នាង Mariatu Sesay បើកហាងកាហ្វេតាមផ្លូវតូចមួយនៅជាយក្រុង Freetown។ ប៉ុន្តែហាងកាហ្វេនេះមិនមែនត្រឹមតែជាកន្លែងសម្រាប់ទិញភេសជ្ជៈ ឬអាហារក្តៅៗញ៉ាំប៉ុណ្ណោះទេ។
នាង Sesay ចំណាយពេលវេលាស្ទើរតែទាំងអស់របស់នាង បណ្តុះបណ្តាលពួកអ្នករកស៊ីផ្លូវភេទដែលចង់រៀនធ្វើម្ហូប និងធ្វើការរកស៊ីតិចតួច។
នាង Sesay និយាយថា នាងបានជួយស្ត្រីចំនួន៤៧នាក់ឲ្យចេញផុតពីឧស្សាហកម្មផ្លូវភេទ។
«ខ្ញុំមានចំណង់ចំណូលចិត្តលើការងារនេះ តាំងពីខ្ញុំអាយុ៧ឆ្នាំមកម្ល៉េះ។ ខ្ញុំធ្លាប់ឃើញមនុស្សស្រីរកស៊ីផ្លូវភេទ ពួកគេធ្លាប់ចូលមកតំបន់នេះ។ ពួកគេមកលាងសម្អាតរបស់របរពួកគេ និងទុករបស់របរពួកគេចោលនៅទីនេះ។ ពេលខ្លះខ្ញុំឃើញប្រុសៗនៅតាមឆ្នេរធ្លាប់វាយធ្វើបាបទារប្រាក់ពីពួកគេ»។
នាង Sesay ក៏មានរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាងផងដែរ។ ក្នុងសម័យសង្គ្រាមស៊ីវិលរយៈពេល១១ឆ្នាំក្នុងប្រទេសសៀរ៉ាឡែអូន ក្រុមឧទ្ទាមបានសម្លាប់ឪពុកម្តាយរបស់នាងនិងបានចាប់ខ្លួននាង។ ពេលនោះនាងមានអាយុ១១ឆ្នាំ និងត្រូវបានគេបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ។ សង្គ្រាមស៊ីវិលនេះបានបញ្ចប់នៅក្នុងឆ្នាំ២០០២ ហើយនៅទីបញ្ចប់នាងក៏បានទៅរៀន។
ក៏ប៉ុន្តែអ្នកផ្សេងទៀតប្រហែលជាមិនមានសំណាងដូចនាងនោះទេ។ ក្មេងស្រីជាច្រើនបានក្លាយជាក្មេងកំព្រា រស់នៅតាមផ្លូវយ៉ាងត្រដាបត្រដួស បន្ទាប់ពីសង្គ្រាមស៊ីវិលចប់។
នេះជាមូលហេតុមួយដែលបង្កឲ្យមានសេវាកម្មផ្លូវភេទកើតឡើងច្រើននៅក្នុងប្រទេសសៀរ៉ាឡែអូន។
គេប៉ាន់ស្មានថា អាចមានស្ត្រីរកស៊ីផ្លូវភេទរហូតដល់ទៅ៣០០.០០០នាក់នៅក្នុងប្រទេសសៀរ៉ាឡែអូន នេះបើយោងតាមតួលេខឆ្នាំ២០១៣ របស់លេខាធិការដ្ឋានជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ទោះជាយ៉ាងណា គេជឿថា ចំនួននេះបានកើនឡើង ដោយសារតែការរីករាលដាលនៃជំងឺអេបូឡា និងបានបញ្ចប់នៅក្នុងឆ្នាំ២០១៦។
នាងJulie Sesay មិនមែនជាសាច់ញាតិរបស់នាង Mariatu Sesay នោះទេ។ នាងគឺជាប្រធានកម្មវិធីរបស់អង្គការ Advocaid ដែលជាអង្គការជំនួយផ្លូវច្បាប់ជួយដល់ស្ត្រីងាយរងគ្រោះ។ នាង Julie Sesay បាននិយាយថា៖
«ការកើនឡើងនេះគឺដោយសារតែគ្រួសារជាច្រើនបានបាត់បង់ឪពុកម្តាយ ហើយបន្ទាប់ពីបាត់បង់ឪពុកម្តាយ ឬបាត់បង់ឪពុក ឬម្តាយមកធ្វើឲ្យគ្រួសារពួកគេជួបនឹងភាពក្រីក្រ។ នៅពេលភាពក្រីក្រមានកាន់តែច្រើន និងមិនបានរៀនសូត្រផងនោះ តើអ្នករំពឹងថាក្មេងស្រីទាំងនោះអាចធ្វើបាន? ពួកគេមានតែបង្ខំចិត្តរកស៊ីលក់ផ្លូវភេទ»។
ច្បាប់របស់ប្រទេសសៀរ៉ាឡែអូននៅមានភាពមិនច្បាស់លើបញ្ហាស្ត្រីលក់សេវាកម្មផ្លូវភេទ។ ការលក់សេវាកម្មផ្លូវភេទមិនមែនជារឿងខុសច្បាប់នោះទេ។
នាង Julie Sesay និយាយថា ស្ត្រីលក់សេវាកម្មផ្លូវភេទត្រូវបានចាប់ខ្លួនដោយសារបទល្មើសដូចជាការដណ្តើមម៉ូយគ្នានៅតាមផ្លូវជាដើម។ ពួកគេត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារពួកគេលក់សេវាកម្មផ្លូវភេទនៅតាមកន្លែងសាធារណៈ។
យោងតាមអង្គការ Advocaid បានឲ្យដឹងថា ស្ត្រីរកស៊ីផ្លូវភេទកម្រត្រូវបានកាត់ទោសលើបទចោទដូចខាងលើនេះណាស់ ហើយរដ្ឋបានខ្ចះខ្ចាយធនធានជាច្រើន។
អ្នកលក់សេវាកម្មផ្លូវភេទម្នាក់នៅក្នុងក្រុង Freetown ដែលបានស្នើសុំឲ្យ VOA មិនបញ្ចេញឈ្មោះដោយសារតែការមើលងាយពីអ្នកដទៃ បានពណ៌នាការចាប់ខ្លួននាពេលថ្មីៗរបស់នាង។
ស្ត្រីម្នាក់នោះបាននិយាយថា នាងបានរស់នៅជាមួយនឹងម្តាយមីង ដែលតែងតែរំលោភបំពានលើរូបនាង ដូច្នេះនាងបានរត់គេចខ្លួននិងបានចាប់ផ្តើមរកស៊ីផ្លូវភេទ។ នាងត្រូវបានចាប់ខ្លួនដោយសារតែការដណ្តើមម៉ូយគ្នានៅតាមផ្លូវ។ នាងនិយាយថា ប៉ូលិសបានវាយនាង ហើយនៅពេលនាងមិនមានប្រាក់ធានាឲ្យនៅក្រៅឃុំ ពួកគេទាមទារឲ្យនាងរួមភេទជាមួយពួកគេ។ នាងបានបដិសេធ ហើយនាងត្រូវបានគេចាប់ឃុំឃាំងរយៈពេល១ខែ រហូតទាល់តែអង្គការ Advocaid ជួយអន្តរាគមន៍ និងជួយឲ្យមានការដោះលែងនាង។
អង្គការ Advocaid និយាយថា នេះជាដំណើររឿងទូទៅមួយ ដែលអង្គការនេះបានកត់សម្គាល់នៅក្នុងភាពយន្តឯកសាររបស់ពួកគេនាពេលថ្មីៗនេះ។
ប៉ូលិសបានប្រាប់ VOA ថា ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់ទាំងនេះ។
លោក Ibrahim Samura ជាមន្ត្រីទំនាក់ទំនងសាធារណៈសម្រាប់ស្នងការប៉ូលិសសៀរ៉ាឡែអូនបានថ្លែងថា៖
«វាជាតួនាទីរបស់ពួកយើងក្នុងការពិនិត្យមើលការចោទប្រកាន់ទាំងនេះ ហើយវាក៏ជាតួនាទីរបស់ពួកយើងក្នុងការធ្វើឲ្យពួកគេដឹងថា នឹងមានការចាត់វិធានការនានា ប្រសិនបើប៉ូលិសត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ខាងលើនេះ»។
ខណៈពេលនេះ ហាងកាហ្វេតាមផ្លូវរបស់នាង Mariatu Sesay មានលក់ស្រាបៀរម៉ាក Star សម្រាប់អតិថិជន ដោយមានជំនួយពីបុគ្គលិកបណ្តុះបណ្តាលម្នាក់របស់នាងដែលមានឈ្មោះថា Mary Aruna។ នាង Mary Aruna ជាអតីតស្ត្រីរកស៊ីផ្លូវភេទ។
ដោយនិយាយជាភាសាកំណើតរបស់នាង នាង Aruna និយាយថានាងបានរៀនសន្សំប្រាក់បានច្រើនជាងមុន ហើយនាងមានការជឿជាក់លើខ្លួននាងម្តងទៀតនៅពេលនេះ។
សម្រាប់នាង Mariatu Sesay វិញ នាងនឹងនៅតែជាមិត្តម្នាក់សម្រាប់ជួយដល់ស្ត្រីរកស៊ីផ្លូវភេទ និងបន្តលើកទឹកចិត្តដល់ពួកគេផងដែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ