ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ដាក់​ពិន័យ​តឹង​រ៉ឹង​លើ​ការ​ចេញ​ក្រៅ​ផ្ទះ​ដោយ​មិនពាក់​ម៉ាស់


ស្ត្រី​ម្នាក់​បណ្តើរ​សុនខ​របស់​នាង​នៅ​លើ​ផ្លូវ​ដ៏​ស្ងាត់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​បណ្តើរ​សុនខ​របស់​នាង​នៅ​លើ​ផ្លូវ​ដ៏​ស្ងាត់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

ខណៈពេល​ដែល​មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ក្រណាត់​ពេល​ចេញ​ក្រៅ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ COVID-19 អាជ្ញាធរ​វៀតណាម​កំពុង​តែ​ផាក​ពិន័យ​​ពលរដ្ឋ​​ដែល​មិន​គោរព​បទ​បញ្ជា​​ដែល​តម្រូវ​ឲ្យ​គ្រប់​គ្នា​ពាក់​ម៉ាស់​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។

ប្រទេស​វៀតណាម​មាន​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទាប​បំផុតមួយ​ក្នុង​ពិភពលោក ដោយ​មាន​ត្រឹមតែ ២១២ ករណី​ប៉ុណ្ណោះ និង​មិន​មានអ្នក​ស្លាប់​ឡើយបើគិត​ត្រឹម​ថ្ងៃទី១​ ខែមេសា។ នេះ​បើ​តាម​ក្រសួង​សុខាភិបាលដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហាណូយ។​

បើ​តាម​គេហទំព័រ Worldometer ប្រទេស​វៀតណាម​ ​ដែល​មាន​ប្រជាជន​សរុបជាង ៩៦ លាន​នាក់ ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក និង​សហរដ្ឋអាមេរិក​កោតសរសើរ ចំពោះ​កិច្ច​ប្រឹង​ប្រែង​ទប់​ទល់​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​គ្រប់​គ្រង​ការឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​ថ្មី។ គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​មេសា មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង (CDC) បាន​រាយការណ៍​ថា​ សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ចំនួន ១សែន ៨ម៉ឺន ៦ ពាន់ ១រយ ១ ករណី ហើយ​អ្នក​ជំងឺ ៣ ពាន់​ ៦រយ ៦ ​បាន​ស្លាប់។ បើ​យោង​តាម​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក ចំនួន​ប្រជាជន​សរុបរបស់​អាមេរិក​មាន​ចំនួន ៣២៩ លាន ៤សែន ៥ម៉ឺន​នាក់ គិត​ត្រឹម​ខែសីហា ឆ្នាំ២០១៩។

ភ្ញៀវ​ទេសចរ​បរទេស​ពាក់​ម៉ាស់​ នៅ​ពេល​ជិះ​ស៊ីក្លូ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ភ្ញៀវ​ទេសចរ​បរទេស​ពាក់​ម៉ាស់​ នៅ​ពេល​ជិះ​ស៊ីក្លូ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ខណៈពេល​ចំនួនឆ្លង​វីរុស​នេះ​កើន​ឡើង​យ៉ាង​ខ្លាំង​នៅក្នុង​សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​គ្រប់​គ្រង់​នឹង​បង្ការ​ជំងឺ​ឆ្លង​កំពុង​ណែនាំ​ឲ្យ​សាធារណជន​ទូទៅ​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ។ រដ្ឋាភិបាល​ទីក្រុង​ហាណូយ​តម្រូវ​ឲ្យ​រាល់​ពលរដ្ឋ​វៀត​ណាម និង​ជនបរទេស​ទាំង​អស់​ពាក់​ម៉ាស់​នៅ​ទីប្រជុំជន ចាប់​ពី​ថ្ងៃ​ទី១៦ ខែ​មីនា​តទៅ។ នៅ​តាម​អាកាសយានដ្ឋាន​ និងស្ថានីយ​រថយន្ត​ភ្លើង មាន​ការ​ចែក​ម៉ាស់​ដោយ​ឥតគិត​ថ្លៃដល់​អ្នក​ដំណើរ​ដែល​គ្មាន​ម៉ាស់។

ជន​ណា​ដែល​មិន​គោរព​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​រហូត​ដល់ ១៣ ដុល្លារអាមេរិក។ នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ប្រាក់​ចំណូល​ជា​មធ្យម​របស់មនុស្ស​ម្នាក់​គឺ ២ពាន់ ៧រយ ១៥​ ដុល្លារ​ក្នុងមួយ​ឆ្នាំ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៩។ នេះ​បើ​យោង​តាម​ទិន្នន័យ​សេដ្ឋកិច្ច​សាកល ឬ CEIC Data។

លោក Hoan Kiem មន្ត្រី​សាលា​ខណ្ឌ​បានផាក​ពិន័យ​ស្ត្រី​ម្នាក់​នូវ​ទឹក​ប្រាក់​ចំនួន ៨​ ដុល្លារ​កន្លះ ដោយ​សារ​ការ​មិន​ពាក់​ម៉ាស់។ នៅ​ក្នុង​ទីក្រុង​ហាណូយ អ្នក​បើក​ឡាន​ក្រុងម្នាក់​បាន​មិនអនុញ្ញាត​ឲ្យ​បុរស​ម្នាក់​ដែល​មិន​ពាក់​ម៉ាស់​ឡើង​ជិះ​ឡាន។

ក្រុមហ៊ុន​ស៊ី​កម្រៃ​ជើង​សារ​មូលបត្រ​ធនាគារ​យោធា ហៅកាត់ថា MBS បាន​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិកពាក់​ម៉ាស់ ដោយ​កាត់​ប្រាក់​លើក​ទឹក​ចិត្ត​ពី​បុគ្គលិក​ណា​មិន​ពាក់​ម៉ាស់។ នេះ​បើតាម​អ្នក​នាង Nguyen Thanh Huong ដែល​ជា​បុគ្គលិក​ម្នាក់​ប្រចាំ​ក្រុមហ៊ុន​នេះ។​

នៅ​ក្នុង​ទីក្រុងហាណូយ​ទាំង​មូល ធនាគារ ឱសថស្ថាន និងហាង​នានា​ បដិសេធ​មិន​ឲ្យ​អ្នក​ដែល​មិន​ពាក់​ម៉ាស់​ចូល​ឡើយ។

ក្រុម​មេ​ដឹក​នាំ​ប្រទេស​វៀតណាម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សារៈសំខាន់​នៃ​ការ​ពាក់​ម៉ាស់ ក្នុង​អំឡុង​ពេល​មាន​វិបត្តិបង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី។ រូបភាព​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ពាក់​ម៉ាស់​ក្នុង​ពេលប្រជុំ ត្រូវ​បាន​ផ្សព្វផ្សាយព្រោង​ព្រាត​ពាស​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ ដែល​ជា​វិធានការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
បុគ្គលិក​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ ដែល​ជា​វិធានការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

សូម្បីមុន​ពេល​នៃការ​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា​ថ្មី​នេះ ប្រជាជន​នៅ​ក្នុង​ប្រទេស​វៀតណាម ​និងប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី តែង​តែ​ពាក់​ម៉ាស់​ ដើម្បី​ការ​ពារ​ខ្លួន​ពួក​គេ​ និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ បើ​សិន​ជា​ពួក​គេ​ឈឺ។

​ប៉ុន្តែ​សម្រាប់ប្រជាជន​វៀតណាម និងប្រជាជន​អាស៊ី​ផ្សេង​ទៀត​ដែល​បាន​ទៅ​រស់នៅសហរដ្ឋ​អាមេរិក ការ​រក្សា​ទម្លាប់​ពាក់​ម៉ាស់​នេះ ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេប្រឈម​មុខ​នឹង​ការ​រើសអើង។

​អ្នកស្រី Kim Fellner អាយុ​ ៧១ ឆ្នាំ ជា​សកម្មជន​ការងារ និង​អ្នក​និពន្ធឯករាជ្យ​ដែល​រស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា ប្រជាជន​អាស៊ី​មួយ​ចំនួន​ទទួល​បាន​បទពិសោធន៍​មិន​ល្អ​ ដោយ​សារ​ការ​ពាក់​ម៉ាស់។ លោក​ប្រធានាធិបតី Donald Trump បង្កើន​ឲ្យ​មាន​អរិភាព​កាន់​តែ​ខ្ពស់ ទៅ​ដល់​ប្រជាជន​អាស៊ី តាម​រយៈការ​ហៅ​ឈ្មោះ​វីរុស​នេះ​ថា​ជា​ «វីរុស​ចិន» ហើយ​ប្រជាពលរដ្ឋ​អាមេរិកមួយ​ភាគ​តូច​ជា​មនុស្ស​ល្ងង់​ខ្លៅ មាន​គំនិត​ជាតិ​និយម និង​មាន​អាកប្បកិរិយា​មិន​ល្អ»។

កាល​ពី​ពាក់កណ្ដាល​ខែ​មីនា លោក​ Trump បាន​ហៅ​វីរុស​កូរ៉ូណា​ថ្មី ថា​ «វីរុស​ចិន» នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពលរដ្ឋ​អាស៊ី​អាមេរិកាំង បាន​រាយ​ការណ៍​ពី​ការ​កើន​ឡើង​ឧក្រិដ្ឋកម្ម​រើស​អើងជាតិ​សាសន៍ ដូច​ជា​ការ​ជេរ​ប្រមាថ និង​ការ​វាយ​ដំ​លើ​រូបរាង​កាយ ដែល​បង្ក​ឡើង​ដោយ​ការ​យល់​ថា​ជនជាតិ​ចិន​ជាអ្នក​បង្ក​ឲ្យ​មាន​វីរុស​កូរ៉ូណាថ្មី។

អ្នកស្រី Fellner បាន​និយាយ​ថា អាកប្បកិរិយា​របស់​លោក​ Trump បានលើក​ទឹក​ចិត្ត​ឲ្យ​ជន​ជាតិ​អាមេរិកាំង​មួយ​ចំនួន​ប្រព្រឹត្ត​អំពើ​អាក្រក់។

បើ​តាម​លោក Xi Chen សាស្ត្រាចារ្យ​គោល​នយោបាយ​សុខាភិបាល និង​សេដ្ឋកិច្ច នៅ​សាលា​សុខភាព​សាធារណៈ នៃ​សាកលវិទ្យាល័យ Yale ក្នុង​សហរដ្ឋអាមេរិក មាន​ហេតុ​ផល​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាជនមិន​និយម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ។ លោក Chen បាន​ប្រាប់​សារព័ត៌មាន Nikkei Asian Review កាល​ពី​ខែ​មុនថា លោក​គិតថា​ចំណុច​សំខាន់​បំផុត​នោះ​គឺ​កត្តា​វប្បធម៌»។

លោក​និយាយ​ថា៖ «បើ​និយាយ​តាម​បែប​ប្រពៃណី សង្គម​លោក​ខាង​លិច​ជឿថា​ មាន​តែ​អ្នកជំងឺ​ទេ ដែល​គួរ​តែ​ពាក់​ម៉ាស់​ ព្រោះ​អ្នក​ទាំង​នោះ​អាច​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ ចំណែក​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​គួរ​ពាក់​ម៉ាស់ទេ»។

មនុស្សម្នា​រង់ចាំ​ពិនិត្យ​រក​មើល​មេរោគ​កូរ៉ូណា​នៅ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​រហ័ស​ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
មនុស្សម្នា​រង់ចាំ​ពិនិត្យ​រក​មើល​មេរោគ​កូរ៉ូណា​នៅ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​រហ័ស​ នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

អ្នក​ស្រី Fellner បាន​និយាយ​ថា ​គោល​នយោបាយ​ផ្លូវ​ការ​ស្តី​ពី​ការ​ពាក់​ម៉ាស់​មិន​ទាន់​មានភាព​ច្បាស់​លាស់​នៅ​ឡើយទេ ហើយ​អ្នក​ស្រី​នឹង​មិន​ពាក់​ម៉ាស់​ដើរ​លេង​ជិតៗផ្ទះឡើយ បើ​សិន​អ្នក​ស្រីមិន​ឈឺ។

លោក Ron Carver អាយុ 73 ឆ្នាំ ជាសការី​ម្នាក់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ ដែល​រស់​នៅ​ក្នុង​ក្រុង Takoma Park ​ក្នុង​រដ្ឋ​ Maryland ​ដែល​ធ្លាប់​បាន​ទៅ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ជា​អ្នកនិពន្ធ​សៀវភៅ «Waging Peace in Vietnam: U.S. Soldiers and Veterans who Opposed the War» បាន​និយាយ​ថា បើ​ទោះ​បី​ជា​លោក​មិន​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ដើរ​ជិតៗ​ផ្ទះ ក៏​លោកមិន​គិត​ថា​ការ​ពាក់​ម៉ាស់​ជា​រឿង​ចម្លែក​ដែរ។

អ្នកស្រី Fellner និង​លោក Carver បាន​និយាយ​ថា​ ពួក​គេ​នឹង​ពាក់​ម៉ាស់​នៅ​ពេល​ពួក​គេ​ទៅ​ផ្សារ​ទិញ​ទំនិញ ឬ​ទៅ​កន្លែង​ផ្សេង​ទៀត ដែល​ពួក​គេ​នៅ​ក្បែរ​មនុស្ស​ម្នា ហើយ​ថា ​ពួក​គេ​មិន​ដឹង​ជា​អាច​រក​ទិញ​ម៉ាស់​បាន​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ដោយ​សារ​តែការ​ផ្គត់​ផ្គង់​ម៉ាស់​កំពុង​មាន​ការ​ខ្វះ​ខាត​នៅ​ទូទាំង​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG