«មិត្តភក្តិល្អអាចមិនយល់ស្របគ្នា»។ នេះជាសម្តីលោកប្រធានាធិបតី Joe Biden ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ជាមួយអ្នកស្រី Angela Merkel អធិការបតីប្រទេសអាល្លឺម៉ង់នៅពេលដែលមេដឹកនាំទាំង២បានឆ្លើយទៅនឹងសំណួរអំពីការខ្វែងគំនិតរបស់អស់លោកអំពីបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏ចម្រូងចម្រាសរបស់ប្រទេសរុស្ស៊ី។
លោក Biden បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់នឹងពិនិត្យមើលវិធានការដែលអាចប្រើបានប្រសិនបើសន្តិសុខថាមពលប្រទេសអ៊ុយក្រែនទន់ខ្សោយនោះ។
បំពង់បង្ហូរប្រេងក្រុមហ៊ុន Nord Stream 2 តម្លៃ១១ពាន់លានដុល្លារហើយដែលធ្វើជិតរួចនោះនឹងអនុញ្ញាតឲ្យប្រទេសអាល្លឺម៉ង់បង្កើនការនាំឧស្ម័នទ្វេដងពីប្រទេសរុស្ស៊ី។ក៏ប៉ុន្តែបំពង់បង្ហូរឧស្ម័ននេះនឹងត្រូវឆ្លងកាត់ប្រទេសអ៊ុយក្រែនដែលធ្វើឲ្យរដ្ឋាភិបាលក្រុង Kyiv បាត់បង់ប្រាក់ចំណេញពីការដឹកជញ្ជូនប្រេងឆ្លងកាត់។
លោក Biden បានបញ្ជាក់ទៀតថាលោកនិងអ្នកស្រី Merkel បានយល់ស្របគ្នាថា៖«ប្រទេសរុស្ស៊ីមិនត្រូវប្រើថាមពលជាអាវុធដើម្បីធ្វើការបង្ខំឬគំរាមកំហែងប្រទេសជិតខាងរបស់ខ្លួនទេ»។
បន្ទាប់ពីជំនួបនៅពេលរសៀលនៅសេតវិមានរវាងក្រុមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងមន្ត្រីអាល្លឺម៉ង់មកអ្នកស្រី Merkel បានមានប្រសាសន៍ថា៖«យើងមានការវាយតម្លៃខុសគ្នាអំពីតម្រូវការនៃគម្រោងនេះ។ក៏ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថាគំនិតរបស់យើងគឺអ៊ុយក្រែននៅតែជាប្រទេសសម្រាប់ដឹកឧស្ម័នធម្មជាតិឆ្លងកាត់»។
លោក Biden បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់បានយល់ស្របគ្នាថាប្រទេសទាំង២«នឹងការពារគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សសាកលនៅពេលយើងឃើញប្រទេសចិនឬប្រទេសណាមួយបំផ្លាញសង្គមសេរីនិងបើកចំហ»។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំជប៉ុនកូរ៉េខាងត្បូង អ៊ីស្រាអែលនិងអាហ្វហ្គានីស្ថានអ្នកស្រី Merkelគឺជាមេដឹកនាំបរទេសទី៥និងជាមេដឹកនាំអឺរ៉ុបទីមួយដែលមកបំពេញទស្សនកិច្ចនៅសេតវិមានចាប់តាំងពីលោក Biden ចូលកាន់តំណែងមក៕
អ្នកស្រី Patsy Widakuswara រូមចំណែករាយការណ៍ពីសេតវិមាន