តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចលើកពេលប្រកាសសាលក្រមនៃក្រុមយុវជនខ្មែរថាវរៈដែលបានចេញមុខតវ៉ាទាមទារឲ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន កាលពីខែកក្កដា ឆ្នាំមុន។
ក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំ បានទទូចសុំឲ្យតុលាការពន្លឿននីតិវិធីកាត់ក្តី និងដោះលែងសាច់ញាតិរបស់ពួកគាត់ឲ្យមានសេរីភាពឡើងវិញ ដោយលើកហេតុផលថា សាច់ញាតិរបស់ពួកគាត់មិនបានប្រព្រឹត្តបទល្មើស«ញុះញង់» ដូចការចោទប្រកាន់របស់តុលាការនោះទេ។
ម្តាយបង្កើតរបស់លោក ថា ឡាវី អ្នកស្រី គាន សុភា អាយុ៥២ឆ្នាំ បានប្រាប់វីអូអេថា អ្នកស្រីបារម្ភនិងនឹករឭកកូនប្រុសរបស់គាត់ និងបានស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនប្រុសដែលមានវ័យ២០ឆ្នាំ ដើម្បីមានឱកាសមករៀនសូត្រឡើងវិញ។
អ្នកស្រីនិយាយថា៖ «ឲ្យគាត់មានសិទ្ធិសេរីភាពវិញទៅទាំង៨នាក់ហ្នឹង ពីព្រោះគាត់ក៏មិនមានអ្វីខុសធ្ងន់ធ្ងរទៅលើរដ្ឋាភិបាលដែរ។ គាត់ធ្វើការហ្នឹងតាមយុត្តិធម៌ទេ មានអ្វីថាគួរឲ្យខុសឆ្គងធ្ងន់ធ្ងរទេ [ហើយ]ឲ្យរាជរដ្ឋាភិបាលមើលសំណុំរឿងហ្នឹងសារថ្មី ហើយឲ្យដោះលែងពួកគាត់ចេញមកវិញមក»។
ជាស្ត្រីមេម៉ាយដែលមានកូន៥នាក់ អ្នកស្រី គាន សុភា ត្អូញត្អែរអំពីទុក្ខលំបាកដែលកូនម្នាក់មានជំងឺប្រចាំកាយ ខណៈស្ថានភាពគ្រួសារក៏យ៉ាប់យ៉ឺន ហើយត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯង។ អ្នកស្រីបានបន្ថែមថា ដោយបារម្ភខ្លាចកូនមានការលំបាកក្នុងពន្ធនាគារ អ្នកស្រីបានងាកទៅចងការប្រាក់ពីគេ ដើម្បីឧបត្ថម្ភដល់កូនបានចាយវាយទិញអាហារហូបចុកប្រចាំថ្ងៃ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំនៅបន្ទុក៣[នាក់ត្រូវចិញ្ចឹម] មី[កូន]ពៅរៀនថ្នាក់ទី១២ ណាកូនរៀនផង ណាឡាវី អញ្ចឹង ហើយណា កូនទី៣ប្រកាច់ទៀត អញ្ចឹងខ្ញុំមិនដឹងទៅច្រក ណា។ ថ្ងៃមុនខ្ញុំអង្គុយយំៗ ខ្ញុំនឹកឃើញ...អាប្អូនជាប់គុក អាបងដេកប្រកាច់ តើអូនឯងមានអារម្មណ៍បែបណា»។
ចំណែកឯអ្នកស្រី ទី ម៉ារី ដែលជាម្តាយបង្កើតលោក ហ៊ុន វណ្ណៈ ក៏បានទទូចសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់លើកូនរបស់គាត់ ដោយថា កូនរបស់គាត់ មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយ ដែលត្រូវនាំយកមកធ្វើការកាត់ទោសនោះទេ។
អ្នកស្រីលើកឡើងយ៉ាងដូច្នេះ៖ «សូមឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ពីព្រោះកូនខ្ញុំ អត់មានកំហុសអីទេ អត់មានទៅ[ប្រកាន់]ខាងណា[មួយ]នោះទេ ពួកវាជាយុវជនស្រឡាញ់បរិស្ថាន ស្រឡាញ់សង្គម ស្រឡាញ់យុត្តិធម៌ អត់មានថាទៅក្បត់ជាតិ ក្បត់អីណា ចូលខាងណា ខាងណីទេ គឺជាយុវជនស្នេហាបរិស្ថាន សង្គម [និង]ជួយសង្គម»។
ក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន នេះ សកម្មជន១៥នាក់ ត្រូវបានតុលាការចោទប្រកាន់រួមមាន លោក ឈួ ផេង លោក ជុំ ពុទ្ធី លោក គង់ សំអាន លោក មាន ព្រហ្មមុនី លោក មួង សុភ័ក្ត្រ លោក ហ៊ុន វណ្ណៈ លោក ថា ឡាវី អតីតព្រះភិក្ខុ កើត សារ៉ាយ កញ្ញា អេង ម៉ាឡៃ អ្នកស្រី ឈឿន ដារ៉ាវី និងអ្នកនៅក្រៅប្រទេសរួមមាន លោក សេង ម៉េងប៊ុនរ៉ុង លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា លោក ហូរ វ៉ាន់ និងលោក ហុង លីម។
កាលពីចុងខែសីហានេះ តុលាការរាជធានីភ្នំពេញ បានបញ្ចប់សវនាការសួរដេញដោលជនជាប់ចោទចំនួន១០រូប ដែលពាក់ព័ន្ធក្នុងការតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន ដែលត្រូវបានអាជ្ញាធរចាប់យកមកផ្តន្ទាទោស បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍រិះគន់ពីភាពមិនប្រក្រតី ទាក់ទងនឹងការកំណត់ខណ្ឌសីមាកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការប្រកាសសាលក្រមនេះ គឺត្រូវបានពន្យារពេលទៅថ្ងៃក្រោយ ដោយមិនបញ្ជាក់អំពីមូលហេតុ។
មេធាវីរបស់ជនជាប់ចោទលោក សំ ចំរើន មានប្រសាសន៍ថា ការពន្យារពេលពេលនៃការប្រកាសសាលក្រមនេះ នឹងមិនអូសបន្លាយពេលយូរទេ ហើយការលើកពេលនេះទៀតសោត នឹងមិនធ្វើឲ្យខូចនីតិវិធីកាត់សេចក្តីរបស់តុលាការនោះដែរ។
លោកថ្លែងថា៖ «វា មិនប៉ះពាល់ដល់សារធាតុនៃរឿងក្តីទេ»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត យល់ថាសំណុំរឿងមួយនេះ បានអូសបន្លាយពេលយូរណាស់មកហើយ ដែលតុលាការគួរតែចេញសាលក្រមឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់សិទ្ធិ និងសេរីភាពរបស់ជនជាប់ចោទ។
លោកប្រាប់វីអូអេថា៖ «ការជំនុំជម្រះ ហើយការប្រកាសសាលក្រម គួរតែធ្វើទៅឲ្យបានលឿន ទោះបីជានៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌមានចែងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការប្រកាសតាមបទដ្ឋានអន្តជាតិហ្នឹង គឺថាសិទ្ធិក្នុងការទទួលបានការជំនុំជម្រះ គួរតែធ្វើឡើងឲ្យបានឆាប់ សម្រាប់ពួកគាត់ ដើម្បីកុំឲ្យប៉ះពាល់សិទ្ធិ និងសេរីភាពរបស់គាត់»។
សំណុំរឿងរបស់ក្រុមយុវជនខ្មែរថាវរៈ បានស្ថិតក្រោមការឃ្លាំមើលរបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានបង្ហាញ«ការសោកស្តាយយ៉ាងខ្លាំង» អំពីការចាប់ខ្លួនសកម្មជនវ័យក្មេង និងអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើពួកគេ៕