ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​ចោទ​ប្រកាន់​ដំបូង​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​អាច​នឹង​បង្ហាញ​ជា​សាធារណៈ


ទី​ប្រឹក្សា​ពិសេស​លោក Robert Mueller អញ្ជើញ​ចាកចេញ​បន្ទាប់​ពី​ប្រជុំ​បិទ​ទ្វារ​ជាមួយ​នឹង​សមាជិក​នៃ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​ នៅ​វិមាន​រដ្ឋសភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
ទី​ប្រឹក្សា​ពិសេស​លោក Robert Mueller អញ្ជើញ​ចាកចេញ​បន្ទាប់​ពី​ប្រជុំ​បិទ​ទ្វារ​ជាមួយ​នឹង​សមាជិក​នៃ​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​ នៅ​វិមាន​រដ្ឋសភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ បទ​ឧក្រិដ្ឋ​ដំបូង​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូល​ទៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន​អាច​នឹង​បង្ហាញ​ជា​សាធារណៈ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​ប្រធានាធិបតី Donald Trump បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​គោល​ជំហរ​របស់​លោក​ថា ការ​ស៊ើប​អង្កេត​ទាំង​នេះ​គឺ​ជា​ការ​តាម​ព្យាបាទ​លើ​រូប​លោក។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ អង្គ​ចៅក្រម​ពលរដ្ឋ​សហព័ន្ធ​បាន​សម្រេច​លើ​បទ​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដែល​ដឹកនាំ​ដោយ​ទី​ប្រឹក្សា​ពិសេស​លោក Robert Mueller។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​សំខាន់ៗ​នានា​ជា​ច្រើន ដែល​បាន​រាយការណ៍​ថា ការ​ចោទ​ប្រកាន់​អាច​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ណា​មួយ​អំពី​ថា​តើ​នរណា​នឹង​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ទាំង​នេះ ឬ​ក៏​ថា​តើ​បទ​ឧក្រិដ្ឋ​អ្វី​ដែល​ត្រូវ​ចោទ​ប្រកាន់​នោះ​ទេ។ អ្នក​ជំនាញ​ច្បាប់​នានា​បាន​និយាយ​ថា បទ​ឧក្រិដ្ឋ​ដំបូង​អាច​ជា​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​បុគ្គល​មិន​សំខាន់​នៅ​ក្នុង​រឿង​នេះ ដោយ​រដ្ឋអាជ្ញា​ប្រើ​យុទ្ធសាស្ត្រ​ទូទៅ​មួយ​ដើម្បី​កសាង​សំណុំ​រឿង​ប្រឆាំង​នឹង​មន្ត្រី​ថ្នាក់​ទាប មុន​ពេល​ផ្ដោត​លើ​មន្ត្រី​សំខាន់ៗ​បន្ថែម​ទៀត។

បន្ថែម​ទៅ​នឹង​ការ​ស៊ើប​អង្កេត​របស់​លោក Mueller គេ​ក៏​ឃើញ​មាន​ការ​ស៊ើប​អង្កេត​របស់​សភា​ដាច់​ដោយ​ឡែក​ពី​នេះ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី និង​ទំនាក់ទំនង​ដែល​អាច​មាន​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump ជាមួយ​នឹង​រុស្ស៊ី។

សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​កាល​ពី​ដើម​ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ដឹកនាំ​យុទ្ធនាការ​មួយ​ដើម្បី​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ដើម្បី​ជួយ​លោក Trump ឲ្យ​ឈ្នះ​ការ​បោះ​ឆ្នោត។

កន្លង​មក លោក Trump បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​មិន​មាន​ការ​ឃុបឃិត​ណា​មួយ​កើត​ឡើង​នោះ​ទេ ដោយ​ក្នុង​នោះ​មាន​ទាំង​សំណេរ​របស់​លោក​នៅ​លើ​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ផង​ដែរ​ថា គណបក្ស​ប្រជាធិបតេយ្យ និង​លោកស្រី Hillary Clinton ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន គឺ​ជា​អ្នក​ដែល​មាន​កំហុស៕

XS
SM
MD
LG