ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋមន្រ្តី​សិង្ហបុរី​ផ្តល់​ទស្សនៈ​អំពី​សហរដ្ឋអាមេរិក និង​ទំនាក់ទំនង​ជាមួយ​ចិន


នាយករដ្ឋមន្រ្តី​សិង្ហបុរី​លោក Lee Hsien Loong ថ្លែងអំឡុងពេល​សុន្ទរកថារួមគ្នា​ជាមួយនឹង​លោកប្រធានាធិបតី​ដូណាល់ ត្រាំ​ នៅសេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃទី២៣ ខែ​តុលា ឆ្នាំ​២០១៧។

លោក Lee Hsien Loong ដែល​ជា​កូន​ច្បង​របស់នាយករដ្ឋមន្រ្តី ​និង​ជា​បិតា​ស្ថាបនិក​ប្រទេស​សិង្ហបុរី​ លោក Lee Kuan Yew និង​ជាអ្នកស្នង​តំណែង​ត​ពី​ឪពុក​របស់​លោក ដែល​ធា្លប់​ជា​នាយករដ្ឋមន្រ្តីកាន់​អំណាច​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក បាន​ប្រាប់​ទៅអ្នក​ចូលរួមស្តាប់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ស្ថានភាព​យុទ្ធសាស្រ្ត​ភូមិសាស្រ្ត​ ដែល​កំពុង​តែ​លេច​ឡើង​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មិន​ត្រឹម​តែ​អាស្រ័យ​លើ​យន្តការ​នយោបាយ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាស្រ័យ​លើ​គោលបំណង និង​សកម្មភាព​របស់​សហរដ្ឋអាមេរិក​ផង​ដែរ។

នៅ​ក្នុង​ពិធី​មួយ​ធ្វើ​ឡើង​នៅ​ឯ​សេតវិមាន លោក Lee Hsien Loong បាន​ប្រាប់​លោក​ប្រធានាធិបតី​ដូណាល់ ​ត្រាំ​ថា ប្រទេស​សិង្ហបុរី «ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​ដទៃ​ទៀត» កំពុង​តែ​ពិនិត្យ​មើល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន «យ៉ាង​ដិត​ដល់» បំផុត។

លោក​ត្រាំ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ទ្វីប​អាស៊ី​នៅ​ថ្ងៃ​ទី០៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

វត្តមាន និង​ការ​ត្រៀមលក្ខណៈ​

លោក Lee ដែល​ជា​នាយករដ្ឋមន្រ្តី​សិង្ហបុរី​ចាប់​តាំង​ពី​ឆ្នាំ ២០០៤​មក បាន​និយាយដោយ​ប្រយោល​ទៅ​លើ​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ភូមិសាស្រ្ត​រវាង​សហរដ្ឋអាមេរិក និង​ចិន ខណៈ​ដែល​លោក​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ផ្នែក​ទំនាក់ទំនង​ការបរទេស ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយមួយ មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​រក្សា​វត្តមាន​ជា​យុទ្ធសាស្រ្ត​ នៅ​កន្លែង​ដែល​ចាំបាច់​ត្រូវ​ការ​វត្តមាន​របស់​សហរដ្ឋអាមេរិក។

លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ស្តាប់​ថា៖

«ប្រសិន​បើ​អ្នក​មិន​នៅ​ទី​នោះ ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​នឹង​ក្រឡេក​មើល​ជុំវិញ​ ហើយ​និយាយ​ថា យើង​ចង់​ក្លាយ​ជា​មិត្តនឹងសហរដ្ឋ​អាមេរិក និង​ចិន។ ហើយ​ចិន​បាន​ត្រៀមលក្ខណៈ​រួច​ជាស្រេច ដូច្នេះ​យើង​នឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ពួកគេ»។

លោក​នាយករដ្ឋមន្រ្តី Lee ដែល​អាច​និយាយ​ភាសាអង់គ្លេស​ ចិន​ និង​ម៉ាឡេ​ ដែល​ជា​ភាសា​បី​នៅ​ក្នុង​ចំណោម​ភាសា​ផ្លូវ​ការ​ចំនួន​បួន​នៅ​ប្រទេស​សិង្ហបុរី បាន​យ៉ាង​រលូន​នោះ ជា​ញឹកញយ​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់រដ្ឋធានី​វ៉ាស៊ីនតោន និងជា​រឿយៗ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​កាល​ពី​ខែ​មុន។

លោក​ Lee បាន​និយាយ​ថា មន្រ្តី​ចិន​បាន​យល់​ឃើញ​ថា រដ្ឋាភិបាល​អាមេរិក​នា​ពេល​បច្ចុប្បន្ន​ជា​ រដ្ឋាភិបាល «សមិទ្ធផល​នាំ​មុខ»។ ទោះ​បី​ជា​ឃ្លា​នេះ​មាន​ន័យ​អវិជ្ជមាន​បន្តិច​ក៏​ដោយ ក៏​ការណ៍​នេះ​បង្ហាញ​ថា មន្រ្តី​ចិន​ចាត់​ទុក​លោក​ត្រាំ​ថា ជា​មនុស្ស​ចង់​ឃើញ​លទ្ធផល ជា​ជាង​ការ​គ្រាន់​តែ​និយាយ​ចោល។

​បស្ចិម​លោក​ក៏​មិន​អាច​មើលធ្លុះ​បាន​ដែរ

នៅ​ក្នុង​ការ​សង្កេត​ដែល​លោក​បាន​ចែករំលែក​មួយ​ផ្សេង​ទៀត លោក​ Lee បាន​និយាយ​ថា ចិន​មិន​អាច​ដឹង​ច្បាស់​ថា ត្រូវ​ពណ៌នា​យ៉ាង​ដូចម្តេច​អំពី​លោក​ត្រាំ ក៏​ដូចជា​គោលនយោបាយ​ការ​បរទេស​នៅ​ក្រោម​រដ្ឋាភិបាលអាមេរិក​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Lee បាន​និយាយ​ពី​ភាគី​នៅ​ក្រុង​ប៉េកាំង​ថា៖

«ពួក​គេ​មិនដឹង​ពី​ការ​ពណ៌នា​អំពីអ្នក​ឲ្យ​បាន​ច្បាស់ ពួកគេ​កំពុង​តែ​ស្វែង​រក​ផ្លូវ​ដើម្បីយល់​ពី​អ្នក។ ប្រសិន​បើ​អ្នក​គិត​ថា​ ពួកគេ​មិន​អាច​មើល​ធ្លុះ​បាន អ្នក​ត្រូវ​យល់​ផង​ដែរ​ថា បស្ចិម​លោក​ក៏​មិន​អាច​មើល​ធ្លុះ​បាន​ដែរ»។

នៅ​ស្រប​ពេល​ដូចគ្នា​នេះ​ ប្រធានាធិបតី​ចិន​លោក​ស៊ី ជិន​ពីង និង​បក្ស​កុម្មុយនិស្ត​ចិន​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពិភពលោក​ តាមរយៈ​សមាជ​បក្ស​លើក​ទី​ ១៩។

នៅ​អំឡុង​ពេល​សមាជ​បក្ស ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​នោះ ដែល​បាន​កំណត់​នូវ​ការ​បញ្ចប់​អាណត្តិ​ដឹកនាំ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​លោក​ប្រធានាធិបតី​ស៊ី បក្ស​កុម្មុយនិស្ត​ចិន​បាន​ព្រមព្រៀង​ ដោយ​មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​លោក​ស៊ី​នូវ​អាណត្តិ​ទី​ពីរ​នៅ​ក្នុង​ការ​កាន់​តំណែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​បូក​បញ្ចូល «គំនិត» របស់​លោក​ស៊ី​ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ផង​ដែរ​ ដោយ​ការណ៍​នេះ​បាន​លើក​បន្តុបលោក​ស៊ី​ស្មើ​នឹង​បិតា​ស្ថាបនិក​ប្រទេស​ចិន​លោកម៉ៅ សេទុង និង​លោក​គេង សាវ​ពីង​ផង​ដែរ ដែល​បាន​តម្រង់​ទិស​ប្រទេស​ចិន​នៅ​លើផ្លូវ​មួយ​ឆ្ពោះ​ទៅ​កាន់​កំណែទម្រង់​សេដ្ឋកិច្ច។

បណ្តាញ​ផ្សព្វផ្សាយ​របស់​បស្ចិមប្រទេស​បាន​តាមដាន​ព្រឹត្តិការណ៍​នេះ​យ៉ាង​លម្អិត។ ហើយ​លោក​ត្រាំ​ថែម​ទាំង​បាន​កត់សម្គាល់​ពី​ការ «រះ​ឡើង​យ៉ាង​អស្ចារ្យ» របស់​លោក​ស៊ី​ នៅ​ក្នុង​សារមួយ​របស់​លោក​តាម​បណ្តាញ​សង្គម​ទ្វីធឺ​ផង​ដែរ។

លោក​ប្រធានាធិបតី​ស៊ី​ស្វះស្វែង​រក​ការ​ពង្រីក​ឥទ្ធិពល​រហូត​ដល់​ឆ្នាំ ២០៥០

ដោយ​សំដៅ​លើ​រយៈកាល​មួយ​ ចាប់​ពី​ឆ្នាំ ១៩៤៩​មក នៅ​ពេល​ដែល​បក្ស​កុម្មុយនិស្ត​ចិន​បាន​បំបាក់​គណបក្ស Kuomintang (KMT) ជា​ផ្លូវ​ការនៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ដ៏​អូសបន្លាយ​មួយ លោក Lee​ បាន​មាន​ប្រសាសន៍​ថា៖

«សម័យកាល​ ដែល​ លោក [លោក​ស៊ី] ប្រមើល​មើល​នោះ​គឺ ​មិនមែនត្រឹមតែ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ឬ​សូម្បី​តែ ១០​ឆ្នាំ​ ឬ​ក្នុង​រយៈពេល​ពីរ​អាណត្តិទៅ​មុខ​នោះ​ទេ ប៉ុន្តែ​គឺ ​រហូត​ដល់​ឆ្នាំ ២០៥០ ដោយ​នាំ​យក​ប្រទេស​ចិន​រហូត​ដល់​រយៈពេល​ ១០០​ឆ្នាំ បន្ទាប់​ពី​ការ​ធ្វើ​បដិវត្តន៍»។

ការ​ដែល​ធ្វើ​ឲ្យ​លោក​ស៊ី​ស្មើ​នឹង​មេដឹកនាំ​នៅ​មុន​រូបលោក​នោះ ឥឡូវ​នេះ​ធ្វើ​ឲ្យ​រូប​លោក​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​បន្ទុក​ផ្នែក​ប្រវត្តិសាស្រ្ត​លើការ​ធានា​ពី​ភាព​រុងរឿង និង​ការ​រក្សា​អំណាច​របស់​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍ ឬ​សតវត្ស​ទៅ​មុខ​ទៀត ប្រសិន​បើ​អ្វីៗ​ទាំងអស់​ស្រប​ទៅ​តាម​ផែនការ​របស់​បក្ស។

​បណ្តា​ប្រទេស​នានា​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ កំពុង​តែពិនិត្យ​មើល​យ៉ាង​ដិតដល់​លើ វិធីសាស្រ្ត​ ដែល​លោក​ស៊ី​នឹង​បង្ហាញ​អំណាច​របស់​លោក​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។

នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ប្រទេស​សិង្ហបុរី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​មួយ​រវាង​ថ្នាក់​ដឹកនាំ​ចិន​ដី​គោក និង​កោះ​តៃវ៉ាន់។ នៅ​ពេល​សួរ​ថា​តើ​សិង្ហបុរី​នឹង​ជួយ​សម្របសម្រួល​កិច្ចប្រជុំ​ដូចនេះ​ម្តង​ទៀត​ដែរ​ឬ​ទេ? លោក​ Lee បាន​មាន​ប្រសាសន៍​ថា៖«តួនាទី​របស់​យើង​គឺ​មាន​កំណត់»។

នាយករដ្ឋមន្រ្តី​សិង្ហបុរី​រូប​នេះបាន​ហៅ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​ប្រទេស​សិង្ហបុរី​សម្រាប់ជំនួប​រវាង​លោក​ប្រធានាធិបតី​ស៊ី និង​អតីត​មេដឹកនាំ​កោះ​តៃវ៉ាន់​នា​គ្រា​នោះ​គឺ ​លោក Ma Ying Jeou ថា «ការងារ​របស់​យើង​គឺ គ្រាន់​តែផ្តល់​ជា​បន្ទប់ប្រជុំ និង​ពែងតែ​ តែ​ប៉ុណ្ណោះ»។

ដោយសារ​គម្លាត​ ដែល​ហាក់​ដូចជាមិន​អាច​ផ្សារភ្ជាប់​គ្នា​បាន​រវាង​គណបក្ស​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន​ និង​ភាគី​ចិន​ដី​គោក ដែល​មិនងាករេគំនិត​របស់​ខ្លួន លោក​ Lee បាន​និយាយ​ តាម​គំនិត​របស់​លោក​ថា៖​

«អ្វី​ដែល​ប្រសើរ​បំផុត​ ដែល​អ្នក​អាច​សង្ឃឹម​បាន​នោះ​គឺ ការ​ប្រឈម​ដាក់​គ្នា។នៅ​ក្នុង​ឆាក​នយោបាយ គ្មាន​គណបក្ស​ណា​កាន់​អំណាច​បាន​រហូត​នោះ​ទេ»។

អំឡុងពេល​កិច្ចពិភាក្សា​របស់​លោក​នាយករដ្ឋមន្រ្តី​ Lee នៅ​ឯ​ក្រុម​ប្រឹក្សា​ផ្នែក​ទំនាក់ទំនង​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន អ្នក​ចូលរួម​ស្តាប់​ម្នាក់ ដែល​បាន​សរសើរ​ការ​យល់ដឹង​យ៉ាង​លម្អិត​របស់​លោក​ Lee បាន​សួរ​ថា «លោក​នាយករដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា «នៅ​ក្នុង​ឆាក​នយោបាយ គ្មាន​គណបក្ស​ណា​កាន់​អំណាច​បាន​រហូត​នោះ​ទេ» តើ​ប្រទេស​សិង្ហបុរី​អញ្ចឹង​ ដែរ​ឬ​ទេ?

លោក Lee បាន​ឆ្លើយ​ថា៖

«ខ្ញុំ​ច្បាស់​ថា ​ប្រទេស​សិង្ហបុរី​ក៏​ដូច្នោះ​ដែរ។ ខ្ញុំ​មិន​ដឹង​ថា នៅ​ពេល​ណា​វា​នឹង​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឲ្យ​វា​កើត​ឡើង លឿន​ជាង​ការ​ចាំបាច់​នោះ​ទេ» បន្ទាប់​មក​លោក​បាន​ងាក​ទៅអ្នក​សួរ​សំណួរ​បន្ទាប់។

លោក​នាយករដ្ឋមន្រ្តី​ Lee ដែល​មាន​វ័យ ៦៥​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​កាន់​តំណែង​ជា​ប្រមុខ​គណបក្ស​កាន់​អំណាច​ People's Action Party (PAP) និង​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ចាប់​តាំង​ពី​ឆ្នាំ ២០០៤​មក។ ឪពុក​របស់​លោក​គឺ លោក Lee Kuan Yew ជា​សហស្ថាបនិក​ ដែល​បាន​សហការ​បង្កើត​គណបក្ស PAP នៅ​ក្នុង​ឆ្នាំ ១៩៥៤ និង​បាន​ធ្វើជា​នាយករដ្ឋមន្រ្តី​ប្រទេស​សិង្ហបុរី​ពី​ឆ្នាំ ១៩៦៥ ដល់​ឆ្នាំ​ ១៩៩០។ លោក Lee Kuan Yew នៅ​តែជា​បុគ្គល​ដ៏​មាន​ឥទ្ធិពលមួយ​រូប រហូត​ដល់ពេល​លោក​ទទួល​មរណភាព​ក្នុង​ឆ្នាំ ២០១៥៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG