ពីមួយខែទៅមួយខែ ចាប់តាំងពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ មុនពេលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ នេះ ចំណូលដែលបានមកពីអាជីវកម្មសិប្បកម្មរបស់អ្នកស្រី ឃុន ជីវ័ន បន្តដាំក្បាលចុះងើបមិនរួច។
ក្រោមសម្ពាធនៃការថយចុះប្រាក់ចំណូល ម្ចាស់សិប្បកម្ម វ័យ ៥៦ ឆ្នាំរូបនេះ គ្មានជម្រើសផ្សេងក្រៅតែពីការខ្ចីប្រាក់គេបន្ថែម ដែលធ្វើឲ្យបំណុលកាន់តែកើនឡើង។ សព្វថ្ងៃនេះ អ្នកស្រីជំពាក់ប្រាក់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣ ហើយត្រូវបង់សងវិញក្នុងចំនួនខុសគ្នាៗ ពីជាង ១០០ ដុល្លារ ទៅដល់ ៥០០ ដុល្លារ ក្នុងមួយខែៗ។
អ្នកស្រីនិយាយថា៖ «ខ្ចី យើងលក់អត់ដាច់ទៅ យើងខ្ចីយកមកបើកឱ្យកម្មករខ្លះ យើងញាំខ្លះទៅ»។
តូបសិប្បកម្មរបស់អ្នកស្រី ឃុន ជីវ័ន ដែលមានដាក់លក់កញ្ច្រែង កញ្ជើ និងរបស់របរផ្សេងទៀតធ្វើដោយដៃ ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្ត។ ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ ការលក់ដូររបស់អ្នកស្រីកាន់តែដុនដាបទៅ ដោយក្នុងសប្តាហ៍ខ្លះរកបានតែ ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈការចំណោយកាន់តែកើន មួយផ្នែកដោយសារតែតម្លៃប្រេងសាំងមិនថយចុះខ្លាំង។
ទោះជាប្រេងសាំងកើនខ្ពស់ក្តី អ្នកស្រី ឃុន ជីវ័ន មិនយល់ថា កត្តាប្រេងឡើងថ្លៃនេះ នាំឱ្យចំណូលអ្នកស្រីថយចុះទេ។ ក៏ប៉ុន្តែអ្នកស្រីកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរជាច្រើនពិបាករកប្រាក់ចំណូល។ ដូច្នេះ ពួកគេត្រូវកាត់បន្ថយការដើរកម្សាន្តនានា ដែលប៉ះពាល់ដល់របររបស់អ្នកស្រី ដែលពឹងផ្អែកខ្លាំងលើអ្នកទេសចរក្នុងស្រុកនិងក្រៅស្រុកផងដែរ។
អ្នកស្រីបានប្រាប់វីអូអេ កាលពីពាក់កណ្តាលខែកក្កដាថា៖ «វាមិនដឹងម៉េច ព្រោះខ្ញុំមិនបានគិតរឿងអញ្ចុះទេ គិតថាម្នាក់ៗរកថវិកាមិនបាន អីមិនបានទៅ គ្នាដូចថា យើងរកអញ្ចេះក៏វាអត់ដែរ ហើយគ្នាអ្នករកលុយដើរលេងក៏វាអត់ដូចតែគ្នាតើ! ក៏យើងឯណេះក៏អន់ចុះ»។
វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបបានដួលរលំក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយសារការវាយប្រហារពីជំងឺឆ្លងរាតត្បាតកូវីដ១៩ ស្របពេលដែលអត្រាភាពក្រីក្រនៅកម្ពុជាបានកើនដល់ ១៨ ភាគរយ កាលពីចុងឆ្នាំ ២០២១។ មកទល់សព្វថ្ងៃនេះ អ្នកដែលមានរបរពឹងផ្អែកលើទេសចរណ៍ក្នុងខេត្តសៀមរាប មិនទាន់អាចរកចំណូលបានច្រើន ដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ១៩ នៅឡើយទេ។
អ្នករត់ម៉ូតូកង់បីក្នុងក្រុងសៀមរាប លោក ស៊ុម វុត្ថា បានប្រាប់វីអូអេថា៖ «សព្វថ្ងៃ មុខរបរវិស័យទេសចរណ៍ធ្លាក់ចុះទាល់តែមែនទែន បញ្ហាជីវភាពប្រជាពលរដ្ឋ ហើយនិងកំណើនទេសចរណ៍ដូចជាមិនទាន់បានដល់ ២០ ភាគរយទេ ទោះបីថារដ្ឋាភិបាលប្រកាសឱ្យទេសចរណ៍មក ប៉ុន្តែក៏នៅតែមិនទាន់មានឃើញមកដដែល»។
លោកក៏បានលើកឡើងបន្ថែមថា វិបត្តិធំៗនៅក្រៅប្រទេស ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងផ្សេងៗទៀតក្នុងតំបន់ ក៏នឹងបន្តធ្វើឱ្យមានភាពយឺតយ៉ាវនៃការមកដល់របស់ភ្ញៀវទេសចរក្នុងខេត្តសៀមរាបផងដែរ។
លោកបានថ្លែងថា៖ «បន្ទាប់ពីបញ្ហាកូវីដមក ក៏នៅមានបញ្ហាសង្គ្រាមបញ្ហាសេដ្ឋកិច្ច បញ្ហាអីហ្នឹង គឺមិនទាន់មានស្តារឡើងវិញអស់ទេ។ អ៊ីចឹងអ្នកដែលរងគ្រោះដូចជាប្រទេសដែលកំពុងតែអភិវឌ្ឍហ្នឹង គឺរងគ្រោះជាង។ ហើយបញ្ហាជីវភាពប្រជាពលរដ្ឋរឹតតែធ្លាក់ចុះ»។
បើតាមលោក ស៊ុម វុត្ថា នៅមុនពេលមិនទាន់មានការឆ្លងជំងឺកូវីដ១៩ លោកអាចរកចំណូលបានប្រមាណបួនម៉ឺនរៀល ក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ន បើទោះបីជំងឺកូវីដ១៩ ចុះថយខ្លាំងក្តី ក៏ចំណូលជាប្រចាំថ្ងៃរបស់លោកនៅតែធ្លាក់ចុះ ក្រោមហេតុផលប្រេងសាំងឡើងថ្លៃ ហើយចំនួនភ្ញៀវទេសចរមកកម្សាន្តខេត្តសៀមរាប ក៏នៅតែមានចំនួនតិច គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មកនោះ។
លោកបានលើកឡើងទៀតថា សព្វថ្ងៃនេះ លោករកចំណូលបានត្រឹមមួយរស់ៗ។ ដូច្នេះលោកពិបាកនឹងបរិយាយនៃប្រាក់ចំណូលដែលលោកអាចរកបានក្នុងមួយថ្ងៃៗ។
លោកបានរៀបរាប់ថា៖ «គឺមិនអាចនិយាយចេញទេ ដោយសារអី? ដោយសារវា ចំណូលយើងធ្លាក់ចុះការចំណាយនៅលើទីផ្សារ អ្វីៗគឺថ្លៃទាំងអស់។ អ៊ីចឹង បានន័យថា អត់មានអ្វីដែលត្រូវ និយាយហើយនិងដោះស្រាយជីវភាពទេ មានតែថា គឺថារកមួយថ្ងៃ ហូបមួយថ្ងៃទេ ស៊ឹងថាមិនគ្រប់ផង»។
អ្នករត់ម៉ូតូកង់បីវ័យ ៤៦ ឆ្នាំរូបនេះ សំណូមពរឱ្យរដ្ឋាភិបាលគិតគូរបន្ធូរបន្ថយតម្លៃប្រេងឥន្ធនៈ ដែលអាចជួយទាញតម្លៃទំនិញនៅលើទីផ្សារថយចុះដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋឱ្យចាយតិចជាងមុនទាំងទៅលើអាហារហូបចុក និងរបស់របរប្រើប្រាស់ផ្សេងទៀត។
នៅក្បែរប្រាសាទអង្គរវត្ត អាជីវករមួយចំនួនត្អូញត្អែរអំពីការធ្លាក់ចុះចំណូល ព្រោះតែការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបច្ចុប្បន្ននៅតែមានតម្លៃជាង ៤.៥០០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា។
ដោយឡែកលោក ហួន ចន្ទ្រា វ័យ ៤៤ ឆ្នាំ អាជីវករក្នុងសង្កាត់គោកចក ក្រុងសៀមរាបបានប្រាប់វីអូអេ កាលពីពាក់កណ្តាលខែកក្កដា ថា អាជីវកម្មលក់ម្ហូបអាហារ និងគ្រឿងភេសជ្ជៈទាំងមូលរបស់លោក មិនទាន់រងផលប៉ះពាល់ខ្លាំងនៅឡើយ ពីការកើនឡើងថ្លៃប្រេងសាំងនៅឡើយទេ។ ក៏ប៉ុន្តែចំណូលប្រចាំថ្ងៃរបស់លោកកំពុងចាប់ផ្តើមរួមតូច ហើយលោកត្រូវកាត់បន្ថយចំណាយ។
លោកបានថ្លែងថា៖ «កាត់បន្ថយច្រើន កាត់បន្ថយត្រង់ថា។ ទី ១ យើងចំណាយលើសាំង ពីមុនយើងចាក់សាំងពីលីត្រអស់តែ ៦០០០ [រៀល] ដល់ឥឡូវ ពីរលីត្រ វាឡើងមួយម៉ឺន[រៀល]ជាង។ ហើយទំនិញទីផ្សារ វាឡើងថ្លៃដែរ គ្រាន់តែថាវាឡើងថ្លៃ យើងអាចទទួលយកបាន មួយមុខវាឡើងបន្តិច។ អ៊ីចឹង យើងធ្លាក់ចំណូល។ ចំណូលយើងធ្លាប់បានមួយខែ ៥០០ [ដុល្លារ] អ៊ីចឹង។ ឥឡូវហ្នឹង វាអាចថយនៅ ៣០០ [ ដុល្លារ] ជាង។ អ៊ីចឹង យើងបាត់បង់អស់ខ្លះ»។
ចំណែកលោក ណា ប្រុស ក៏មានបទពិសោធន៍ស្រដៀងគ្នានឹងលោក ហួន ចន្ទ្រា ដែរ ដោយសារចំណូលប្រចាំថ្ងៃធ្លាក់ចុះ គិតចាប់តាំងពីពេលដែលប្រេងឥន្ធនៈ កើនឡើងខ្ពស់ក្នុងរយៈពេលជាងប្រាំខែចុងក្រោយនេះ។ អាជីករលក់ដូរនៅមុខមន្ទីរពេទ្យកុមារអង្គរក្នុងក្រុងសៀមរាបរូបនេះ បានរៀបរាប់ថា តម្លៃប្រេងឡើងខ្ពស់ ធ្វើឱ្យអាណាព្យាបាលពិបាកធ្វើដំណើរនាំកូនមកព្យាបាលជំងឺ ជាហេតុនាំឲ្យចំណូលលោកធ្លាក់ចុះពាក់កណ្តាល។
លោកបានប្រាប់វីអូអេថា៖ «ក្នុងមួយថ្ងៃ បាន ៥០ ម៉ឺន[រៀល] ទៅ ៦០ ម៉ឺន[រៀល] ដល់ឥឡូវធ្លាក់នៅសល់ ៣០ ម៉ឺន ២០ [ម៉ឺនរៀល]ជាង»។
នៅឯស្រុកបន្ទាយស្រីវិញ ដែលជាទីរមណីដ្ឋានប្រាសាទបុរាណដ៏ពេញនិយមមួយដែរនោះ អាជីវករមួយចំនួន ក៏កំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដោយសារប្រាក់ចំណេញពីការលក់ដូរត្រូវខាតបង់ច្រើនផងដែរ។
លោក ឈុន ឆាន អាជីវករម្នាក់នៅស្រុកបន្ទាយស្រី បានប្រាប់វីអូអេថា៖ «កាលសាំងមិនទាន់ឡើង យើងអាចលក់ដាច់ជាងមុន ពីព្រោះសាំងមិនទាន់ឡើង គាត់អាចចាក់បន្តិចទៅ គាត់ឆ្លៀតអាលុយ មានតិចតួច គាត់ទិញរបស់របរហូបចឹងទៅ។ ដល់ពេលឥឡូវ សាំងឡើង គាត់ចាក់តែសាំង»។
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានវាយតម្លៃកន្លងមកថា វិបត្តិជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាជួបស្ថានភាពអាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ អំឡុងពេលកម្ពុជារងការវាយប្រហារខ្លាំង ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នេះ ប្រជាពលរដ្ឋដែលមានចំណូលពឹងលើវិស័យទេសចរណ៍រាប់ម៉ឺននាក់ បានបាត់បង់ការងារធ្វើ ហើយសណ្ឋាគារនៅជាង ៣.៦០០ ទីតាំង បានបិទទ្វារ។
សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជនលោក ហូ វណ្ណឌី បានប្រាប់វីអូអេ កាលពីថ្ងៃទី ៥ ខែកញ្ញា ថា ក្រោយការធូរស្រាលនៃវិបត្តិជំងឺឆ្លងកូវីដ១៩ ក្នុងប្រទេស អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍គួររង់ចាំស្ថានការណ៍នៅក្រៅប្រទេសមានភាពធូរស្រាល ពោល ដូចជាបញ្ហាតម្លៃប្រេងសាំងដែលកើនថ្លៃដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងបង្កផលប៉ះពាល់ជាអវិជ្ជមានលើប្រទេសសេដ្ឋកិច្ចតូចធំ តួយ៉ាង ចិន និងថៃជាដើម។
លោកបានថ្លែងថា៖ «ផលប៉ះពាល់នេះ វាមិនតែស្រុកយើងទេ។ និយាយរួមទៅមួយពិភពលោកទាំងមូល។ ហើយការប៉ះពាល់ទៅដល់ចំណូល នៅក្នុងក្រុមគ្រួសារទៀត មិនមែនតែវិស័យទេសចរណ៍ទេ វាប៉ះពាល់ទៅដល់ផ្នែកអីផ្សេងទៀតច្រើនណាស់នៅក្នុងប្រទេសនីមួយៗ។ កន្លងមក យើងឃើញហើយ សូម្បីវិស័យអចលនទ្រព្យក៏ប៉ះពាល់ខ្លាំងក្លា និងធ្ងន់ធ្ងរផងដែរ។ យើងមើលតែប្រទេសចិន ប៉ុន្មានក្រុមហ៊ុនហើយ ដែលជាក្រុមហ៊ុនយក្សត្រូវបានគេហៅថា មានហានិភ័យផ្នែកហ្នឹង។ ទន្ទឹមអាហ្នឹងនៅស្រុកថៃ ជាមួយនឹងវៀតណាម»។
លោកបន្ថែមថា៖ «និយាយរួមគឺការប្រើប្រាស់វិស័យទេសចរណ៍ ការផ្តល់សេវាកម្ម វាមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ។ ហើយការផ្តល់នូវសេវាកម្មនោះគឺមានតែភាគច្រើន គឺនៅក្នុងស្រុក រីឯក្រៅស្រុកវិញទៀតសោត យើងឃើញហើយថា ភាគច្រើនគឺគាត់ធ្វើដំណើរតាមផ្លូវអាកាស»។
អាស្រ័យលើហេតុផលទាំងអស់នេះ ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មពឹងផ្អែកលើវិស័យទេសចរណ៍រាប់ពាន់នាក់ ដូចជាអ្នកស្រី ឃុន ជីវ័ន ទំនងជានឹងបន្តទទួលអម្រែកជីវិតដែលរួតរឹតដោយបំណុលនេះតទៅទៀត៕