ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចំនួន​៦​ក្នុង​តំបន់​ទន្លេ​មេគង្គ​​ឈាន​ដល់​កតិកា​ស្តីពី​ការចែក​រំលែក​ទិន្នន័យ​ប្រតិបត្តិការ​ទំនប់​បន្ថែមទៀត​ក្នុង​អាង​ទន្លេ​​មេគង្គ


រូបឯកសារ៖ អ្នក​នេសាទ​កំពុង​ចេញ​ទូក​ទៅ​នេសាទ​​នៅ​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​​​​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នក​នេសាទ​កំពុង​ចេញ​ទូក​ទៅ​នេសាទ​​នៅ​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​​​​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)

ប្រទេសទន្លេមេគង្គឡានឆាង​ទាំង​៦បាន​អនុម័ត​លើ​អនុសាសន៍​នៃ​ដំណាក់​កាល​ទីមួយ​នៃ​ការ​សិក្សា​រួម​គ្នាដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ចែក​រំលែក​ព័ត៌មាន​កាន់​តែ​ប្រសើរ​ឡើង​អំពី​ប្រតិបត្តិ​ការ​របស់​ទំនប់​វារីអគ្គិសនី​ក្នុង​អាង​ស្តុក​ទឹក​នៅ​លើ​ទន្លេ​មេគង្គ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗទាក់​ទិនលំហូរទឹក​ និង​ការ​បញ្ចេញ​ទឹក​ក្នុងអាង​ទន្លេមេគង្គ​។ នេះ​បើ​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC)។

មន្ត្រីជាន់​ខ្ពស់​នៃប្រទេស​ទន្លេមេគង្គ​ទាំង​៦ ក៏បាន​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​អ្នក​ជំនាញ​រួម​មួយនៅ​កិច្ច​ប្រជុំ​មួយ​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា ដើម្បី​ត្រួត​ពិនិត្យ​ការ​សិក្សា​រួម​គ្នា​បន្ថែម​ទៀត និង​ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការ​ការ​ស្ទង់​មតិ​រួម Lancang-Mekong Survey។ ការ​ស្ទង់​មតិ​រួមនោះ​នឹង​មាន​ការចុះ​ទៅ​កាន់​ទីតាំងសំខាន់​ៗ​រួមគ្នារបស់​ភាគី​ពាក់​ព័ន្ធ​នៅក្នុងអាង​ទន្លេមេគង្គ​នៅ​ផ្នែកខាង​លើ​ ហើយ​ការ​សង្កេត​ជាច្រើន​នឹង​កើតមាន​ ក្នុង​នោះ​គឺ​ការសង្កេត​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន និង​សហគមន៍​ដែល​រស់​នៅ​តាម​ដង​ទន្លេ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ​Brian Eyler ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍ ​និង​កម្មវិធី​ថាមពល​ ធនធាន​ទឹក ​និង​ចីរភាព​ នៅ​មជ្ឈមណ្ឌល​ Stimson ប្រាប់​វីអូអេ​ថា នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​ក្នុង​ការ​ចែក​រំលែក​ទិន្នន័យ​ និង​ព័ត៌មាន​ផ្សេងៗ​ពី​ទនេ្ល​មេគង្គ ដោយ​លោក​បញ្ជាក់​ថា ក្នុង​ពេល​បច្ចុប្បន្ន​ប្រទេស​ចិន ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ទន្លេ​ខាង​លើ​មិន​សូវ​ចែក​រំលែក​ទិន្នន័យ​ណាមួយ​ជាមួយ​ប្រទេសដ​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នោះ​ទេ។

លោក​បាន​បញ្ជាក់​ក្នុង​សម្តី​ដើម​ជា​ភាសា​អង់គ្លេស និង​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «សំខាន់​ទៀត​នោះ ទិន្នន័យ​នេះ​ក៏​ត្រូវ​ចែក​រំលែក​ជា​សាធារណៈ​ផង​ដែរ ហើយ​មិន​មែន​ជា​អ្វី​ដែល​មក​ពី​រដ្ឋា​ភិបាល​តែ​មួយ​នោះ​ទេ។ ខ្ញុំ​ជឿ​ថា​សហគមន៍​ឃ្លាំ​មើល​ទន្លេ​មេគង្គ​ភាគ​ច្រើន​ចង់​ឃើញ​លទ្ធផល​នៃ​ការ​សិក្សា​រួម​គ្នា​រវាង LMC និង MRC ដែល​នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​តុលា»។

លោក Brian Eylan ​បន្ត​ទៀត​ថា ប្រទេស​ចិន​បាន​មើល​ឃើញ​ផល​ប្រយោជន៍​តិច​បំផុត​ក្នុង​ការ​ចែក​រំលែក​នូវ​ទិន្នន័យ និង​ព័ត៌មាន​ពី​ប្រភព​ទឹក​ខាង​លើ​ ដោយ​លោក​ថា​ ទំនប់​ទឹក​ខាង​លើ​របស់​ប្រទេស​ចិន​បាន​បង្ក​ជា​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ងន់​ធ្ងរ។

លោក​ថ្លែង​ក្នុង​សម្រង់​សម្តី​ដើម​ជា​ភាសា​អង់​គ្លេស​ដែល​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «វា​ទំនង​ជា​នឹង​បន្ត​ទៅ​ទៀត ទោះ​បី​ជា​មាន​ការ​ចែក​រំលែក​ទិន្នន័យ​ទំនប់​ទឹក​ក៏​ដោយ លុះ​ត្រា​តែ​ចិន​ចាប់​ផ្តើម​ដំណើរ​ការ​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន​ខុស​ពី​មុន​»។

យ៉ាង​ណា​មិញ​ បើ​តាម​របាយការណ៍​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២០ បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​យល់​ព្រម​ផ្តល់​ទិន្នន័យ​ជល​សាស្ត្រ​ពេញ​មួយ​ឆ្នាំ​ដល់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ដែល​រួម​ចំណែក​ដល់​ការ​ឃ្លាំ​មើល​ទន្លេ និង​ការ​ព្យាករណ៍​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ក្នុង​ប្រទេស​មេគង្គ​កាន់​តែ​ប្រសើរ​ឡើង។

របាយការណ៍​ក៏​បន្ត​ថា ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ចិន​បាន​ចែក​រំលែក​ទិន្នន័យ​ទឹក​ភ្លៀង និង​កម្រិត​ទឹក​ពី​ទីតាំង​ទំនប់​ចំនួន​ពីរ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ខាង​លើ ដែល​ជា​កន្លែង​ទឹក​ទន្លេ​ហូរ​ចុះ ក្នុង​អំឡុង​ពេល​នៃ​រដូវ​វស្សា​ដែល​ចាប់​ពី​ខែ​មិថុនា​ដល់​ខែ​តុលា។

លោក​ លន់​ ពេជ្រតារា​ នាយក​ប្រតិបត្តិ​អង្គការ​ភូមិ​ខ្ញុំ​ដែល​ធ្វើការ​លើ​ការ​ការ​ពារធន​ធាន​ធម្មជាតិ​ និងអភិរក្សបរិស្ថាន​ លើក​ឡើង​ថា​ ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​៦​នៃ​តំបន់​ទន្លេ​មេគង្គ​ជា​រឿង​ដែល​ប្រសើរ ពីព្រោះ​ប្រទេស​ទន្លេមេគង្គ​នីមួយៗ​នឹងអាច​ត្រៀមវិធានការ​ទប់​ស្កាត់ទុក​ជា​មុន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្នែក​បរិស្ថាន​ និង​ធនធាន​ទឹក​។

លោក​ថ្លែង​ថា៖ «ការ​ចែក​រំលែក និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ខាង​លើ និង​ខាង​ក្រោម​ទន្លេ​មេគង្គ​មាន​សារៈសំខាន់​ ហើយ​ការ​ចែក​ព័ត៌មាន​ទាន់​ពេល​វេលា​ហ្នឹង​ហើយ​ដែល​ជា​យន្ត​ការ​មួយ​ដ៏​ល្អ​ ក្នុង​ការ​រៀប​ចំ​គ្រប់​គ្រង​ធន​ធាន​ទឹក និង​ការ​គ្រប់​គ្រង​ហានិភ័យ​ផ្សេងៗ​ដែល​អាច​បង្កើត​ឡើង​ដោយ​កត្តា​អាកាស​ធាតុ​ដូច​ជា​ការ​អភិវឌ្ឍ​នានា​នៅ​តាម​ដង​ទន្លេ​មេគង្គ​យើង»។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ប្រទេស​ចិន​បាន​ធ្វើ​ការ​រួម​គ្នា​លើ​គំនិត​ផ្តួច​ផ្តើម​កិច្ច​សហ​ប្រតិបត្តិ​ការ​មួយ​ចំនួន រួម​ទាំង​កិច្ច​ប្រជុំ​ពិភាក្សា​ប្រចាំ​ឆ្នាំ ការ​ចែក​រំលែក​ទិន្នន័យ និង​ព័ត៌មាន សន្និសីទ​រួម និង​ការ​សិក្សា​រួម​គ្នា និង​ការ​ផ្លាស់​ប្តូរ​បច្ចេក​ទេស​លើ​ការ​អភិវឌ្ឍ​ធន​ធាន​ទឹក ការ​ការពារ​បរិស្ថាន និង​ការ​អភិវឌ្ឍទំនប់វារី​អគ្គិសនី​ជាដើម៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG