ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យុ​ដាណឺម៉ាក​ផ្សាយ​ថា​ អាមេរិក​ស៊ើបការណ៍​លើ​អធិការបតី​អាល្លឺម៉ង់​និង​មន្ត្រី​អឺរ៉ុប​តាមរយៈ​​​ប្រព័ន្ធ​ទាក់ទង​ដាណឺម៉ាក


រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់ អ្នកស្រី Angela Merkel (ស្ដាំ) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឡើង​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣។
រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់ អ្នកស្រី Angela Merkel (ស្ដាំ) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឡើង​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣។

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA) ​បាន​ប្រើប្រាស់អង្គភាព​ស៊ើបការណ៍សម្ងាត់​បរទេស​របស់​ប្រទេស​ដាណឺម៉ាក​ដែល​ជា​ដៃគូ​ដើម្បី​ស៊ើបការណ៍ទៅ​លើ​មន្ត្រីជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ដាណឺម៉ាក ​ដែល​ក្នុង​នោះ​ក៏​មាន​អធិការបតី​អាល្លឺម៉ង់​ អ្នកស្រី Angela Merkel ​ផង​ដែរ។ នេះ​បើ​តាម​ការផ្សាយ​របស់វិទ្យុ​រដ្ឋ​ DR ​របស់​ដាណឺម៉ាក។

ការ​រកឃើញ​នេះ​ ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ផ្ទៃក្នុងមួយកាលពី​ឆ្នាំ​២០១៥​ របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​ការពារ​ប្រទេស​ដាណឺម៉ាក​ ទៅ​លើតួនាទី​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក។ វិទ្យុ​នេះ​ បានស្រង់​ប្រភព​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំនួន​៩​ ដែលបាន​ដឹង​ពី​ការ​ស៊ើប​អង្កេត​នោះ។

យោង​ទៅ​លើ​ការ​ស៊ើប​អង្កេត​ ដែល​ផ្តោត​ទៅ​លើរយៈពេល​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៤ ​ទីភ្នាក់ងារសន្តិសុខ​ជាតិ​អាមេរិក​ បាន​ប្រើ​ប្រាស់ប្រព័ន្ធ​ព័ត៌មាន​របស់ដាណឺម៉ាក​ ​ក្នុង​ការ​ស៊ើបការណ៍ទៅលើមន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​ស៊ុយអែត​ ​ ន័រវេស​ បារាំង​ និង​ប្រទេស​អាល្លឺម៉ង់។

ពេល​ស្នើ​សុំ​បញ្ជាក់​ពី​ការ​ផ្សព្វផ្សាយ​របស់វិទ្យុ​ដាណឺម៉ាក​នោះ​ អ្នកនាំពាក្យ​រដ្ឋាភិបាលអាល្លឺម៉ង់ និយាយ​ថា​ ខ្លួន​ទើប​តែ​បាន​ដឹង​អំពី​រឿង​នេះ​ពេល​អ្នកសារព័ត៌មាន​សាកសួរ​ ហើយ​បាន​បដិសេធ​មិន​និយាយ​បន្ថែម​ទៀត​នោះ​ទេ។

ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោនវិញ​ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ និង​ការិយាល័យ​នាយក​ចារកម្ម​ជាតិ​ បាន​បដិសេធមិនធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ ហើយ​អ្នកនាំពាក្យ​នៃមន្ទីរ​ស៊ើបការណ៍​សម្ងាត់​ការពារប្រទេស​ដាណឺម៉ាក​ ក៏​បាន​បដិសេធ​មិនបក​ស្រាយ​ដែរ។

ដោយ​ឡែកនៅ​ក្នុង​ទីក្រុង​ប៉ារីស​ឯណោះ​វិញ​ រដ្ឋមន្ត្រីបារាំងសម្រាប់​កិច្ចការអឺរ៉ុប​លោក Clement Beaune បាន​ប្រាប់​វិទ្យុ​ព័ត៌មាន​បារាំង​ថា​ ការផ្សព្វផ្សាយ​របស់​វិទ្យុ​ដាណឺម៉ាក​នោះ​ ចាំបាច់​ត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់​ឡើងវិញ​ហើយ​ថា​ ប្រសិន​បើ​ការផ្សព្វផ្សាយ​នោះ​ពិតជា​ត្រឹមត្រូវ​មែន​នោះ​ នេះ​ជា«​បញ្ហា​ដ៏​ធំ​មួយ»៕

XS
SM
MD
LG