណ​១០ឆ្នាំ​មុន តាម​ការ​ឯកភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហង្ស ពុទ្ធា ដែល​ជា​អតីត​មេដឹកនាំ​អង្គការ​និច​ហ្វិច ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត កាន់​តំណែ​ង​ជា​សមាជិកថ្នាក់​ដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​គ.ជ.ប អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ។

ថ្លែង​នៅ​ក្នុង​បទ​សម្ភា​សន៍​ជា​មួយ​វីអូអេ​ លោក ហង្ស​ ពុទ្ធា​ លើក​ឡើង​ថា​រូប​លោក​អនុវត្ត​ទៅ​តាម​ច្បាប់ បទ​បញ្ជា និង​នីតិ​វិធី និង​ថា​សំឡេង​និយាយ​ចេញ​ទៅ​ខាង​ក្រៅ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​តំណាង​ឱ្យ​ស​មាស​ភាព​នៃ​ថ្នាក់​ដឹក​នាំ​របស់ស្ថាប័ន​គ.ជ.ប ទាំងអស់។ លោក​បន្ថែម​ថា​ការងារ​កាល​ពី​កន្លង​ទៅ គឺ​យក​ច្បាប់​និង​នីតិវិធី​ជា​គោល ហើយ​មិន​មាន​ភាព​លម្អៀងទៅ​កាន់​គណបក្ស​ណាមួយ​ឡើយ។

លោក​បញ្ជាក់​ថា៖ «ដើម្បី​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ពិសេស គឺ​គណបក្ស​នយោបាយ​ផ្សេង​ៗគ្នា​ទទួល​យក​បាន​គឺ គ.​ជ.ប ត្រូវ​រក្សា​ជំហរ​ជា​អព្យា​ក្រឹត្យ ក្នុង​ការ​បញ្ចេញ​ជា​យោ​បល់​ ពិសេស​គឺ​គោរព​តួនាទី​របស់​ខ្លួន​ជា​អា​ជ្ញា​កណ្តាល ហើយ​ប្រកាន់​ខ្ជាប់​ភា​ព​មិន​លម្អៀង​និង​មិន​អនុញ្ញាត​ឱ្យ​គណ​បក្ស​ន​យោ​បាយ​ណា​មួយ​ប្រើ​ប្រាស់​ឥទ្ធិព​ល​មក​លើ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នោះ​ទេ»។

កាល​ពី​កន្លង​ទៅ ​មាន​ការ​រិះទៅ​លើ​ស្ថាប័ន​គ.ជ.ប ថា​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ហង្ស ពុទ្ធា ច្រាន​ចោល​ការ​រិះគន់​ទាំង​នោះ​ និង​ថា​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​អនុវត្ត​ទៅ​តាម​ច្បាប់​និង​គោល​ការណ៍។

លោក ​កន ​សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុមហ្វ្រែល ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ​កន ​សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ខុមហ្វ្រែល ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ នៃ​អង្គការ​ខុម​ហ្វ្រែល​ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត ថ្លែង​ថា​ខុមហ្វ្រែល​មិន​មាន​ការ​វាយ​តម្លៃ​អំពី​ការ​អនុវត្ត​តួនាទី​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ស្ថាប័ន​មួយ​នេះ​រង​ការ​រិះគន់​ផ្សេងៗ​គ្នា​ទៅ​លើ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​កន្លង​ទៅ​ ជាពិសេស​ការមិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣។

លោក​ថ្លែង​ថា៖«យើង​ឃើញ​ថា​មាន​ការ​លើក​ឡើង​ពី​បញ្ហា​ទាក់​ទង​ទៅ​នឹង​បណ្តឹង​របស់​គណ​បក្ស​នយោ​បាយ​នៃ​ការ​ចូលរួមនៅ​ក្នុង​ឆ្នាំ​២០២២​ ការ​បដិសេធ​ការ​ចូលរួម​របស់​គណបក្ស​ភ្លើងទៀន​ឆ្នាំ​២០២៣​ផង​ដែរ​។ នេះ​គឺជាអ្វី​ដែល​ជា​ការ​យើង​មើល​ឃើញនៅ​ក្នុង​ការ​អនុវត្ត​ហ្នឹង»។

លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន បង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន បង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក រ៉ុង ឈុន អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​គណ​បក្ស​កម្លាំង​ជាតិ​ លើក​ឡើង​ថា​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១៧​ ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ដែល​លោក​ធ្លាប់​ជា​សមាជិក​ថ្នាក់​ដឹកនាំ​មួយ​រូប​ដែរ​ក្នុង​ចំណោម​៩នាក់ បាត់​បង់​នូវ​អ្វី​ដែល​លោក​ហៅ​ថា​«ទម្រង់​ដើម»។ លោក​បន្ថែម​ថា​ស្ថាប័ន​មួយ​នេះ​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មាន​ទំនុក​ចិត្ត​ណាស់ ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ដ៏​មាន​សក្តានុពល គឺ​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បានឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ទោះ​បី​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​ក្តី​ យើង​ឃើញ​ថា​ក៏​មិន​អាច​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ដំណើរ​ការរៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​បាន​ល្អ​ប្រសើរ​ដែរ​»។

កាល​ពី​ដើម​ឆ្នាំ​២០២៣ ​ពោល​គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា ​ឆ្នាំ​២០២៣ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​បាន​ស្នើ​ឱ្យ​មាន​ការ​ជ្រើស​រើស​សមា​ជិក​ គ.ជ.ប​ ថ្មី​ ដោយ​ជ្រើស​រើស​អ្នក​ឯករាជ្យ ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះ​ ក្នុង​គោល​ដៅ​ធានា​ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិ​ធម៌​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោ​បាយ ​និង​ពី​ម្ចាស់​ឆ្នោត។

រដ្ឋសភា​កម្ពុជា​បាន​កំពុង​ដំណើរ​ការជ្រើស​រើស​សមា​ជិក​នៃ​ថ្នាក់​ដឹកនាំ​គ.ជ.ប ចំនួន​៩​រូប​តាម​ច្បាប់​ដែល​មាន​ចែង។ បើ​អនុវត្ត​តាម​ច្បាប់​ដែល​មាន គណ​បក្ស​ប្រជា​ជន​កម្ពុជា​អាច​ជ្រើស​រើស​សមាជិក ​គ.ជ.ប ចំនួន​៤​រូប ចំណែក​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ដែល​មាន​៥​អាសនៈ​នៅ​រដ្ឋសភា​ដែរ​អាច​ជ្រើស​រើស​៤​រូប និង​១​រូប​ទៀត​ត្រូវ​ជ្រើស​រើស​ដោយ​ការ​ព្រម​ព្រៀង​របស់​គណ​បក្ស​ទាំង​២​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា។

រូបឯកសារ៖ សមាជិកសភាថ្មីរបស់កម្ពុជាក្នុងអំឡុងសម័យប្រជុំដំបូង នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (AFP/Cambodia National Assembly)
រូបឯកសារ៖ សមាជិកសភាថ្មីរបស់កម្ពុជាក្នុងអំឡុងសម័យប្រជុំដំបូង នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (AFP/Cambodia National Assembly)

អ្នក​នាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់​វីអូ​អេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មក​ទល់​ពេល​នេះ​ មាន​បេក្ខ​ជន​គ្រប់​លក្ខខណ្ឌចំនួន​១១​រូប ហើយ​នីតិវិធី​បន្ទាប់​គឺត្រូវ​រង់ចាំ​គណៈ​អចិន្ត្រៃយ៍​បញ្ជូន​ទៅ​ខាង​តំណាង​រាស្ត្រ ដើម្បី​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖«១១​ជា​បេក្ខជនៗ​ដែល​គ្រប់​លក្ខខណ្ឌ ទីមួយ។ ទីពីរ មិន​ទាន់​ដឹង​ទេ​ ពីព្រោះ​បេក្ខជន​ហ្នឹង​ត្រូ​វ​តែ​ជូន​ទៅ​គណបក្ស​ដែល​កាន់​រដ្ឋាភិ​បាល និង​គណ​បក្ស​មិន​មែន​ជា​រដ្ឋា​ភិបាល​ត្រូវ​ជ្រើស​រើសក្នុង​១១នាក់​ហ្នឹង គាត់​ជ្រើស​រើស​យក​នរណា។ អ៊ីចឹង​គេ​បញ្ជូន​មក​គណៈ​អចិន្ត្រៃយ៍​ៗ ក៏​ស​ម្រេច​ទៅ​តាម​ហ្នឹង​ដែរ។ អា​ហ្នឹង​គឺ​ជា​ច្បាប់ ច្បាប់​កំណត់»។

ទោះ​ជាយ៉ាង​ណា អ្នកនាំពាក្យ​រូបនេះ​មិន​ទាន់​អាច​បញ្ចេញ​ឈ្មោះ​ដែល​បាន​ដាក់​ពាក្យ​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​ទាំង​៩​រូប​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឡើយ​ទេ។

បើ​តាម​ច្បាប់ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ត្រូវ​រៀបចំ​បញ្ជី​សមាសភាព​គ.ជ.ប ដាក់​ជូន​រដ្ឋ​សភា ដើម្បី​បោះ​ឆ្នោត​ទុក​ចិត្ត​ តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​អស់​ដោយ​គណបក្ស​ប្រជាជន​កម្ពុ​ជា។

គួរ​បញ្ជាក់​ថា​សមាស​ភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន​ គ.ជ.ប ​ទាំង​៩រូប ​មាន​អាណត្តិ​បំពេញ​ការងារ​រយៈ​ពេល​៥​ឆ្នាំ ​ប៉ុន្តែ​ក្នុង​ករណី​ដែល​ខក​ខាន​មិន​បាន​រៀប​ចំ​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គឺ​សមាស​ភាព​មាន​ស្រាប់​ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ត​ទៀត ​និង​មាន​សមត្ថ​កិច្ច ដើម្បី​ចាត់​ចែង​រៀបចំ​ការ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​ជា​ធរមាន។ នេះ​បើ​យោង​តាម​ច្បាប់​ស្តី​ពី​«ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត»ឆ្នាំ២០១៥៕

XS
SM
MD
LG