ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន ​អះអាង​ថា ​កម្ពុជា​មិន​មាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃលោកប្រធានាធិបតីចិន Xi Jinping មុនកិច្ចជំនួបមួយនៅវិមានរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃលោកប្រធានាធិបតីចិន Xi Jinping មុនកិច្ចជំនួបមួយនៅវិមានរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

មេដឹកនាំ​កម្ពុជា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​បាន​ប្រកាស​ប្រាប់​មហាជន​ខ្មែរ​ថា​ ​កម្ពុជា​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​ទ័ព​បរទេស​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ។

ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​ ​កើត​មាន​ឡើង​ ​ក្រោយ​ពី​មាន​ការ​ចុះផ្សាយអត្ថបទ​ដោយ​សារ​ព័ត៌មាន​តាម​បណ្តាញ​អ៊ីន​ធឺណិត​ ​Asia Times​ ​ដែល​ចោទ​ថា​ កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាង​សង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយ​ នៅ​ក្នុង​ខេត្ត​កោះកុង​ ​ដែល​ទំនង​ជា​មាន​គោលដៅ​សម្រាប់​បម្រើ​ដល់​សកម្ម​ភាព​នាវាចរណ៍​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។​ ការ​សាងសង់​កំពង់ផែ​នោះ កំពុង​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ​ ​Union Development Group​ (UDG)។​

ថ្លែង​នៅ​ក្នុង​អង្គប្រជុំ​គណៈរដ្ឋ​មន្ត្រី​នា​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ ហ៊ុន សែន​ ​មាន​ប្រសាសន៍ ​ច្រានចោល​សេចក្តី​រាយការណ៍​នានា​ដែល​ចោទ​ថា​ កម្ពុជា​អាចជា​ទីតាំង​សម្រាប់​ការ​ដាក់​មូលដ្ឋាន​កងទ័ព​បរទេស។​

លោក​ថ្លែងថា៖​

«​ខ្ញុំ​សុំ​បញ្ជាក់​សារ​ជាថ្មី​ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ មិន​ថា ​ជើង​ទឹក​ ជើង​គោក​ ឬ​ជើង​អាកាស​នោះ​ទេ។ យើង​ទាត់​ចោល​នូវ​ព័ត៌មាន​ទាំងឡាយ​ ដែល​បំភ្លៃ​នូវការណ៍​ពិត។ ​ហើយ​យើង​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ ហើយ​ខ្ញុំ​នឹង​ធ្វើ​លិខិត​ជូន​ទៅ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence​ ដើម្បីឲ្យ​គាត់​ច្បាស់​ ​អំពី​បញ្ហា​នេះ»។​

សេចក្តី​រាយការណ៍​របស់​ ​Asia Times​ ​ក៏​បាន​លើកឡើង​ថា​ លោក​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Mike Pence​ ត្រូវ​គេ​រំពឹង​ថា​ លោក​នឹង​លើក​ឡើង​អំពី​ការ​លេច​ឡើង​នូវ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នានា​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក​ ដែល​ការណ៍​នេះ​ អាច​នឹង​ដាក់​ទី​ក្រុង​ភ្នំពេញ​ឲ្យ​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ភាព​តានតឹង​នៃ​ការ​ប្រជែង​អំណាច​ដែល​កំពុង​កើន​ឡើង​ខ្លាំង​រវាង​ប្រទេស​មហាអំណាច។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​បញ្ជាក់​ថា​ ​កម្ពុជា​មាន​កងទ័ព​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​ការពារ​អធិបតេយ្យភាព​ជាតិ​ខ្លួន​ ហើយ​កម្ពុជា​ ​ក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស​យក​កម្ពុជា​ជាទី​តាំង​វាយ​ប្រយុទ្ធ​គ្នា​ផង​ដែរ។​

«ខ្ញុំ​អត់​ត្រូវ​ការ​ឲ្យ​បរទេស​ មក​វាយ​គ្នា​នៅលើ​ទឹកដី​កម្ពុជា​ទេ​ សុំ​កុំ​យក​កម្ពុជា​ធ្វើជា​ទីលាន​សាកល្បង​ មនោគមន៍​វិជ្ជា​ក្តី​ ឬអាវុធ​ក្តី​ឲ្យសោះ»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយពី​មន្ត្រីស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ទាក់ទិនខ្លឹមសារ​លិខិត​របស់​លោក​អនុប្រធានាធិបតី​ Mike Pence​ ​ដែលបាន​ផ្ញើជូន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោកហ៊ុន សែន​ តែ​មិន​មាន​ការ​ឆ្លើយតប​នៅឡើយទេនៅថ្ងៃ​ច័ន្ទនេះ។​

យ៉ាងណា​ក៏​ដោយ​ ​សេចក្តី​ប្រកាស​របស់ក្រសួង​ការបរទេស​កម្ពុជា​មួយ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​ បាន​បញ្ជាក់​ឲ្យដឹងថា​ លោក​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​ឧបនាយករដ្ឋ​មន្ត្រី​មួយ​រូបផង​នោះ​ បានប្រាប់​លោក​ ​John Sullivan​ ​អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ថា កម្ពុជា​មិនបាន​បើកផ្លូវ​ឲ្យ​ប្រទេស​ចិន​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា៖​

«​ចំពោះ​បញ្ហា​ទាក់​ទង​នឹង​ព័ត៌មាន​ស្តីពី​ការ​រៀបចំ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​តំបន់​សមុទ្រ​កម្ពុជា​នោះ ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រីបានលើក​ឡើងថា​ នេះ​គឺ​ជាពាក្យ​ចចាម​អារាម​ដែល​កើត​ចេញ​ពីការ​កើន​ឡើង​នៃ​ទំហំ​វិនិយោគ​របស់​ចិន​នៅ​តំបន់​នោះ»។​

សេចក្តីប្រកាស​ដដែល​បាន​បន្ថែម​ថា៖​

«រដ្ឋធម្មនុញ្ញ​កម្ពុជា​ មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ឡើយ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ ដូចជា​ ការ​បញ្ជូន​កងទ័ព​យើង​ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​មិន​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ឡើយ»។​

រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)
រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)

ការថែ្លង​បញ្ជាក់​របស់​លោក​ប្រាក់​ សុខុន​ ​បាន​ធ្វើឡើង​ ​ក្រោយលោក​ ​John Sullivan​ ​បាន​លើកឡើង​ថា​ បញ្ហា​ជាក្តី​កង្វល់​ធំបំផុត​នៅពេល​នេះ​ គឺ​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ដែល​បាន​លើកឡើង​ថា​ នឹង​មាន​មូល​ដ្ឋាន​យោធា​បរទេស​នៅកម្ពុជា។​ ​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ John Sullivan បាន​បញ្ជាក់​ថា​ «បើ​មាន​រឿង​បែបនេះ​កើតឡើង​មែន​នោះ​ វា​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​ទេ្វភាគី»។​

ក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃច័ន្ទ​ដដែល​នេះ​ លោក​ហ៊ុន សែន​ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក​ ​William Heidt​ ​ដែល​ជិត​បញ្ចប់​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា។​ ​លោក​ ​ហ៊ុន សែន​ ​មានការ​ស្ទាក់ស្ទើរ​ចិត្ត​ថា​ ​លោក​គួរតែ​និយាយ​ពី​បញ្ហា​មូលដ្ឋាន​ទ័ព​បរទេស​នេះ​ជាមួយ​លោក​ William Heidt ​ឬយ៉ាងណា​នោះ។

ក្នុង​អត្ថបទ​ដែល​ចេញ​ផ្សាយ​តាម​បណ្តាញ​អ៊ីនធឺណិត​ កាសែត​ Asia Times​ បាន​លើក​ឡើង​ពី​អ្នក​វិភាគ​ជា​ច្រើន​ដែល​អះអាង​ថា​ កំពង់ផែ​ថ្មី​កោះកុង​ (Koh Kong New Port)​ ដែល​ជា​កំពង់ផែ​ទឹក​ជ្រៅ​នោះ ​គឺ​ធំ​គ្រប់គ្រាន់​សម្រាប់​ទទួល​នាវា​ចម្បាំង​ និង​នាវា​ប្រដេញ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​មាន​សក្តានុពល​ ​និង​កប៉ាល់​ធំៗ​ផ្សេង​ទៀត​របស់​កងទ័ព​ជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។​

កាល​ពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍​ Tianjin Union​ ​របស់​ចិន​ដែល​គេ​ស្គាល់​ថា​ ជាក្រុមហ៊ុន UDG​ ​និង​កំពុង​សង់​កំពង់ផែ​ទឹក​ជ្រៅ​នោះ​ ​ត្រូវ​បាន​ផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹក​ប្រាក់ត្រឹម​តែ​៣០​ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ។​

​គម្រោង​របស់​ក្រុមហ៊ុន​ UDG ដែល​គេជឿ​ថា​ ជា​ ​«គម្រោង​សាកល្បង»​ ​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​សរុប​៣.៨០០​លាន​ដុល្លារ ដើម្បី​សាងសង់​កំពង់​ផែ​ថ្មីមួយ​នៅខេត្តកោះកុង​ និង​អាកាសយានដ្ឋាន​ រួម​ទាំង​គម្រោង​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត។​

គម្រោង​នេះ​កំពុង​ត្រូវ​បាន​សាងសង់​លើ​ដី​កម្ពុជា​ទំហំ​៤៥.០០០ ហិកតា ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កោះកុង​ គឺ​ស្រុក​គិរីសាគរ​ និង​បទុមសាគរ​ ដែលស្ថិត​នៅ​ចំ​កណ្តាល​សួន​ឧទ្យានជាតិ​បទុមសាគរ​ក្នុង​ខេត្ត​កោះកុង​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ក្រោម​ឈ្មោះថា «មហិច្ឆតា​ក្រសោប​យក​៖ បែប​ផែន​នៃ ​ការ​វិនិយោគ​លើ​គម្រោង​កំពង់​ផែ​ដោយ​ចិន​ កំពុង​តែ​ប្រែ​ផ្លាស់​យុទ្ធសាស្រ្ត​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក» ដោយ​អង្គការ​ស្រាវជ្រាវ​មិន​ស្វែង​រក​ប្រាក់​ចំណេញ C4ADS ​ដែល​ចេញផ្សាយ​កាលពីខែ​មេសា​ ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​ជាន់​ខ្ពស់​ផ្នែក​ការពារ​ជាតិ​ ​(Center for Advanced Defense Studies)​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​ថា «តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន​ ​UDG​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​ ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ការ​យុទ្ធសាស្ត្រ​សន្តិសុខ​ ​និង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​ នៅ​ក្នុង​តំបន់​ចុង​បូព៌ា ​ដូចយ៉ាង ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​ [Belt and Road Initiative]​ ​ជាដើម»។​

មួយ​ភាគ​ធំ​នៃ​ការ​វិនិយោគ​ទាំង​នេះ​ ត្រូវ​បាន​ជំរុញ​ដោយ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន ដែល​នឹង​មាន​ការ​សាងសង់​ផ្លូវ​ ស្ពាន​ ផ្លូវដែក​ និង​រោងចក្រ​ថាមពល​ក្នុង​ប្រទេស​ជាង​ ៧០ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​នៅ​លើ​ពិភពលោក​ឲ្យ​បាន​ជា​ប្រយោជន៍​របស់​ចិន។​

ចិន​ដោយត្រូវ​បាន​ឲ្យ​ឈ្មោះ​ថា​ជា ​ការ​ជំរុញ «ឈ្នះ​ ឈ្នះ» របស់​ចិន​ ដើម្បី​បង្កើត​ឱកាស​សេដ្ឋកិច្ច​នៅ​អាស៊ី និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​ការ​វិនិយោគ​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដូច​ជា​ កំពង់ផែ​ទឹកជ្រៅ កំពុង​តែ​ប្រឈម​នឹង​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​ឡើង។​

អ្នកវិភាគ​មួយ​ចំនួន «អះ​អាង​ថា ​គោលដៅ​ចម្បង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ ​ប្រមូលផ្តុំ​គ្រឿង​ ​ដោះ​ដូរ​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ដោយ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន»។​ ​នេះ​បើយោង​ទៅ​តាម​របាយការណ៍​ឆ្នាំ​២០១៧​ របស់​អង្គការ​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់​ចំណេញ C4ADS។​

គម្រោង​ផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​នៅ​ក្នុង​ដែន​ទឹក​ ក្រោម​ឈ្មោះ​ថា​ ស្រឡាយ​ខ្សែគុជ (String of Pearls) នៅ​តាម​តំបន់​ឆ្នេរ​នានា​នៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ជា​វិធានការ​ «ដើម្បី​បង្កើត​ជា​មូល​ដ្ឋាន​ទ័ព​យោធា​ជាក់​សែ្តង​សម្រាប់​កង​កម្លាំង​យោធា​ចិន»។ នេះបើ​យោង​ទៅ​តាម​របាយ​ការណ៍​ដដែល​របស់​អង្គការ ​C4ADS។​

របាយការណ៍​នេះ​បាន​បន្ត​ថា​ ស្រប​ពេល​ដែល​ការសិក្សា​បាន​រកឃើញ​ថា «កំពង់ផែ​ទាំង​នោះខ្វះខាត​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ ដើម្បី​ទ្រទ្រង់​សង្គ្រាម​ជាធម្មតា​មួយ» ហើយ​ថា «ការ​រកឃើញ​នេះ​មិន​លុប​បំបាត់​នូវ​ការ​ភ័យ​ខ្លាច​ ដែល​ថា​ ចិន​កំពុង​ព្យាយាម​ប្រើ​ប្រាស់​កំពង់​ផែ​ពាណិជ្ជកម្ម​ ដើម្បី​ធ្វើ​ជា​ គោលដៅ​ទ្រទ្រង់​ការដឹក​ជញ្ជូន​សម្រាប់​កង​ល្បាត​ជើង​ទឹក​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោក​ ​Wang Dexin​ ​ប្រធាន​ផ្នែក​កិច្ចការ​នយោបាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​នៅថ្ងៃ​ច័ន្ទ​នេះ។​

​ដោយឡែក​ ចិន​កាន់កាប់​ជិត​ពាក់​កណ្តាល​នៃ​បំណុល​បរទេស​ចំនួន ​៦ពាន់លាន​ដុល្លារ​របស់​កម្ពុជា ហើយ​ជា​ដៃ​គូពាណិជ្ជកម្ម​ធំ​ជាង​គេ​បង្អស់​មួយ​របស់​កម្ពុជា​ផងដែរ។ ការ​វិនិយោគ​របស់​ចិន​កំពុង​តែ​ប្រែផ្លាស់​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុជា ​និង​វិស័យ​ល្បែង​ស៊ីសង ​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ។​

ក្រៅ​ពីភាព​ជាម្ចាស់​បំណុលរបស់​កម្ពុជា​ និង​ជា​អ្នកវិនិយោគ​ដ៏ធំមួយ​របស់​កម្ពុជា​នោះ​ ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ ក៏​បាន​មើល​ឃើញ​ពី​ការ​ផ្តល់​ជំនួយ​ខាង​ហិរញ្ញវត្ថុ​ និង​យោធា​មក​ដល់​កម្ពុជា​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​

នាយ​ឧត្តម​សេនីយ៍​ឈុំ​ សុជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទនេះ​ថា​ នឹង​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា​ និង​ចិន​ តាម​រយៈ «លំហាត់​យោធា​នាគមាស» នៅខែមីនា​ ឆ្នាំ​២០១៩​ខាង​មុខនេះ។ លោក​មិន​អាច​បញ្ជាក់​បានទេ​ថា​ នឹង​មាន​ការ​ចាប់​ផ្តើមឡើង​វិញ​នៃ​លំហាត់​យោធា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក តែ​លោក​ថា​ លំហាត់​យោធា​ចិន​កម្ពុជា​នាពេល​ខាងមុខ​នោះ​ អាច​នឹង​ធំជាង​មុន​ទៀត​ផង។​

«ប្រហែល​ធំ​ហើយ​ ព្រោះ​យើង​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​ យើង​មាន​ចំនួន​កាន់​តែច្រើន​ឡើងៗ​ មាន​បទ​ពិសោធន៍​បច្ចេកទេស​អីក៏ច្រើន​ជាង​មុន​ កំណត់​ថ្ងៃមុន​ យើង​កំណត់​ដូច​ជា​ថ្ងៃ​ ខែមីនា​ ឆ្នាំ​...ឆ្នាំ​២០១៩​ អាហ្នឹង​លើក​ទីបី។ ដោយឡែក​អាមេរិកាំង​ ខ្ញុំ​អត់​ទាន់​បាន​ដំណឹង​ទេនែ៎»។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ដោយ​បាន​លើកឡើង​ថា​ សារព័ត៌មាន​បរទេស​មួយ​ចំនួន​ បាន​ចម្លង​គ្នា​ ផ្សព្វផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​ថា​ ប្រទេស​ដទៃ​មានបំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​មូលដ្ឋាន​យោធា​ សំចត​នាវា​ចម្បាំង​ ហើយ​កម្ពុជា​ កំពុង​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃសង្គ្រាម​ត្រជាក់​រវាង​ចិន​ និង​អាមេរិក​ជាដើម។​

សេចក្តី​ថ្លែង​ការណ៍​បាន​ទាត់​ចោល​ព័ត៌មាន​ទាំងនោះ​ ដោយ​បាន​បញ្ជាក់​ថា៖​

​«នេះ​គា្រន់​តែជា​ដំណឹង​ក្លែងក្លាយ​ (Fake News) ​ដែល​ក្រុម​ប្រទេស​មួយ​ចំនួន​ ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មក​លើកម្ពុជា​ក្នុង​ចេតនា​អាក្រក់​ ញុះញង់​ ដើម្បី​បំភាន់​សាធារណជន​ជាតិ​ អន្តរជាតិ​ និង​ជា​ចេតនា​បំផ្លាញ​ដល់​ឯករាជ្យ​ ភាព​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ»៕

XS
SM
MD
LG