ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាច់ញាតិ​នៃ​ក្រុម​ខ្មែរ​ថាវរៈ សង្ឃឹម​តិចតួច​ចំពោះការ​សម្រាលទោស​ តែ​សុំ​កាត់ក្តី​ដោយ​យុត្តិធម៌


រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

ក្តីសង្ឃឹម​មិន​មាន​ច្រើន​ទេចំពោះការ​សម្រាល​ទោស​ពីតុលាការ​ដល់​ជនជាប់​ចោទ​ជាយុវជន​យ៉ាង​តិច​ណាស់​៧នាក់​ ដែល​មួយ​ចំនួន​ជា​សមាជិកនៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ និង​ដែលពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីពលោក​ រ៉ុង ឈុន។ នេះ​ជាប្រតិកម្ម​របស់​សាច់ញាតិ​នៃ​យុវជនខ្លះ​ដែល​ជាសមាជិក​ក្រុមខ្មែរ​ថាវរៈ មុន​នឹង​ចៅក្រម​នៃ​តុលាការ​រាជធានី​ភ្នំពេញ បន្ត​សវនាការនៅ​ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២១។

យុវជន​ខ្មែរ​ថាវរៈដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ បន្ទាប់​ពីពួកគេ​បាន​ចេញមុខ​តវ៉ា​ប្រឆាំង​ការ​ចាប់ខ្លួន​លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សជីព​កម្ពុជា​ដែល​បាន​កើត​ឡើង​កាល​ពីខែ​កក្កដា ឆ្នាំមុន​។

អ្នកស្រី ​ទី ម៉ារី​ ម្តាយ​បង្កើត​របស់​លោក ហ៊ុន​ វណ្ណៈ ដែល​ជា​សមាជិក​ក្រុម​យុវជន​ខ្មែរថាវរៈ​ ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បើផ្អែក​ទៅលើអ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក ​រ៉ុង ឈុន​ ដែលត្រូវ​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនា​គារ​២ឆ្នាំ​នោះ​ អ្នកស្រី​មិន​មាន​ជំនឿ​ថា ចៅក្រម ​អាច​បន្ថយ​ទោស​ឲ្យ​កូន​ប្រុស​របស់​គាត់​ទេ។

«ដូច​សន្និដា្ឋន​ មិន​បាន​ ព្រោះ​អី​ដូច​អត់​មាន​បន្ធូរបន្ថយ.​..មើល​តែ​លោក​គ្រូ ​រ៉ុង ឈុន​ ជាគំរូ​មួយ​ហើយ​»។

អ្នកស្រី​បន្ថែម​ថា ​កូនប្រុស​គាត់ ​គឺលោក ហ៊ុន វណ្ណៈ​ គ្រាន់​តែ​បញ្ចេញមតិ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោក ​រ៉ុង ឈុន​ប៉ុណ្ណោះ​ ដូច្នេះ​ការចាប់​ឃុំ​ខ្លួន​កូន​ប្រុស​របស់​គាត់ ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។

«ទៅថា​ពីបទញុះញង់​អីដូច​អត់មាន​ទេ។ ហើយ​គ្នា​ប៉ុន្មាន​នាក់​ទៅ​សុំ...ដោះលែង​លោកគ្រូ​ រ៉ុង ឈុន​ ប៉ុណ្ណឹង​ ហើយ​អត់​មាន​ទៅ​ ទៅ​ខុសច្បាប់​អីទេ​។ អាហ្នឹង​ជា​សិទ្ធិ​បញ្ចេញមតិ​របស់​យុវជន​គ្រប់​ៗ​គ្នា»។ ​

នៅក្នុងសំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ នេះ ​មាន​សកម្មជន​ជា​ជន​ជាប់​ចោទ​១៥​នាក់​ដែលរួម​មាន ឈួ ផេង​ ជុំ ពុទ្ធី​ គង់ សំអាន​ មាន ព្រហ្មមុនី​ មួង សុភ័ក្ត្រ ​កើត សារ៉ាយ​ ថា ឡាវី​ អេង ម៉ាឡៃ​ ឈឿន ដារ៉ាវី ​ហ៊ុន វណ្ណៈ​ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន ​សេង ម៉េង​ប៊ុនរ៉ុង​ អ៊ូ ច័ន្ទឫទ្ធិ​ គង់ សភា​ ហូរ វ៉ាន់ ​និង​លោក​ ហុង លីម​។

រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)

ម្តាយ​បង្កើតរបស់​កញ្ញា ឈឿន ដារ៉ាវី​ គឺអ្នកស្រី ​ថាច់ ធីតា វ័យ​៦៩ឆ្នាំ ​បង្ហាញ​ក្តី​សង្ឃឹម​ថា​ តុលាការ​អាច​ផ្តល់​ការ​យោគយល់​ឲ្យ​កូនស្រី និង​យុវជន​ជា​ជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ស្ថិត​នៅក្រៅ​ឃុំ​ ក្រោម​ហេតុផល​ចង្អៀតណែន​ក្នុង​ពន្ធនាគារ ​និង​បញ្ហា​សុខភាព។

«​ខ្ញុំ​ចង់​បាន​អីចឹង​ សុំអនុញ្ញាត​ឲ្យគាត់​នៅក្រៅ​ឃុំ​ទៅ ហើយ​បើសិន​ជា​ត្រូវ​ការ​សួរ​នាំ​ ឬក៏​ឲ្យ​គាត់​ទៅ​ដើម្បី​សួរ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ក្តី ក្តីរបស់​គាត់​ហ្នឹង​ ដំណើរ​ក្តីរបស់​គាត់​ហ្នឹង​ ខ្ញុំនឹង​សន្យា​នឹង​ជូន​កូន​ទៅដល់​អត់​មាន​គេច​វេស​អី​ទេ​»។

ចំណែកប្អូនប្រុស​បង្កើត​របស់​កញ្ញា​ អេង ម៉ាឡៃ​ គឺលោក ​អេង សេង​ អាយុ​២៩​ឆ្នាំ​ និយាយថា ​ក្តីសង្ឃឹម​មានតិច​ណាស់​ដែល​បងស្រី​អាច​ទទួល​ការ​សម្រាល​ទោស​ ឬក៏​ដោះលែង​ឲ្យបាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ ព្រោះ​បើតាម​ការ​សង្កេត​របស់​លោក​ក្នុង​សវនាការ​កាលពីពេល​កន្លងមក ​ចៅក្រម​បាន​បន្ត​សួរ​រក​ភស្តុតាង​ដាក់​បន្ទុកលើ​ជនជាប់​ចោទ។

«គឺ​សង្ឃឹម​តិច​ បើសិន​ជា​តុលាការ​ គាត់​នៅតែ​កាន់ គោល​ជំហរ​ការ​ចោទប្រកាន់​យើង​ដដែល​ អត់​មានកាត់​បន្ថយ ឬក៏យ៉ាង​ណា​ អត់ផង»។

នៅក្នុងសវនាការដែល​ធ្វើ​ឡើង​កាលពី​ចុង​ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កញ្ញា អេង ម៉ាឡៃ​ និងជនជាប់​ចោទ​៣នាក់​ទៀត រួមមាន​យុវជន មួង សុភ័ក្រ្ត​ ថា ឡាវី និងអតីតព្រះសង្ឃ កើត​ សារ៉ាយ​ បាន​បដិសេធ​នៅមុខ​ចៅ​ក្រម​ជំនុំជម្រះ​ថា ពួក​គេ​មិន​បានប្រព្រឹត្ត​បទល្មើស​ញុះញង់​ទេ ហើយ​ពួកគេនិយាយ​ថា មិន​មានការ​សោកស្តាយ​ចំពោះការ​ចេញ​តវ៉ា​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន​ នោះ​ទេ។​

​ប្រធាន​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្ត​ខ្មែរ​ លោក ​មួង សូនី​ ជាបង​ប្រុស​បង្កើត​លោក មួង សុភ័ក្ត្រ​ យល់​ថា តុលា​ការ​មិន​អាច​បន្ធូរ​បន្ថយ​ទោស​របស់​ប្អូនប្រុសដែល​លោក​អះអាង​ថា​ មានទំនាក់​ទំនង​ជាមួយ​ផល​ប្រយោជន៍​របស់​អ្នក​នយោបាយ។ យ៉ាងណា ​លោក​ថា រដ្ឋាភិបាល​គួរ​មាន​ការ​យោគ​យល់ខ្លះ​ ព្រោះបើ​មើល​ទៅលើ​សកម្មភាព​របស់​យុវជនដែល​ធ្វើកន្លង​មក​នោះ​ គឺ​មិន​មែន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ តែ​ដើម្បី​ប្រទេសជាតិ។

«ទោះ​ជាយ៉ាង​ណាក៏ដោយ​ យុវជន​ទាំង​អស់​ហ្នឹង​ ដែល​គាត់​ធ្វើ​ការ​ងារ​ហ្នឹង​ មិនមែន​ដើម្បីផល​ប្រយោជន៍​ផ្ទាល់​ខ្លួនទេ​ ដើម្បី​ប្រទេស​ជាតិ។ អីចឹង​ ទោះខុស​ ឬត្រូវ​ ក៏សុំ​ឲ្យ​រដ្ឋាភិបាល​លោក​ មេតា្ត​យោគយល់​ខន្តី​ អធ្យាស្រ័យ​ ដើម្បី​ឲ្យ​ពួកគាត់​ហ្នឹង​ ធ្វើ​ការ​កែសម្រួល​នូវ​ឥរិយាបថ​ អត្តចរិត​ឡើងវិញ​ ដើម្បី​ប្រទេស​ជាតិ​ ហើយ​បើគាត់​ខុស​ ឲ្យ​គាត់​ធ្វើ​ម៉េច​ ដើម្បី​ឲ្យត្រូវ»។ ​

លោក​បន្ថែម​ថា៖ «ខ្ញុំជឿថា​ តុលាការ​គាត់​លោក​អាច​ពិចារណា​ ហើយក៏ដូច​ជា​សម្តេចនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​អាច​នឹង​ពិចារណា​ដើម្បី​ធ្វើការ​ដោះលែង​ យុវជន​មួយចំនួន​ ហើយ​អាច​ឲ្យពួកគាត់​ខ្លះ​ហ្នឹង​ ទៅរស់​នៅ​ធម្មតា​ ធ្វើ​ការងារបម្រើ​សង្គម»។

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​ និងការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​អំ សំអាត​ យល់ថា ​តុលាការ​គួរ​ពិចារណា​ឲ្យយុវជន​ទាំងនោះ​មាន​សេរីភាព​ឡើងវិញ​ ដោយ​លើក​ហេតុផល​ថា​ ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណាមួយ​នោះ​ទេ ក្រៅតែ​ពី​ការសម្តែង​មតិ​ដោយ​សន្តិវិធី។

​«ហើយ​បើសិន​ជា​ករណី​ ពួកគាត់​អាច​នឹង​ត្រូវ​មានការ​កាត់​ទោស​ ហើយនិង​ឃុំ​ខ្លួន​អាហ្នឹង​ អាបញ្ហា​នៃ​ការរិះគន់​ ក៏កាន់​តែ​មានច្រើន​ដូច​ករណី​ លោកគ្រូ ​រ៉ុង ឈុន​កន្លង​មកអីចឹង​ដែរ​ ហើយ​ក៏វា​អាច​ប៉ះពាល់​ទៅដល់​បញ្ហា​នៃការ​រិះគន់​ ទាក់​ទង​នឹង​ការ​រឹតត្បិតនៃសេរីភាព​ក្នុង​ការ​ជួប​ជុំ​ ការ​ប្រមូល​ផ្តុំ​ និង​ការ​បញ្ចេញមតិ​ដោយ​សន្តិ​វិធី​នោះផងដែរ»។​

កាល​ពេលថ្មីៗនេះ​ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប) ចំនួន​៤រូប បាន​ថ្លែង​រិះគន់​ចំ​ៗ​ការ​ផ្តន្ទាទោស​លោក ​រ៉ុង ឈុន ​មេដឹកនាំ​សហជីព ​ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​ពី«បទ​ញុះញង់​បង្កឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ពាក់​ព័ន្ធនឹង​ការ​ចុះទៅ​ពិនិត្យ​ព្រំដែន​ក្នុងខេត្ត​ត្បូងឃ្មុំ ដែល​ជាប់ប្រទេស​វៀត​ណាម​។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំង​នោះ​បាន​បង្ហាញ​ក្តីបារម្ភ​ជាខ្លាំង​ផងដែរ​ចំពោះ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿ​ជាក់​ថា​ មាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន​១៧​នាក់​ក្នុងចំណោម​អ្នក​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​ ដែល​បច្ចុប្បន្ន​បាននិង​កំពុង​ជាប់​ឃុំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ ឬផ្តន្ទាទោស​តាម ​«មាត្រា​៤៩៤ និង​៤៩៥»។

ប៉ុន្តែ​ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជានៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​«បដិសេធ​ចោល​ទាំង​ស្រុង​»​នូវ​ការលើក​ឡើងរបស់​អ្នករាយការណ៍​ពិសេស ដោយ​ថា ​«ពុំបាន​ផ្តល់ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​សារៈ​សំខាន់​នៃ​ការ​អនុវត្តន៍​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ភាព​ស្មើគ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា»៕

XS
SM
MD
LG