ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅ​អាល្លឺម៉ង់​បង្ហាញ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ឈ្នះ


លោក Armin Laschet មេដឹកនាំ​គណបក្ស​សហភាព​លោក Olaf Scholz មេដឹកនាំ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ និងជា​បេក្ខជន​កំពូល​សម្រាប់​តំណែង​អធិការបតីបង្ហាញ​ខ្លួន​ជាមួយ​ភរិយា​របស់​លោក​គឺ​លោកស្រី Britta Ernst ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)
លោក Armin Laschet មេដឹកនាំ​គណបក្ស​សហភាព​លោក Olaf Scholz មេដឹកនាំ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ និងជា​បេក្ខជន​កំពូល​សម្រាប់​តំណែង​អធិការបតីបង្ហាញ​ខ្លួន​ជាមួយ​ភរិយា​របស់​លោក​គឺ​លោកស្រី Britta Ernst ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)

នៅ​ថ្ងៃ​ចន្ទ​នេះ លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​សភា​ជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហាញ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ (Social Democratic Party) ដែល​ជា​គណបក្ស​ឆ្វេង​និយម​កណ្តាល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ។ ការ​បោះឆ្នោត​នេះ​គឺជា​ការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​នានា​ប្រកួត​គ្នា​ដើម្បី​បន្ត​តំណែង​ជា​អធិការបតី​ពី​អ្នកស្រីAngela Merkel។

គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២៥,៧% នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ហើយ​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ត​សាសនា (Christian Democratic Union Party) ដែល​ជា​គណបក្ស​ស្តាំ​និយម​កណ្តាល​របស់​អ្នកស្រី Merkel ស្ថិត​នៅ​លំដាប់​ទី​ពីរ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២៤,១%។

លោក Armin Laschet អភិបាល​រដ្ឋ North Rhine-Westphalia ដែល​មកពី​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ដ​សាសនា និង​លោក Olaf Scholz រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ជិត​អស់​អាណត្តិ​និង​ជា​អធិការបតី​រង​នៃ​ប្រទេស​អាល្លឺម៉ង់ ដែល​មកពី​គណបក្ស​សង្គម​ប្រជាធិបតេយ្យ កំពុង​ប្រជែង​គ្នា​ដើម្បី​ក្លាយជា​មេដឹកនាំ​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជាតិ​ធំ​ជាង​គេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប។

បេក្ខជន​នីមួយៗ​បាន​និយាយ​ថា ពួកគេ​នឹង​ទាក់ទង​គណបក្ស​តូចៗ​ដើម្បី​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។ គណបក្ស​សំខាន់​បំផុត​ដែល​គេ​ចង់​ទាក់ទាញ​ការ​គាំទ្រ​គឺ​គណបក្ស​បៃតង (Green Party) ដែល​ជា​គណបក្ស​បរិស្ថាន​និយម និង​គណបក្ស​សេរី​ប្រជាធិបតេយ្យ (Free Domocratic Party) ដែល​ជា​គណបក្ស​ពាណិជ្ជកម្ម​និយម។

គណបក្ស​បៃតង​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី ៣ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១៤,៨%។ ចំណែក​ឯ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​វិញ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី ៤ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១១,៥%។

អ្នកស្រី Merkel នឹង​កាន់​តំណែង​បន្ត​រហូត​ដល់​អ្នក​ស្នង​តំណែង​ត្រូវ​បាន​ជ្រើសរើស៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​របាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មានAFP។

XS
SM
MD
LG